១០យ៉ាង ថែរក្សាស្បែកកុំឱ្យបែកស្រកាក្នុងរដូវរងានេះ
- 2014-11-20 17:00:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០យ៉ាង ថែរក្សាស្បែកកុំឱ្យបែកស្រកាក្នុងរដូវរងានេះ
ចន្លោះមិនឃើញ
ធ្លាក់ខ្យល់ពីជើង ជាសញ្ញាប្រាប់ថារដូវរងាចាប់ផ្ដើមបណ្ដើរៗហើយ។ ក្នុងពេលវេលាដ៏ត្រជាក់នេះ ស្បែករបស់អ្នក ក៏អាចមានភាពស្ងួត បែកស្រកានោះដែរ ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីការពារស្បែកបាន? ខាងក្រោមនេះជាវិធីមួយចំនួន ដែលត្រូវបានគេហទំព័រសុខភាព webmd អះអាងថាអាចថែស្បែករបស់អ្នកក្នុងរដូវរងារបាន៖
១. ស្វែងរកអ្នកឯកទេស
ប្រសិនបើអ្នកមិនចង់ស្មុគស្មាញច្រើន អ្វីដែលអ្នកគួរធ្វើ គឺទៅជួបអ្នកជំនាញខាងស្បែក ដែលអាចផ្ដល់ដំបូន្មានដល់អ្នកបាន។ អ្នកជំនាញទាំងនោះអាចវិភាគប្រភេទស្បែករបស់អ្នកបាន ឬប្រាប់រូបមន្តថែរក្សាស្បែកនាពេលបច្ចុប្បន្ន និងផ្ដល់ឱ្យអ្នកនូវការណែនាំលើផលិតផលថែរក្សាស្បែកដែលគួរតែត្រូវប្រើជាប្រចាំ។ នេះជារឿងល្អបំផុតសម្រាប់អ្នកមានប្រាក់កាសច្រើន។
២. ផ្ដល់សំណើមដល់ស្បែកបន្ថែម
រដូវរងានេះ ការផ្ដល់សំណើមដល់ស្បែក គឺជារឿងល្អបំផុតដើម្បីចៀសវាងការទុកឱ្យស្បែកស្ងួតដោយសារខ្យល់។ វិធីដែលធ្វើឱ្យស្បែកមានសំណើមល្អបំផុតនោះ គឺស្វែងរកផលិតផលដែលមានជាតិប្រេងដូចជា ប្រេងបង្កើតការការពារនៅលើស្រទាប់ស្បែក ដែលរក្សាជាតិសំណើមច្រើនជាងក្រែមលាបធម្មតា។
៣. លាបឡេការពារកម្ដៅថ្ងៃ
ព្យាយាមលាបឡេការពារកម្ដៅថ្ងៃឲ្យសព្វរាងកាយជាពិសេសផ្ទៃមុខ និងដៃ ប្រហែល៣០នាទីមុនពេលចេញក្រៅនៅរដូវរងា អាចជួយថែរក្សាស្បែកបានច្រើនដូចនៅរដូវក្ដៅដែរ។
៤. ពាក់ស្រោមដៃ
ស្បែកដៃគឺស្ដើងជាងស្បែកនៅផ្នែកភាគច្រើននៃរាងកាយរបស់មនុស្ស។ នេះចង់មានន័យថាវាជារឿងលំបាកក្នុងការថែរក្សាដៃរបស់អ្នកឲ្យមានសំណើម ជាពិសេសនៅពេលអាកាសធាតុត្រជាក់។ ដូចនេះត្រូវពាក់ស្រោមដៃជានិច្ចរាល់ពេលអ្នកចេញក្រៅ ហើយបើបានពាក់ស្រោមដៃរោមចៀមគឺកាន់តែពិសេសទៅទៀតព្រោះវាអាចរក្សាកម្ដៅរបស់ដៃថែមទៀតផង។
៥. ជៀសវាងពាក់ស្រោមដៃ ស្រោមជើងសើម
ស្រោមដៃ ស្រោមជើងសើម អាចរំខានដល់ស្បែកដែលបណ្ដាលឲ្យរមាស់ និងកើតជំងឺតាអកបានដូច្នេះត្រូវចៀសវាងវាជាដាច់ខាត។
៦. ប្រើម៉ាស៊ីនសម្ងួត
ម៉ាស៊ីនសម្ងួតដែលមាននៅតាមផ្ទះ ឬការិយាល័យរបស់អ្នកនោះមានខ្យល់ស្ងួតក្ដៅតែអាចផ្ទុក ជាតិសំណើមបានច្រើនដែលអាចជួយដល់ស្បែកបាន ដូច្នេះសូមប្រើម៉ាស៊ីននេះជាជាងការអាំងភ្លើង។
៧. ទទួលទានទឹកឲ្យបានច្រើន
ទឹកគឺល្អចំពោះសុខភាពទូទៅ និងសុខភាពស្បែករបស់អ្នក ជាពិសេសស្បែកដែលបែកស្រកាខ្លាំងនឹងទទួលបានអត្ថប្រយោជន៍ពីសារធាតុរាវនេះព្រោះរដូវត្រជាក់ធ្វើឱ្យស្បែកស្ងួត និងអាចឈានដល់ការខ្វះជាតិទឹកទៀតផង។
៨. ប្រើឡេលាបប្រអប់ជើង
រដូវរងានេះ ស្បែកដែលចាស់ៗនៅបាតជើងនឹងរបកចេញដុះនូវស្បែកថ្មី ដូច្នេះគប្បីប្រើឡេលាបប្រអប់ជើងបន្ថែមទៀតដើម្បីជំនួយឱ្យស្បែកឆាប់ដុះកោសិកាថ្មី។ ហើយប្រភេទឡេនោះវិញគឺគូរប្រើឡេណាដែលមានផ្ទុកសារជាតិ Jelly ឬ glycerine ច្រើន។
៩. កុំប្រើម៉ាស់ ឬ ទឹក toner មានជាតិអាកុល
ប្រសិនបើស្បែកមុខរបស់អ្នកស្ងួតអ្នកគួរជៀសវាងប្រើម៉ាស់បកខ្លាំងពេក និង ទឹក toner ដែលមានជាតិអាកុលព្រោះវាអាចដកហូតជាតិខ្លាញ់ដ៏សំខាន់ពីស្បែករបស់អ្នកបាន។ ជំនួសមកវិញអ្នកអាចសម្អាតដោយប្រើទឹកដោះគោ ឬ ហ្វូមលាងមុខដែលមានភាពទន់ និង ទឹក toner ដែលគ្មានជាតិអាកុលតែមិនត្រូវប្រើវាញឹកញាប់ពេកទេ។
១០. ហាមងូតទឹកក្ដៅខ្លាំងពេក
ទឹកក្ដៅពិតជាអាចកម្ចាត់ជាតិខ្លាញ់នៅលើស្បែកបាន ប៉ុន្តែវាអាចនាំទៅរកការបាត់បង់ជាតិសំណើមពីស្បែកបានដូចគ្នាដែរ ដូច្នេះសូមកុំងូតទឹកក្ដៅពេក។
ចុចអាន៖ បុរសគួរកក់សក់ច្រើនបំផុតប៉ុន្មានដងក្នុងមួយសប្ដាហ៍?
ចុចអាន៖ វិធីងាយៗ ធ្វើឲ្យបបូរមាត់ខ្មៅទៅជាស៊ីជម្ពូ
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ webmd