Zoom ពឹងអតីតប្រធានសន្តិសុខរបស់ Facebook ឲ្យជួយ

  • 2020-04-09 08:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Alex Stamos ដែល​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​​ផ្នែក​សន្តិសុខ​នៅ​ Facebook បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​ការ​ជា​មួយ Zoom ក្នុង​នាម​ជា​​អ្នក​ផ្ដល់​យោបល់​ពី​ក្រៅ ដើម្បី​ជួយ​ដល់​​កម្មវិធី​​ដែល​កំពុង​រីក​លូតលាស់​នេះ ពង្រឹង​​សន្តិសុខ ភាព​ជា​ឯកជន និង​សុវត្ថិភាព​របស់​ខ្លួន។

សកម្មភាព​នេះ​គឺ​ក្រោយ​ពី Zoom ជួប​ប្រទះ​រឿង​រ៉ាវ​ក្រពុល​ជា​ច្រើន​ទាក់ទង​នឹង​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព និង​ភាព​ជា​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់ ស្រប​ពេល​ដែល​ចំនួន​ប្រើ​ប្រាស់ Zoom មាន​ការ​កើន​ឡើង​ជា​ខ្លាំង​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។

Stamos និយាយ​ថា​នាយក​ប្រតិបត្តិ​ Zoom លោក Eric Yuan បាន​ទៅ​ជួប​​លោក​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​រូប​គេ​បាន​បង្ហោះ​សារ​លើ Twitter រៀប​រាប់​អំពី​ជំហាន​ដែល​ Zoom ត្រូវ​ដើរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​របស់​ខ្លួន។

ដោយសារការ​ធ្វេស​ប្រហែស​ផ្នែក​ឯកជនភាព (Privacy)និង សន្តិសុខ (Security) នេះ ​ធ្វើ​ឲ្យ​ក្រុមអ្នកវិនិយោគបានដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុន Zoom ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានលាក់បាំងនូវកំហុសបច្ចេកទេសទាក់ទងទៅនឹងផ្នែកសន្តិសុខ (Security) របស់កម្មវិធីដែលកត្តានេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជាគំហុក នៅពេលដែលមានស្ថាប័នកាន់តែច្រើនឡើងបានបញ្ឈប់ការប្រើកម្មវិធីនេះរួមមាន កោះតៃវ៉ាន់ ក្រុមហ៊ុន SpaceX, Tesla, NASA, ថែមទាំងសាលារៀន (School District) ជាច្រើនទៀត។

ក្រៅពីបញ្ហាដែលបានផ្សព្វផ្សាយខ្លះៗរួចមកហើយ ក្រុមហ៊ុនក៏មានបញ្ហាជាច្រើនទៀតដូចជា ក្រុមហ៊ុនក៏ធ្លាប់បានបញ្ជូនទិន្នន័យឆ្លងកាត់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភទាក់ទងនឹងការរក្សារការសម្ងាត់ ព្រមទាំងបញ្ហា Zoombombing ផងដែរ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង