​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ពេល​​ឃើញ​វត្ថុ​បុរាណ​ខ្មែរ​​ត្រូវ​បាន​ដាក់​លក់​តាម​អ៊ីនធ័រណេត​​

  • 2014-11-29 18:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​មិន​​មែន​​​លើក​ទី​មួយ​ទេ​ ដែលគេហទំព័រ​​បរទេស​​បាន​ដាក់​លក់​​រតនៈ​វត្ថុ​របស់ខ្មែរ ​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក​​ ​តាម​ប្រព័ន្ធ​​អ៊ីនធឺណេត​​​ ​។ ​ ​អ្នក​​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​​ភាគ​ច្រើន​​ជា​យុវជន​​​​​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ពន់​ពេក ​ដែល​វត្ថុ​បុរាណ​ខ្មែរ​ត្រូវ​បាន​ដាក់​លក់​យ៉ាង​ដូច្នេះ​។

 

ឈ្មោះ​លើ​បណ្តាញ​សង្គម​​​យុវជន ​Lina Swb បាន​​សរសេរ​ថា​​ “​មិន​មែន​មាន​តែ​១​ហ្នឹង​ទេ​ តែ​មាន​វត្ថុ​បុរាណ​ខ្មែរ​រាប់​រយ​មុខ​ទៀត​ កំពុង​ស្ថិត​ក្នុង​សារ​មន្ទីរ​ធំ​ៗ​​ សារមន្ទីរ​ឯកជន​របស់​ពួក​អភិជន​នៅ​បារាំង​ អង់គ្លេស​ ​អេស្បាញ​ អ៊ីតាលី ​អាមេរិក​ ​ថៃ​​ និង​ទីផ្សារ​លក់​វត្ថុ​បុរាណ​របស់​អន្តរជាតិ​​។​ វត្ថុ​បុរាណ​អស់​ហ្នឹង​បាត់​បង់​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​​​ បើ​តាម​ខ្ញុំ​ឮ​​ខ្លះ​ៗ​មក​ ​វត្ថុ​បុរាណ​ខ្លះ​មាន​ចុះ​លេខ​បញ្ជី​នៅ​ UNESCO​ និង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ ដែល​បញ្ជាក់​ថា​ ជា​របស់​ខ្មែរ​យើង​​ចឹង​មិន​អាច​ត្រូវ​បាន​លក់​ដូរ​​ឬ​ ចល័ត​បាន​ឡើយ ​ហើយ​គ្រប់​ប្រទេស​ ​គ្រប់​បុគ្គល​កាន់​កាប់​ត្រូវ​បញ្ជូន​វត្ថុ​ហ្នឹង​មក​ឲ្យ​ម្ចាស់​ដើម​វិញ​​ តែ​វត្ថុ​ខ្លះ​ទៀត​អត់​មាន​ចុះ​លេខ​សំគាល់​អី​ទេ​ តែ​ស៊ី​សង​លើ​ភស្តុតាង​យើង​អះអាង​ថា​ជា​សម្បត្តិ​របស់​យើង ​ហើយ​អាស្រ័យ​លើ​សន្ដាន​ចិត្ត​របស់​អ្នក​កាន់​កាប់​វត្ថុ​ហ្នឹង​ ជួន​កាល​អ្នក​ខ្លះ​សុខ​ចិត្ត​ចាយ​លុយ​រាប់​សិប​ម៉ឺនដុល្លារ​ ដើម្បី​ទិញ​វត្ថុ​បុរាណ​ហ្នឹង​ពី​ឈ្មួញ​ ហើយ​យក​មក​ប្រគល់​ឲ្យ​យើង​វិញ​ ដូច​បដិមា​ធំ​មួយ​ ដែល​គេ​យក​ចេញ​ពី​ក្រុម​ប្រាសាទ​កោះ​កេរ​ ​ខេត្ត​ព្រះវិហារ​ ​មាន​សេដ្ឋី​អាមេរិក​ម្នាក់​ សុខ​ចិត្ត​ប្រគល់​មក​ឲ្យ​យើង​វិញ​”។​

 

 

