ចង់ទិញឡានកំពូល Off-road របស់ Toyota ម៉ូដែលនេះ មានតែ២ប្រទេសគត់លក់

  • 2020-04-14 01:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចេញលក់ដំបូងកាលពីឆ្នាំ២០០៦ រថយន្ត Toyota FJ Cruiser ក៏មានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត រហូតដល់ឆ្នាំ២០១៤ ទើបបាត់ខ្លួនពីទីផ្សារតែម្តង។ ដោយឡែក នៅក្នុងទីផ្សារមួយចំនួន ដូចជា អូស្ត្រាលី និងប្រទេសប្រើដៃចង្កូតស្តាំ វាបន្តលក់រហូតដល់ឆ្នាំ២០១៧។

ឥឡូវនេះ គេដឹងថារថយន្តកំពូល Off-road របស់ Toyota ខាងលើ មានលក់តែនៅក្នុងទីផ្សារចំនួន២ ប៉ុណ្ណោះ គឺ អារ៉ាប់រួម និងអាហ្វ្រិចខាងត្បូង។ បើយោងតាមគេហទំព័រ Which Car បានឲ្យដឹងថា FJ Cruiser ឆ្នាំ២០២០ កំពុងដាក់លក់នៅប្រទេសអារ៉ាប់រួម ជារថយន្តប្រើចង្កូតឆ្វេង និងលក់នៅអាហ្វ្រិចខាងត្បូង ជារថយន្តប្រើចង្កូតស្តាំ។

មិនខុសពីឆ្នាំ២០០៦ ឡើយ រថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ២០២០ នៅតែរក្សារូបរាងដដែល ដោយបានអាប់ដេតផ្នែកមួយចំនួន ដូចជា ប្រព័ន្ធសំឡេង និងប្រព័ន្ធបង្ហាញព័ត៌មាន ដែលគាំទ្រមុខងារ Apple CarPlay និង Android Auto។ បន្ថែមពីនេះ វាមានបំពាក់មុខងារ air compressor មកស្រាប់ ដែលល្អសម្រាប់បូមខ្យល់កង់រថយន្តទៀតផង។

រថយន្តតួខ្ពស់នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧០សេះ ប្រើប្រព័ន្ធប៉ុងពីរ និងប្រអប់លេខអូតូ ៥វគ្គ តែក៏មានលេខដៃ ៦វគ្គដែរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៤០ ០០០ដុល្លារក្នុងប្រទេសអារ៉ាប់រួម និង ៣៧ ០០០ដុល្លារក្នុងប្រទេសអាហ្វ្រិចខាងត្បូង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង