១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​

  • 2014-09-26 17:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​កុំព្យូទ័រ​មួយ​ចំនួន​នៅ​តែ​​​ ស្រពិចស្រពិល​ជុំវិញ​របៀប​មើល​ម៉ាស៊ីន​របស់​ខ្លួន​​​​​ថា​ ​តើ​មាន​ឆ្លង​មេរោគ ឬ​អត់? វា​ប្រហែល​ទៅ​នឹង​រោគសញ្ញា​របស់​មនុស្ស​ដែរ​ ព្រោះ​ថា​បើ​សិន​មាន​ជំងឺ​នោះ ​មុខ​ជា​​​បញ្ចេញ​ភាព​ខុស​ប្លែក​មិន​ខាន។

 

ជា ​ធម្មតា​មនុស្ស​ ពេល​ដែល​មាន​បញ្ហា​សុខភាព​តែងតែ​បង្ហាញ​សញ្ញា​មក​ខាង​ក្រៅ ដូច​ជា​ឈឺក្បាល​ វិលមុខ​ ចុក​ពោះ​ជា​ដើម ចំណែក​កុំព្យូទ័រ​ក៏​មិន​ខុស​គ្នា​ដែរ ពោល​គឺ​នឹង​បង្ហាញ​ភាព​មិន​ប្រក្រតី​តិច ​ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​ជំងឺ​ធ្ងន់ ឬ​ស្រាល មេរោគ​ខ្លាំង ឬ​ខ្សោយ។

 

ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​របៀប​ចំណាំ នៅ​ពេល​កុំព្យូទ័រ​របស់​ប្រិយមិត្ត​មាន​មេរោគ​ឆ្លង​ចូល៖

 

១. កុំព្យូទ័រ​មាន​ដំណើរការ​ខុស​ប្លែក​ពី​សព្វ​មួយ​ដង ដូច​ជា​​ មាន​ដំណើរការ service ផ្សេងៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

 

២. ជូន​កាល​អាច​បង្ហាញ​ជា​ផ្ទាំង​សារ (message) ឬ​រូបភាព​ផ្សេងៗ​ដោយ​មិន​បាន​បើក។ វា​ជា Error Message ចេញ​ពី System របស់​កុំព្យូទ័រ។

 

៣. ដំណើរការ​កម្មវិធី​ដែល​មិន​បាន​ប្រើ​សោះ ហើយ​បាន​ធ្វើ​ឱ្យ CPU ដំណើរការ​ខ្លាំង ពេល​ខ្លះ​អាច​គាំង។ បើ​ចង់​ដឹង​សូម​ចុច Ctrl +Alt +Delete ដើម្បី​មើល​ដំណើរការ​របស់ CPU។

 

៤. មិន​អាច​បើក​ចូល Drive ណា​មួយ​របស់​កុំព្យូទ័រ​បាន។

 

៥. Menu ក៏​ដូច​ជា Status bar ប្ដូរ​ទៅ​ជា​ទម្រង់ classic ដោយ​មិន​បាន​ធ្វើ។

 

៦. Personal firewall (Firewall របស់ Windows) ប្រាប់​ថា មាន​កម្មវិធី​មួយ​ចំនួន​ត្រូវការ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត តែ​តាម​ពិត​មិនមែន​ជា​កម្មវិធី​ដែល​បាន​ដំណើរការ​នោះ​ទេ។

 

៧. ស្រាប់​តែ​ផ្ញើ Email ទៅ​មិត្ត​ដោយ​ពុំ​បាន​ដឹង (ពេល​អនឡាញ)។

 

៨. កុំព្យូទ័រ​ដើរឈប់ៗ​ជា​ញឹកញាប់ ឬ​យឺតទៅៗ នៅ​ពេល​ដំណើរការ​កម្មវិធី​ណា​មួយ មិន​ច្រើន​ផង​នោះ។

 

៩. Operating System កុំព្យូទ័រ​ជួន​ពេល​ខ្លះ​មិន​ដំណើរការ​សោះ​បើ​ទោះ​បី​ចុច​លើ Start Button ឬ File និង Folder ត្រូវ​បាន​លុប ឬ​កែ​ទៅ​ជា Folder លាក់​ដែល​យើង​មើល​ពុំ​ឃើញ។ បើ​ចង់​ឃើញ​វិញ​លុះ​ត្រា​ចូល​ទៅ​កំណត់​ការ view នៅ​ត្រង់ Tools (Windows 7 ត្រូវ​ចុង Alt ជា​មុន​សិន​ទើប​លោត​ចេញ​មក) រួច​ហើយ​ចូល​ទៅ Tools → Folder Option ចូល​ទៅ​កាន់ view tab ហើយ​រើស​យក​ដោយ​ធីក​លើ Show hidden files, folders, and drives។ តែ​បើ​មិន​កើត​ទៀត សូម​សាកល្បង​កម្មវិធី Attribute Changer។

