សុគន្ធ ធារ៉ាត់ មិន​ត្រឹម​តែ​ច្រៀង​ទេ ថែម​ទាំង​ចេះ​និពន្ធ​ថ្មី​ខ្លួន​ឯងទៀត!

  • 2014-11-27 17:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​​សិល្បៈ​ថ្មី​ លោក សុគន្ធ ធារ៉ាត់ តារា​ចម្រៀង​​​ក្នុង​ផលិតកម្ម Spider Production មិន​ត្រឹម​តែ​ជាតារា​ចម្រៀង​ទេ ប៉ុន្តែ​តារា​ម្នាក់​នេះ​ថែម​ទាំង​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ថែម​ទៀត​ផង។

 

មុន​​បោះ​ជំហាន​ចូល​ក្នុង​ផលិតកម្ម Spider Production តារា​ចម្រៀង​រូប​នេះ ធ្លាប់​បង្កើត​ក្រុម​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា "My Lover" ជា​មួយ​កូន​ប្រុស​នាយ​កុយ ប៉ុន្តែ​ក្រោយ​មក​បាន​ឈប់​ទៅ​វិញ ដោយសារតែ​កូន​នាយ​កុយ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​មួយ​តារា​ចម្រៀង ខេមរៈ សិរីមន្ត​កាល​ពី​ដើម​ឆ្នាំ២០១២ នៅ​ឯ​ខេត្ត ព្រះសីហនុ។

 

លោក សុគន្ធ ធារ៉ាត់ បាន​ប្រាប់​ថា កាល​​​នៅ​ក្នុងក្រុម "My Lover" ក្រុម​របស់​លោក​មាន​ឱកាស​បាន​ចេញ​ច្រៀង​​ Concert ជា​ច្រើន ដូច​ជា​នៅ​ស្ថានីយ​ទូរទស្សន៍​ស្ទើរ​គ្រប់​ទាំង​អស់ ​ក៏​ដូច​ជា​ចុះ​ច្រៀង​តាម​ខេត្ត​នានា។

 

ដោយសារតែ​ការ​ស្រលាញ់​​សិល្បៈ ជាង​១ខែ​មុន​នេះ​ លោក​ត្រូវ​បាន​​ផលិតកម្ម Spider Production ជ្រើស​រើស​ឲ្យចូល​ច្រៀង។ បច្ចុប្បន្ន​តារា​ចម្រៀង​រូប​នេះ​មាន​បទ​ផ្ទាល់​ខ្លួន​ចំនួន៣បទ​មក​ហើយ ដែល​សុទ្ធតែ​ជា ការ​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​​ទាំង​អស់។

តារា​​វ័យ២១ឆ្នាំ និង​កំពុង​សិក្សា​រហូត​ដល់​ទៅ២មហាវិទ្យាល័យ​ម្នាក់​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ទាំង​៣បទ​នោះ​មាន បទ "Sexy អី​យ៉ាង​នេះ?" "ខ្ញុំ​ទើប​តែ​មាន​ស្នេហា" និង បទ" Lover 4 ever" មាន​តែ បទ "Sexy អី​យ៉ាង​នេះ?" ប៉ុណ្ណោះ​​បាន​ចេញ​ជា ​MV(វីដេអូ​ចម្រៀង) ក្រៅ​ពី​នេះ នៅ​ជា​ CD​ នៅ​ឡើយ។

 

លោក សុគន្ធ ធារ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ចេះ​តែង​និពន្ធ ក៏​ព្រោះ​តែ​លោក​កំពុងតែ​រៀន​ជំនាញ​នេះ​ស្រាប់។ បច្ចុប្បន្ន​​តារា​រូប​នេះ​គឺ​ជា​និស្សិត​ឆ្នាំ​ទី៣ ជំនាញ​ "នាថ​សាស្ត្រ" ផ្នែក​ដឹក​នាំ​ និង​និពន្ធ​រឿង ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បង្ហាត់​បង្ហាញ​ពី Dj ក្ដឹប​ផង​​ដែរ ព្រោះ​អ្នក​ទាំងពីរ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា។

 

ជា​តារា​ចម្រៀង​ចូល​ចិត្ត​បែប Hip Hip និង Dj តាំង​ពី​ដើម​ទី​មក លោក សុគន្ធ ធារ៉ាត់ សង្ឃឹម​ថា បទ​ចម្រៀង ​បទ "Sexy អី​យ៉ាង​នេះ?” ដែល​ទើប​តែ​ចេញ​ម្សិលមិញ​នេះ នឹង​​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន។ លោក​ក៏​ដូច​ជា​ខាង​ផលិតកម្ម​ធ្វើ​ឡើង​មាន​​ការ​សម្រិតសម្រាំង​ខ្លាំង​ណាស់​មុន​សម្រេច​ចិត្ត​ចេញ។ តួសម្ដែង​នៅ​ក្នុង​បទ​ចម្រៀង ​"Sexy អី​យ៉ាង​នេះ?” មាន​តារា​សម្ដែង លោក ភីម៉ៃ និង កញ្ញា យ៉ា ដាវ ជា តួ​សំខាន់ ។ បច្ចុប្បន្ន​បទ​ចម្រៀង​របស់​លោក ត្រូវ​បាន​ក្លឹប​​កម្សាន្ត​ជា​ច្រើន​យក​ទៅ​ចាក់។

 

 

ជា​មួយ​នឹង​​ស្នាដៃ​ថ្មី​នេះ លោក សុគន្ធ ធារ៉ាត់ សូម​ស្នើ​ឲ្យ​ទស្សនិកជន​ ជួយ​គាំទ្រ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​កម្លាំង​ចិត្ត ឈាន​ទៅ​ផលិត​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត។ ធារ៉ាត់ បាន​និយាយ​ជា​ចុង​ក្រោយ​ថា លោក​នឹង​ខិតខំ​បន្ថែម​ទៀត ត្បិត​អី​អាជីព​សិល្បៈ​ចម្រៀង​នេះ គឺ​លោក​ចូល​ចិត្ត​ខ្លាំង​​ណាស់៕

https://www.youtube.com/watch?v=TNqW3kohRP8&feature=youtu.be

អានអត្ថបទ៖ ស្រី​ស្អាត ណាតាហ្សា ប៉ុណ្ណឹងCute អត់? អានអត្ថបទ៖ តារា​​ស្រី​១​ដួង តារា​ប្រុស​៦ដួង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤​នេះ

អត្ថបទ៖ ខុត សីហា រូបថត៖ផ្ដល់​ដោយ សុគន្ធ ធារ៉ាត់