​កំពូល​មហា​សេដ្ឋី​អាហ្វ្រិក​ទាំង១០ ប្រចាំ​ឆ្នាំ២០១៤

  • 2014-09-13 19:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មើល​ទៅ​លើ​ចំណាត់ថ្នាក់​មហា​សេដ្ឋី​ពិភពលោក គេ​កម្រ​ឃើញ​មាន​​​មហា​សេដ្ឋី​ដែល​មាន​​មាន​ប្រភព​មក​ពី​​ទ្វីប​អាហ្រ្វិក​​ណាស់។ កន្លង​មក​ប្រិយមិត្ត​​ធ្លាប់​បាន​ដឹង​ជា​ច្រើន​មក​ហើយ​ដែរ ពី​មហាសេដ្ឋី​លំដាប់​ពិភពលោក ក៏​​ដូច​ជា​អាស៊ី ឥលូវ​នេះ​សាក​ទៅ​មើល​នៅ​អាហ្វ្រិក​វិញ​ម្ដង​មើល៍ ថា​តើ​មាន​មហា​សេដ្ឋី​ណា​ខ្លះ?

ខាង​ក្រោម​នេះ ជា​កំពូល​មហាសេដ្ឋី​​ទាំង​១០​របស់​អាហ្រ្វិក ក្នុង​ឆ្នាំ​២០១៤៖ ១០. លោក Mohamed Mansour (ទ្រព្យ​សម្បត្តិ​សរុប ២,២ ពាន់​លាន​ដុល្លារ)

 

 

លោក Mohamed Mansour គឺ​ជា​អ្នក​ជំនួញ​ជនជាតិ​អេហ្ស៊ីប​ម្នាក់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Mansour Group។ ក្រុមហ៊ុន​នេះ បាន​ដាក់​ទុន​លើ​អាជីវកម្ម​ច្រើន​ប្រភេទ​ដូចជា ឧស្សាហកម្ម​ផលិត​រថយន្ត និង​លក់​ចែក​ចាយ​ផលិត​ផល​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នេះ លោក Mansour មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ទី១០ នៅ​តំបន់​អាហ្វ្រិក។

 

​​​៩. លោក Naguib Sawiris (ទ្រព្យ​សម្បត្តិ​សរុប ២,៥ ពាន់​លាន​ដុល្លារ)

 

 

មហាសេដ្ឋី​ទី៩ របស់​អាហ្វ្រិក លោក Naguib Sawiris ក៏​ជា​ជនជាតិ​អេហ្សីប​ដែរ។ លោក​គឺ​ជា​ស្ថាបនិក​នៃ Orascom Group ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំជាង​គេ​បំផុត​ក្នុង​សាជីវកម្ម​ភាគហ៊ុន​នៅ​អេហ្ស៊ីប។ ​

៨. លោក Patrice Motsepe (ទ្រព្យ​សម្បត្តិ​សរុប ២,៩ ពាន់​លាន​ដុល្លារ)

 

 

លោក Patrice Motsepe គឺជា​មហា​សេដ្ឋី​ជនជាតិ​ស្បែក​ខ្មៅ​តែ​ម្នាក់​គត់​នៅ​ក្នុង​ប្រទេស​​អាហ្វ្រិក​ខាង​ត្បូង។ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រាស់ក្រែល​របស់​លោក ទទួល​បាន​មក​ពី​ក្រុមហ៊ុន African Rainbow Minerals ដែល​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ។

៧. លោក Othman Benjelloun (ទ្រព្យ​សម្បត្តិ​សរុប ៣,១ ពាន់​លាន​ដុល្លារ)

 

 

លោក Othman Benjelloun គឺ​ជា​ជនជាតិ​ម៉ារ៉ុក។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក បាន​មក​ពី​ការ​ស្នង​​ក្រុមហ៊ុន​​ធានា​រ៉ាប់​រង​របស់​ឪពុក ​និង​ការ​ធ្វើ​ជំនួញ​លើ​វិស័យ​ធនាគារ។ ក្រៅ​ពី​នេះ លោក​នៅ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដូច​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ជា​ដើម។

៦. លោក Christoffel Wiese (ទ្រព្យ​សម្បត្តិ​សរុប ៣,៥ ពាន់​លាន​ដុល្លារ)

 

 

