ផ្អាកសិល្បៈយ៉ាងតក់ក្រហល់ ស៊ិន សក្កដា ចាប់យកកិច្ចការងារ២សំខាន់ៗ
- 2020-04-02 03:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អាកសិល្បៈយ៉ាងតក់ក្រហល់ ស៊ិន សក្កដា ចាប់យកកិច្ចការងារ២សំខាន់ៗ
ចន្លោះមិនឃើញ
ដោយសារតែមានស្វាមី និងកូនប្រុសម្នាក់រួចហើយ ស៊ិន សក្កដា បានសម្រេចផ្អាកសិល្បៈភ្លាមៗ បើទោះជាស្វាមីមិនបានហាមប្រាមក៏ដោយ ហើយបច្ចុប្បន្ននាង បានងាកមកចាប់ការងារសំខាន់ៗចំនួន២ជាជំនួសវិញ ខណៈការងារសិល្បៈនាងមិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយ។
តួឯកស្រីរឿង "ហ្លួសព្រះស្ដេចកន" បានសម្រេចចិត្តដោយខ្លួនឯងក្នុងការចាកចេញពីសិល្បៈមួយរយៈធំមកហើយ ជាមួយហេតុផលថា ជាម្ដាយ ជាភរិយាមួយរូប នាងគួរតែមានពេលវេលាច្រើនជាងមុនសម្រាប់មនុស្សសំខាន់របស់នាងទាំងពីរនាក់។ សក្កដា លើកឡើងថា "មនុស្សទោះយ៉ាងណា នៅតែថ្លឹងប្ដី និងកូនធ្ងន់ជាងការងារជានិច្ច"។ ក្រោយការចាកចេញនេះ សក្កដា បានប្រែខ្លួនមកជាសហគ្រិនមួយរូប ដោយនាងបានងាកមកហក់ចូលប្រឡូកជំនួញវិញម្ដង។
បច្ចុប្បន្ន តារាស្រី គឺជាថៅកែស្រីនៃហាងកាហ្វេមួយកន្លែង យីហោ "បឹងបៃតងកាហ្វេ" នៅរមណីយដ្ឋានបឹងបៃតង និងក្បែរផ្សារបឹងបៃតង១។ ជំនួញនេះ នាងទើបបើកដំណើរការបានប៉ុន្មានខែប៉ុណ្ណោះ។ ជាមួយគ្នា នាងក៏បានញែកខ្លួន ទៅធ្វើការងារបន្ថែមមួយទៀត គឺនាងនៅធ្វើជាគ្រូបង្ហាត់សិល្បៈបូរាណដដែល។ នេះជាជំនាញដែលនាងស្រឡាញ់ជាយូរមកហើយ។
សក្កដា បញ្ជាក់ថា ការងារទាំងពីរនេះ បូករួមកាតព្វកិច្ចជាភរិយា និងម្ដាយគេផង ល្មមឲ្យនាងរវល់គ្រប់គ្រាន់ និងមិនសល់ពេលច្រើន ដើម្បីងាកទៅប្រឡូកសិល្បៈបានដូចមុនឡើយ។ បន្ថែមពីលើនេះ ការដុះដាលនៃសិល្បករជំនាន់ក្រោយនាងជាច្រើន ដែលសុទ្ធតែមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពល្អដែរនោះ ក៏ជាហេតុផលមួយដែរ ពោលគឺនាងចង់ឲ្យពួកគេទាំងនោះ មានឱកាសកាន់តែច្រើន។
ដោយឡែកខ្លួនឯង សក្កដា យល់ថា ល្មមដល់ពេលដល់នាងគួរតែងាកមកផ្លូវមួយផ្សេងទៀត។ ដូច្នេះហើយ នាងមិនច្បាស់ឡើយថា នាងនឹងបកទៅសិល្បៈវិញនៅពេលណា ក៏លែងបកក្រោយជារៀងរហូត ក៏មិនដឹងដែរ។ "យ៉ាងណា ការងារសិល្បៈ ខ្ញុំនៅតែស្រឡាញ់ពេញបេះដូង បើទោះជាឥឡូវមិនបានរួមចំណែកដូចមុនដោយផ្ទាល់ក៏ដោយ"។
ស៊ិន សក្កដា ទើបធ្លាយដំណឹងថ្មីៗថា នាងមានស្វាមី និងកូនប្រុសម្នាក់ ក្រោយពីនាងបានបាត់មុខឈឹងពីសិល្បៈមួយរយៈធំ។ នាងថា បានចុះលិខិតអាពាហ៍ពិពាហ៍ជាមួយគ្នារួចរាល់ ដោយឡែកពិធីជ័យនាង នឹងមិនចោលដូចគ្នា ហើយថា ពិធីនោះ ទំនងជាអាចកើតមានក្រោយពីនាងបញ្ចប់ការសាងសង់ផ្ទះរួចរាល់៕