តិចនិក ៧យ៉ាង កាត់បន្ថយអារម្មណ៍មិនល្អ
- 2014-11-24 23:26:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៧យ៉ាង កាត់បន្ថយអារម្មណ៍មិនល្អ
ចន្លោះមិនឃើញ
ចិត្តមនុស្សពិតជាមិនទៀង ពេលខ្លះសប្បាយរីករាយទាំងគ្មានអ្វីក្នុងដៃ ឯពេលខ្លះពិបាកចិត្តអារម្មណ៍មិនល្អ បើទោះជាមានគ្រប់យ៉ាងដែលខ្លួនចង់បានហើយក៏ដោយ។ អ្នកមានមនោសញ្ចេតនាជ្រាលជ្រៅ ងាយធ្លាក់ចូលក្នុងភាពសោកសៅណាស់ ប៉ុន្តែបើចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន លោកអ្នកនឹងជៀសផុតពីបញ្ហាដែលកើតឡើងជាប្រចាំនេះ។
ខាងក្រោមនេះគឺជាតិកនិក ៧យ៉ាងដែលអាចឲ្យអ្នកជៀសផុតពីភាពសោកាអារម្មណ៍មិនល្អ៖
១. ពេញចិត្តអ្វីដែលខ្លួនមាន
បើចង់ជៀសឆ្ងាយពីអារម្មណ៍សោកសៅ ជាដំបូងត្រូវរៀនទទួលយកនូវអ្វីដែលខ្លួនមាន បើទោះជាមិនគ្រប់គ្រាន់តាមចិត្តចង់បានក៏ដោយ។ ពេលអ្នកមើលឃើញរបស់ដែលខ្លួនមានអន់ជាងអ្នកដទៃ អ្នកនឹងមានអារម្មណ៍អន់ចិត្ត ចង់បានដូចគេ។ មូលហេតុនេះហើយ ដែលធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងភាពសោកសៅ គិតច្រើនមិនចេះស្រាកស្រាន្ត។
២. ត្រូវមានសុទិដ្ឋិនិយម
ជួនកាលអ្នកអាចជួបឧបសគ្គខ្លះក្នុងការរៀនសូត្រ ឬបំពេញការងារ ដែលធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅ គិតថាខ្លួនឯងមិនល្អ ឬមានសមត្ថភាពអន់ជាងគេ។ ប្រការនេះហើយ ជាឧបសគ្គរាំងស្ទះគោលដៅរបស់អ្នកក្នុងការសម្រេចអ្វីមួយ ហើយវាក៏ជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អដែរ។ ត្រូវគិតថា មនុស្សម្នាក់ៗមិនដែលល្អឥតខ្ចោះរហូតនោះទេ ដូចនេះត្រូវគិតរឿងដែលមានប្រយោជន៍។ លើកនេះធ្វើមិនបានល្អ លើកក្រោយអ្នកប្រាកដជាប្រឹងប្រែងរហូតធ្វើបានល្អ។
៣. កុំគិតច្រើនពេក
អ្វីដែលគួរដោះស្រាយនៅចំពោះមុខគួររកវិធីដោះស្រាយ ប៉ុន្តែបើបញ្ហាមិនទាន់កើតមានឡើងទេ កុំបង្កើតវាមក ហើយរិះគិតរកដំណោះស្រាយឥតប្រយោជន៍។ ពេលទំនេរ មនុស្សមួយចំនួនតែងភ្លេចខ្លួនគិតដល់រឿងអនាគតមិនល្អ ដែលនាំឲ្យពួកគេមានការភ័យខ្លាច និងបាត់ភាពរីករាយ។ អ្នកខ្លះបានគិតទៅរហូតទៅដល់ថ្ងៃស្លាប់ ខ្វល់ខ្វាយមិនដឹងថាខ្លួននឹងអស់អាយុដោយរបៀបណា។ នេះសុទ្ធតែជារឿងគ្មានប្រយោជន៍ និងនាំឲ្យអ្នកធ្លាក់ក្នុងភាពសោកសៅ។
៤. បើកចិត្តឲ្យទូលាយ
អ្វីដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ចំណាយពេលគិតច្រើននោះ គឺការធ្វើល្អចំពោះអ្នកដទៃ និងរៀនបើកចិត្តឲ្យទូលាយ។ គ្រាន់តែការញញឹមដាក់អ្នកដទៃ និងនិយាយពាក្យល្អៗទៅកាន់មនុស្សគ្រប់គ្នា នឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ បើកចិត្តឲ្យទូលាយ រៀនអត់ឱន នោះអ្នកនឹងលែងមានកង្វល់ច្រើន ហើយរស់នៅដោយភាពរីករាយ។
៥. រៀនសម្របខ្លួននឹងស្ថានភាពលំបាក
ពេលអ្នកជួបរឿងអ្វីមួយថ្មី ដែលមិនទាន់សម្របខ្លួនបាន អ្នកនឹងមានអារម្មណ៍ថាពិបាក បង្កជាអារម្មណ៍តានតឹង ឬឈានទៅរកភាពស្ត្រេសគិតអ្វីមិនចេញ។ ពេលជួបបញ្ហាទាំងនេះ អ្នកគួរស្វែងរកដំណោះស្រាយ និងរកវិធីសម្របខ្លួនទទួលយកវា ជាជាងពិបាកចិត្តទាំងមិនបានធ្វើអ្វីសោះ។
៦. ត្រូវចេះបំភ្លេច និងអត់ឱន
បើសិនជានរណាម្នាក់ ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ គួរចេះអភ័យ និងបំភ្លេចទោសកំហុសរបស់គេ បើអាចធ្វើបាន។ ការខឹងក្រោធ និងចងគំនុំ មានតែបន្ថែមបញ្ហាក្នុងចិត្ត បណ្ដាលឲ្យអ្នកគិតច្រើនតែប៉ុណ្ណោះ។ ការចេះអត់ឱន គឺជាគុណតម្លៃពិសេសមួយដែលមនុស្សទូទៅពិបាកធ្វើបាន ប៉ុន្តែបើអ្នកអាចធ្វើបាន វានឹងនាំមកនូវអារម្មណ៍ល្អ។
៧. មើលថែខ្លួនឯង
ត្រូវចេះស្រលាញ់ខ្លួនឯង និងមើលថែខ្លួនឯងឲ្យបានច្រើន ព្រោះមានតែអ្នកទេដែលអាចយល់ពីអារម្មណ៍ខ្លួនឯង។ គួរធ្វើអ្វីដែលអ្នកចង់ធ្វើ ដូចជាស្ដាប់ចម្រៀង ហាត់កីឡា ដើរលេងកម្សាន្ត និងរៀនសម្របតាមចិត្តខ្លួនឯងឲ្យបានច្រើន។ ទោះយ៉ាងណា មិនមានន័យថា បើចិត្តអ្នកចង់ប្រព្រឹត្តអ្វីដែលខុសឆ្គងអ្នកត្រូវធ្វើតាមនោះទេ គឺធ្វើអ្វីដែលជារឿងត្រឹមត្រូវប៉ុណ្ណោះ ទើបនាំអ្នកឲ្យមានអារម្មណ៍ល្អឡើងវិញបាន។ លើសពីនេះ ត្រូវទទួលទានអាហារឲ្យបានទៀងទាត់ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ពេលមានសុខភាពល្អ អ្នកក៏អាចទទួលអារម្មណ៍ថារីករាយទៅតាមនោះដែរ៕
ចុចអាន៖ ១០យ៉ាង ថែរក្សាស្បែកកុំឱ្យបែកស្រកាក្នុងរដូវរងានេះ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ lifespan