យុវជន​មួយ​រូបទៀត​​បាន​សរសេរ​​នៅ​​លើ​បណ្តាញ​សង្គម​ថា​​ បើ​វត្ថុ​បុរាណ​នេះ​ ជា​របស់​ខ្មែរ​​ពិត​រដ្ឋាភិបាល​គួរ​​ទិញ​យក​មក​វិញ​សម្រាប់​តម្កល់​ទុក​ ក្នុង​សារ​មន្ទីរជាតិ​ប្រយោជន៍​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ និង​ជា​កេរ្តិ៍​ដំណែល​ត​ទៅ​។ យុវជន​ម្នាក់​ផេ្សង​ទៀត​បាន​​សរសេរ​ថា​​ "ឃើញ​រូបភាព​នេះ​ភ្លាម​ ខ្ញុំ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​​ដែល​វត្ថុ​បុរាណ​​មិន​អាច​កាត់​ថ្លៃ​បាន​ត្រូវ​បាន​ដាក់​លក់​យ៉ាង​ដូច្នេះ”។

 

គេហទំព័រ​មួយ​ ដែល​មាន​​អាសយដ្ឋាន​​ http://www.antiquebuddhas.com/HM001.html ​បាន​ដាក់​លក់​វត្ថុ​បុរាណ​មាន​​ជាអាទិ៍​​ ​​ ពូថៅ កង​ដៃ ព្រះ​ខាន់ ​ធ្វើ​អំពី​សំរិទ្ធិ​ ហើយ​​គេ​ជឿ​ថា​វត្ថុ​ទាំង​អស់​នេះ​ស្ថិត​ ក្នុង​សតវត្ស​ទី​១០ ​និង​ទី​១១ ​។​

 

លោក​​បណ្ឌិត​ ជិន​ ច័ន្ទរតនា​ បុរាណ​វិទូ​​ធ្លាប់​បាន​រៀបរាប់​ថា ​​​រតនៈ​វត្ថុ​ទាំង​នេះ​ពិត​ជា​​​មិន​អាច​កាត់​ថ្លៃ​បាន​ទេ ​ព្រោះ​វា​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ជាតិ ​និង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ ព្រម​ទាំង​សង្គម​ខ្មែរ​នាសម័យ​នោះ​ ។ ​យើង​ឃើញ​មាន​​គេហទំព័រ​បរទេស​ជា​ច្រើន​បាន​ដាក់​​លក់​វត្ថុ​បុរាណ​ខ្មែរ​។ ជា​ធម្មតា ​បើ​សិន​ជា​យើង​​ដឹង​អំពី​ប្រភព​​ ឆ្នាំ​ដែល​គេ​លួច​ និង​ទីតាំង​ដែល​វត្ថុ​នោះ​ត្រូវ​បាន​គេ​តម្កល់ ​គឺ​យើង​អាច​ទាម​ទារ​មក​បាន​។ ប៉ុន្តែ​ចំពោះ​វត្ថុ​តូចៗ​របៀប​នេះ​ វា​ពិបាក​ណាស់​ ព្រោះ​យើង​មិន​ដឹង​ថា​បាត់​តាំង​ពី​ឆ្នាំ​ណា​?​ ស្ថិត​នៅ​កន្លែង​ណា​? ខណៈ​កម្ពុជា​បច្ចុប្បន្ន​មាន​​ជាង​៣០០០ ប្រាសាទ​ និង​ជាង​ ៣០០០​ប្រាសាទ​ទៀត​នៅ​​លើ​ទឹក​ដី​សៀម។ តែ​បើ​សិន​ជា​មាន​សប្បុរស​ជន​ណា​​ទិញ​វត្ថុ​ទាំង​នេះ​ រួច​ហើយ​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​គឺ​អាច​ទៅ​រួច​៕

 

ខាង​ក្រោម​​នេះ ​គឺ​ជា​គេហទំព័រ​លក់​វត្ថុ​បុរាណ​ខ្មែរ៖​

 

http://www.gandhara.com.au/khmer1_stone.html http://www.gandhara.com.au/khmer2_stone.html http://www.gandhara.com.au/khmer3_bronze.html http://www.gandhara.com.au/khmer5_crystal.html http://www.gandhara.com.au/khmer4.html http://www.gandhara.com.au/khmer_gold.html http://www.gandhara.com.au/khmer_showcase1.html http://www.gandhara.com.au/khmer_showcase2.html http://www.gandhara.com.au/khmer_showcase3.html

 

អត្ថបទ៖មៃ សុខលីម