ជួប​ជាមួយ​សេដ្ឋី និង​កូន​ក្រមុំ​ពាក់​មាស​រាប់​គីឡូ ក្នុង​ថ្ងៃ​រៀប​ការ

  • 2014-11-22 16:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​មាន​មាស​ស្រោច​ខ្លួន បាន​កុម្ម៉ង់​គេ​ធ្វើ​គ្រឿង​អលង្ការ​ឲ្យ​កូន​ស្រី​ខ្លួន​ពាក់​ក្នុង​ថ្ងៃ​រៀប​ការ មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង ៦០​ម៉ឺន​ដុល្លារ។ អាពាហ៍ពិពាហ៍​នេះ ត្រូវ​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​ដ៏​ពិសិដ្ឋ Tirupati ក្នុង​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា។

 

កូន​ក្រមុំ និង​មាស​ស្រោច​ខ្លួន​តម្លៃជាង ៦០​ម៉ឺន​ដុល្លារ

 

ដោយ​សារ​ការ​​សំញែង​មាស​ដ៏​ច្រើន​បែប​នេះ ប៉ូលិស​បាន​បញ្ជូន​កម្លាំង​ទៅ​ការពារ​ពួក​គេ ដើម្បី​ធានា​សន្តិសុខ​កុំ​ឲ្យ​មាន​អំពើ​ប្លន់​នៅ​តាម​ផ្លូវ​ទៅ និង​ត្រលប់​​មក​វិញ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នៅ​ព្រះវិហារ​កាត់​ភូមិ​ក្រីក្រ​នានា។ ​

 

អ្នក​នាំ​ពាក្យ​របស់​មន្ត្រី​ប៉ូលិស​ឈ្មោះ Sandeep Kumar នៅ​ក្រុង Tirupati បាន​ទទួល​ស្គាល់​ថា សេដ្ឋី​រូប​នោះ ជាមួយ​កូន​ស្រី​ពិត​ជា​បាន​ពាក់​មាស​ជា​ច្រើន​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មែន។ "វា​គ្មាន​ទៅ​ទាស់​ខុស​អី​ទេ​គ្រាន់​តែ​ពាក់​មាស​ច្រើន​នោះ តែ​វា​​អាច​មាន​បទ​ល្មើស​កើត​ឡើង​ពេល​មនុស្ស​ច្រើន​ដឹង​ឮ​ពី​រឿង​ហ្នឹង.... យើង​គ្រាន់​តែ​ចង់​ធានា​ថា គ្មាន​បញ្ហា​អី​កើត​ឡើង​ទុក​ជា​មុន​ប៉ុណ្ណោះ"។ លោក​ Kumar បាន​បញ្ជាក់​បន្ថែម។

 

ឪពុក​កូន​ក្រមុំ ត្រូវ​បាន​គេ​អះអាង​ថា ធ្វើ​ជំនួញ​មាន​​ប្រាក់​វាល់​លាន​ដុល្លារ ពី​ការ​លក់​នំ ស្ករគ្រាប់ និង​របស់​ផ្អែម​ៗ​ដទៃ​ទៀត នៅ​រដ្ឋ​ Andhra Pradesh ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។ ទោះ​យ៉ាង​ណា ទាំង​ឈ្មោះ​ឪពុក និង​កូន​ក្រមុំ មិន​ត្រូវ​គេ​លាត​ត្រដាង​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ។

 

សេដ្ឋី​ដែលកុម្ម៉ង់​គេ​ធ្វើ​គ្រឿង​អលង្ការ​ឲ្យ​កូន​ស្រី ក៏​ពាក់​មាស​ពេញ​ខ្លួន​ដែរ

 

ពិធី​អាពាហ៍ពិពាហ៍​រៀប​ចំ​ឡើង ក្រោម​ការ​រិះ​គន់​ពី​ប្រជាជន ក្រោយ​ពេល​​រូបភាព​ដែល​ថត​ដោយ​ទូរសព្ទ​ដៃ​បាន​បែក​ធ្លាយ និង​ចែកចាយ​បន្ត​ពាសពេញ​បណ្ដាញ​សង្គម​នានា។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ទាំង​ពីរ​នាក់​ឪពុក​កូន គួរ​តែ​បរិច្ចាគ​ប្រាក់​ដែល​ខ្ជះខ្ជាយ​នោះ ធ្វើ​ជា​អំណោយ​សប្បុរស​ធម៌ មិន​គួរ​យក​មក​សំញែង​ចោល ខណៈ​មនុស្ស​រាប់​លាន​នាក់​ទៀត​កំពុង​រស់នៅ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ដោយ​លំបាក​​ដូចនេះ​ទេ។

 

ឥណ្ឌា​គឺ​ជា​ប្រទេស​ ដែល​ប្រើប្រាស់​មាស​​ធំ​ជាង​គេ​ក្នុង​លោក។ គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ តែង​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​គ្រឿង​អលង្ការ​ពាក់​នៅ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ និង​ពិធី​ពិសេស​ផ្សេងៗ​ទៀត៕ ​​​

 

ចុចអាន៖ ផ្សារ​ទំនើប​មួយ​នៅ​ចិន​ ក្រាល​មាស​សុទ្ធ​តម្លៃ​រាប់​លាន​ដុល្លារ​ឲ្យ​អតិថិជន​ដើរ​លើ​

 

ដោយ៖ គង់ វិសាល

ប្រភព៖ dailymail