ប្លែក! ​ថៃ ​ផលិត​វីដេអូ​ "I Hate Thailand” ដើម្បី​អ្វី?

  • 2014-11-27 23:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចំ​ពេល​ដែល​ទេសចរ​ថៃ​កំពុង​ថយ​ចុះ​ដោយ​សារ​ឆ្នាំ​នៃ​វិបត្តិ​ដ៏​រាំរ៉ៃ​នោះ វីដេអូ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា "I Hate Thailand” ឬ ​ "ខ្ញុំ​ស្អប់​ប្រទេស​ថៃ" ​បាន​ឡើង​ល្បី​ខ្លាំង​លើ YouTube ដោយ​ទទួល​បាន​អ្នក​ចូល​មើល​ជាង​១លាន​ដង ​ក្រោយ​បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

 

យ៉ាង​ណា​ក្ដី អាថ៌កំបាំង​នៃ​វីដេអូ​ដែល​មាន​តួ​អង្គ​ជា​ជនជាតិ​អង់គ្លេស​​នោះ​ ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ជា​ការ​ផលិត​​របស់​អាជ្ញាធរ​ទេសចរ​ថៃ​តែម្ដង មិន​មែន​ដោយ​​ទេសចរ​ជន​ជាតិ​បរទេស​​ដែល​ខឹង​នឹង​ថៃ​នោះ​ឡើយ។

 

ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់​​ហើយ ថា​ហេតុអ្វី​បាន​ជា​​ថៃ​ផលិត​វីដេអូ​​​​ដោយ​ដាក់​ចំណង​ជើង​ថា “I Hate Thailand” ដូច្នេះ ខណៈ​វីដេអូ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ប្រទេស​ដទៃ​ទៀត​សុទ្ធ​តែ​ដាក់​ចំណង​ជើង​ល្អៗ ដើម្បី​ទាក់ទាញ។ ចម្លើយ​គឺ​នេះ​ជា​យុទ្ធសាស្រ្ដ​ថ្មី​មួយ​​របស់​ថៃ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ​ដោយ​ប្រើ​​​ចិត្តសាស្រ្ដ​​បញ្ច្រាស់។

 

បញ្រ្ចាស់​ត្រង់​ថា​ជន​បរទេស​នឹង​ចាប់​អារម្មណ៍​ចង់​ដឹង​ថា​ហេតុអ្វី​បាន​ជា​តួអង្គ​ក្នុង​វីដេអូ​នោះ​ស្អប់​ថៃ ខណៈ​អត្ថន័យ​ទាំង​ស្រុង​​​ក្នុង​វីដេអូ​នោះ បាន​ដោះស្រាយ​បញ្ហា​របស់​តួ​អង្គ​នោះ​​​យ៉ាង​រលូន ដែល​គេ​រំពឹង​ថា​នឹង​អន្ទង​ចិត្ត​​ទេសចរ​បរទេស​​ដទៃ​ទៀត ឲ្យ​ទៅ​លេង​នៅ​ថៃ។

 

វីដេអូ​រយៈ​ពេល​ជាង​៥នាទី​នេះ បាន​បង្ហាញ​ពី​តួអង្គ​ប្រុស​ឈ្មោះ​ James ​​​រៀបរាប់​នៅ​មុខ​កាមេរ៉ា​វីដេអូ​របស់​ខ្លួន ​ពី​ការ​បាត់​កាបូបនៅ​ថៃ។ បុរស​អង់គ្លេស​នោះ បាន​ខឹង​ និង​មួរម៉ៅ​យ៉ាង​ខ្លាំង មុន​​​និយាយ​ពាក្យ​ថា "I hate this place. I hate Thailand”។

 

សាច់​រឿង​បន្ទាប់​គឺ​បុរស​នោះ​បាន​ទៅ​ជួប​ប៉ូលិស​​ដើម្បី​រាយការណ៍ ដែល​​បន្ទាប់​មក​​បាន​ជួប​នារី​ថៃ​ដ៏​ទាក់ទាញ​មួយ​រូប។ ​នៅ​ទី​បំផុត​លោក​បាន​រក​កាបូប​ឃើញ​វិញ ហើយ​​ផ្លាស់​គំនិត​ពី​ស្អប់​ទៅ​​ស្រលាញ់​  លង់​ស្នេហ៍​ប្រទេស​ថៃ។

 

 

​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ឲ្យ​ដឹង​ថា​ វីដេអូ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ "Romantic-comedy short film”។ អាជ្ញាធរ​នេះ​បាន​បញ្ជាក់ថា​ការ​ផលិត​វីដេអូ​នេះ​ឡើង គឺ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​​មាន​លក្ខណៈ​​ផ្ទុយ​បែប​នេះ មាន​ការ​ទាក់ទាញ​ជាង​ការ​ផ្សព្វផ្សាយ​ធម្មតា។

 

​បើ​យោង​តាម​ការ​ប៉ាន់ស្មាន ទេសចរ​ថៃ​ក្នុង​ឆ្នាំ​២០១៤ នឹង​ថយ​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​ឡើង​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ​២០១៣ ដែល​មាន​ភ្ញៀវ​បរទេស​មក​កាន់​ថៃ​ដល់​ទៅ​២៦,៧លាននាក់។ មូលហេតុ​នៃ​ការ​ថយ​ចុះ​គឺ​ដោយ​សារ​តែ​​ប្រទេស​នេះ​ត្រូវ​ខូច​ឈ្មោះ​ដោយ​សារ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ខែ​ឧសភា បូក​រួម​នឹង​ករណី​ការ​សម្លាប់​ជនជាតិ​អង់គ្លេស​២នាក់​យ៉ាង​ឃោរឃៅ​នៅ​លើ​កោះ Tao កាល​ពី​ខែ​កញ្ញា​ផង​ដែរ។

 

ចង់​ដឹង​ថា​វីដេអូ​នេះ​ទាក់ទាញ និង​ប្លែក​ជាង​គេ​​បែប​ណា​នោះ សូម​មើល​ដូច​ខាង​ក្រោម៖

 

http://youtu.be/54uzEouACYs

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ traveller

អត្ថបទថ្មី