លោក Christoffel Wiese គឺជា​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​ទទួល​បាន​មក​ពី​ការ​ធ្វើ​ជំនួញ​ច្រើន​ប្រភេទ។ ក្រៅ​ពី​នេះ លោក​បាន​វិនិយោគ​លើ​ក្រុមហ៊ុន​បង់​រំលោះ ដែល​ធ្វើ​ឲ្យ​លោក​រក​ចំណូល​បាន​យ៉ាង​ច្រើន។ គ្រាន់​តែ​ឆ្នាំ​មុន ក្រុមហ៊ុន​ទាំង ៧ របស់​លោក​ទទួល​បាន​ចំណូល​ដល់​ទៅ ៥០០ លាន​ដុល្លារ។

៥. លោក Mike Adenuga (ទ្រព្យ​សម្បត្តិ​សរុប ៤,៧ ពាន់​លាន​ដុល្លារ)

 

 

លោក Mike Adenuga គឺ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី២ នៅ​នីហ្សេរីយ៉ា និង​ជា​មហាសេដ្ឋី​លេខ ៥ នៅ​ទូទាំង​ទ្វីប​​អាហ្វ្រិក។ ចំណូល​របស់​លោក​ទទួល​បាន​មក​ពី​ក្រុមហ៊ុន​ប្រេង និង​ក្រុមហ៊ុន​ទូរគមនាគមន៍។ ប៉ុន្តែ​សំណាង​ដែល​នាំ​ឲ្យ​លោក​មាន​ថ្ងៃ​នេះ គឺ​ការ​ចែកចាយ​ភេសជ្ជៈ​កូកាកូឡា​​ក្នុង​ប្រទេស នៅ​អាយុ ២០ឆ្នាំ។ បច្ចុប្បន្ន​នេះ លោក​កំពុង​កាន់កាប់​លើ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​ធំជាង​គេ​លំដាប់​ទី២ នៅ​នីហ្សេរីយ៉ា ដែល​មាន​អ្នក​ប្រើប្រាស់ ២៥ លាន​នាក់។

៤. លោក Nassef Sawiris (ទ្រព្យ​សម្បត្តិ​សរុប ៦,៥ ពាន់​លាន​ដុល្លារ)

 

 

លោក Nassef Sawiris គឺ​ជា​មហាសេដ្ឋី​ជន​ជាតិ​អេហ្សីប​ម្នាក់​ទៀត​ក្នុង​តំបន់​អាហ្វ្រិក។ ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​ទទួល​បាន​មក​ពី​ក្រុមហ៊ុន​សាងសង់​ធំជាង​គេ​បំផុត​​នៅ​អេហ្ស៊ីប Orascom។ ​​​

៣. លោក Nicky Oppenheimer (ទ្រព្យ​សម្បត្តិ​សរុប ៦,៥ ពាន់​លាន​ដុល្លារ)

 

 

លោក Nicky Oppenheimer គឺ​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង។ ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​បាន​ពី​លក់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ពេជ្រ DeBeers Diamonds។ លើស​​ពី​នេះ លោក​ក៏​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​ហ្គេម​ដ៏​ធំ​មួយ​នៅ​អាហ្វ្រិក​ផង​ដែរ។

 

២. លោក Johann Rupert (ទ្រព្យ​សម្បត្តិ​សរុប ៧,៩ ពាន់​លាន​ដុល្លារ)

 

 

លោក Johann Rupert គឺ​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង។ ចំណូល​របស់​លោក​ទទួល​បាន​ពី​ក្រុមហ៊ុន​ផលិត​សម្ភារៈ​មាន​តម្លៃ​នានា​ដូច​ជា នាឡិកា គ្រឿង​អលង្ការ និង​ទំនិញ​ពី​រោម​សត្វ។ ក្រៅ​ពី​នេះ លោក​នៅ​មាន​ចម្ការ​ទំពាំងបាយជូរ​ពីរ​នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ជា​ប្រធាន​សាកលវិទ្យាល័យ​មួយ​ផង​ដែរ។

១. លោក Aliko Dangote (ទ្រព្យ​សម្បត្តិ​សរុប ២៥ ពាន់​លាន​ដុល្លារ)

 

 

 

 

លោក Aliko Dangote គឺ​ជា​ជន​ជាតិ​នីហ្សេរីយ៉ា។ លោក​ជា​មហាសេដ្ឋី​ស្បែក​ខ្មៅ​មាន​ជាង​គេ​បំផុត​ក្នុង​លោក និង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២៣​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​អស់។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក ទទួល​បាន​មក​ពី​ជំនួញ​ច្រើន​ប្រភេទ​ដូចជា ស៊ីម៉ង់ ស្ករស ម្សៅមី និង​ផលិតផល​ផ្សេងៗ។ ​​

ចុច​អាន៖ ៦យ៉ាង​​ពី​លុយ​ដុល្លារអាមេរិក ធ្លាប់ដឹងអត់?

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ therichest
អត្ថបទថ្មី