 

មេរោគ​ ខ្លះ​បាន​ទៅ​កែប្រែ​តម្លៃ​ក្នុង registry លាក់​បាត់ Folder Option ទៀត​ផង ឬ​ខ្លះ​ត្រឹមតែ​មិន​ឱ្យ​យើង​អាច​កែ​ឱ្យ Show hidden files, folders, and drives ប៉ុណ្ណោះ។

 

១០. សកម្មភាព Web Browser ខុស​ពី​ធម្មតា មិន​អាច​បិទ​បាន។

 

ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​កម្ចាត់​មេរោគ​កុំព្យូទ័រ

 
  • ជំហានទី១៖ នៅ ​ពេល​ដឹង​ថា​កុំព្យូទ័រ​របស់​អ្នក​ត្រូវ មេរោគ​លុកលុយ​ហើយ​នោះ ត្រូវ​ប្រញាប់​ផ្ដាច់​ចេញ​ពី​ប្រព័ន្ធ Network ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​វា​បំបែក​ខ្លួន​ទៅ​កាន់​កុំព្យូទ័រ​ដទៃ​ទៀត​ដែល​ ស្ថិត​ក្នុង​ប្រព័ន្ធ​តែ​មួយ។

 

  • ជំហាន​ទី២៖ ប្រសិន​ប្រិយមិត្ត​មាន​កម្មវិធី​កម្ចាត់​មេរោគ ចូល​ដំឡើង​ហើយ update វា​ឱ្យ​ចប់​សិន​រួច​ធ្វើការ Scan កុំព្យូទ័រ​នៅ​គ្រប់ Drive។

 

  • ជំហាន​ទី៣៖ ប្រសិន ​កុំព្យូទ័រ​របស់​អ្នក​មិន​អាច Load ដល់ Windows បាន​ទេ សូម restart ហើយ​ចូល​ទៅ Safe mode (ចុច F8 ជ្រើសរើស​យក Safe mode) បន្ទាប់​មក scan ជា​មួយ​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​បាន​ដំឡើង។
 
  • ជំហាន​ទី៤៖ ក្នុង​ករណី​ដែល​កុំព្យូទ័រ​មិន​អាច​ចូល​ទៅ Safe Mode បាន ប្រិយមិត្ត​អាច​ប្រើ CD សង្គ្រោះ​មួយ​ចំនួន​ដូច​ជា៖ Hirens’boot CD ជា​ដើម។ បន្ទាប់​ពី Boot តាម CD ហើយ អ្នក​អាច​ស្វែងរក​មេរោគ និង​អាច​លុប​បាន​ដោយ​មិន​បាច់​មាន Anti-virus ឡើយ (តែ​ត្រូវ​លប់​ឱ្យ​អស់)។ វិធីសាស្ត្រ​នេះ​ក៏​អាច​ឱ្យ​អ្នក copy ឯកសារ​សំខាន់​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​ខូច (error Windows) ចេញ​បាន​ដែរ។

 

បញ្ជាក់៖ នៅ​ពេល virus ត្រូវ​បាន​លុប​ចោល​អស់​ហើយ កុំព្យូទ័រ​នឹង​មាន​ការ​រំខាន​ពី​ផ្ទាំង message ផ្សេងៗ​ដែល​កើត​មក​ពី​មេរោគ​បាន​ទៅ​កែ​តម្លៃ​ក្នុង registry។ បន្ទាប់​ពី​ប្រើ CD សង្គ្រោះ​ហើយ​នោះ ប្រិយមិត្ត​គួរ​តែ Scan កុំព្យូទ័រ​ជា​មួយ​កម្មវិធី​កម្ចាត់​មេរោគ​ដែល​បាន Update ចុង​ក្រោយ​ម្ដង​ទៀត៕

 អាន៖ ប្រទេស​នៅ​អាស៊ី​ពីរ​​ជា​​​សំបុក Hacker ​របស់​ពិភពលោក​

 

ដោយ៖ ឈុន ហួរ

អត្ថបទថ្មី