កំពូល​មហាសេដ្ឋី​ផុត​លេខ​ទាំង ៥​រូប របស់​ប្រទេស​ថៃ

  • 2014-11-26 00:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចាត់​ថ្នាក់​របស់​ទស្សនាវដ្ដី Forbes នៃ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ នេះ មហា​សេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ មាន​ទាំង​អស់ ១៦៤៥​នាក់។ ក្នុង​ចំណោម​នោះ​ក៏​មាន​មហាសេដ្ឋី​នៃ​ប្រទេស​ថៃ​ចំនួន​ ២៦​នាក់​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​មហាសេដ្ឋី ៥​រូប ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ៖

 

៥. លោក Krit Ratanarak

 

លោក Krit Ratanarak មាន​ទ្រព្យ​សម្បត្តិ​សរុប ៥,១​​ពាន់​លាន​ដុល្លារ ហើយ​ពេល​នេះ​លោក​កំពុង​រស់​នៅ និង​ប្រកប​មុខ​ជំនួញ​ក្នុង​រាជធានី​បាងកក។ ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ក្រាស់​ក្រែល​របស់​លោក បាន​មក​ពី​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អចលនទ្រព្យ។

 

៤. លោក Chalerm Yoovidhya

 

លោក Chalerm Yoovidhya មាន​ទ្រព្យ​សម្បត្តិ​សរុប ៩,៩​ពាន់​លាន​ដុល្លារ ហើយ​ពេល​នេះ​លោក​កំពុង​រស់​នៅ និង​ប្រកប​មុខ​ជំនួញ​នៅ​ក្នុង​រាជធានី​បាងកក។ មហា​សេដ្ឋី​នេះ គឺ​ជា​កូន​ប្រុស​ច្បង​គេ​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ គោ​ជល់។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក គឺ​បាន​មក​ពី​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ភេសជ្ជៈ​នានា​ដែល​មាន៤៩% រួម​ទាំង​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​សុខភាព អចលនទ្រព្យ និង​ក្រុម​កីឡា​ជា​ដើម។ ចំណែក​ឯ​នៅ​ក្នុង​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​វិញ លោក​មាន​ភាគហ៊ុន ២%។

 

៣. លោក Charoen Sirivadhanabhakdi

 

 

​លោក Charoen Sirivadhanabhakdi មាន​ទ្រព្យ​សម្បត្តិ​សរុប ១១,៣​ពាន់​លាន​ដុល្លារ ហើយ​ពេល​នេះ​លោក​កំពុង​រស់​នៅ និង​ប្រកប​មុខ​ជំនួញ​នៅ​ក្នុង​រាជធានី​បាងកក។ ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក បាន​មក​ពី​ការ​ផលិត និង​ចែក​ចាយ​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ។ ក្នុង​ចំណោម​នោះ ស្រាបៀ​ឆាង​ដែល​ធ្លាប់​វាយ​លុក​ទីផ្សារ​កម្ពុជា​កាល​ពី​មុន ក៏​បង្កើត​ឡើង​ដោយ​​មហាសេដ្ឋី​លំដាប់​លេខ​បី​នៅ​ថៃ​នេះ​ដែរ។

 

២. លោក Dhanin Chearavanont និង​ក្រុម​គ្រួសារ

 

 

លោក Dhanin Chearavanont និង​ក្រុម​គ្រួសារ មាន​ទ្រព្យ​សម្បត្តិ​សរុប ១១,៥​ពាន់​លាន​ដុល្លារ។ ពេល​នេះ​លោក​កំពុង​រស់​នៅ និង​ប្រកប​មុខ​ជំនួញ​នៅ​ក្នុង​រាជធានី​បាងកក។ ប្រភព​ទ្រព្យ​សម្បត្តិ​ចម្បង​របស់​លោក គឺ​បាន​មក​ពី​ឧស្សាហកម្ម​ផលិត​ចំណី​អាហារ ដែល​កំពុង​កាន់​កាប់​ក្រុមហ៊ុន​យក្ស​ក្នុង​ប្រទេស​ថៃ Charoen Pokphand Group Co.(CP Group)។

 

១. លោក Chirathivat និង​ក្រុម​គ្រួសារ​

 

 

ក្រុម​គ្រួសារ​លោក Chirathivat គឺ​ជា​មហា​សេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ច្រើន​បំផុត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ទ្រព្យ​សម្បត្តិ ១២,៧ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន ​លោក​កំពុង​រស់​នៅ​ក្នុង​រាជធានី​បាងកក ហើយ​ប្រភព​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ផុត​លេខ​នៃ​ប្រទេស​ថៃ​នេះ គឺ​បាន​មក​ពី​ការ​បោះ​លក់​ទំនិញ​ផ្សេងៗ និង​ក្រុមហ៊ុន​អចលនទ្រព្យ។

 

ចុចអាន៖ ជួប​ជាមួយ​សេដ្ឋី និង​កូន​ក្រមុំ​ពាក់​មាស​រាប់​គីឡូ ក្នុង​ថ្ងៃ​រៀប​ការ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ Forbes