អ្នក​​លក់​​​​ហ្គាសធ្លោយ​ប្រាប់​​រឿង​​ប្រើ​​​ធុង​​ហ្គាស​​ដែល​​មាន​​សុវត្ថិភាព​

  • 2014-11-29 16:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​កំប៉ុង​ហ្គាស​តែង​លឺ​ជា​ញឹក​ញាប់ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ព្រួយ​បារម្ភ​ជា​ខ្លាំង។ Sabay បាន​សាក​សួរ​អ្នក​លក់​ហ្គាស​ពី​ការ​ទុក​ដាក់​​ឲ្យ​មាន​សុវត្ថិភាព។ អ្នក​លក់​ប្រាប់​ថា កំប៉ុង​ហ្គាស​ធំ​ងាយ​ទុក​ដាក់ និង​មាន​សុវត្ថិភាព​ជាង​កំប៉ុង​តូច។​

 

អ្នក​ស្រី​ទូច ​​ម្ចាស់​ដេប៉ូ​ចែក​ចាយ​ហ្គាស​បោះ​ដុំ​ និង​រាយ​ព្រម​ទាំង​មាន​បញ្ចូល​ហ្គាស​ផង ​នៅ​ស្ពាន​ឈើ​ច្បារ​អំពៅ​ប្រាប់​ថា ​កំប៉ុង​ហ្គាស​តូច​ៗ​ដែល​មាន​ចំណុះ​៣​ខាំ ងាយ​ផ្ទុះ​ជាង​កំប៉ុង​ហ្គាស​ធំ​ៗ​ដែល​មាន​ចំណុះ​១៥​គីឡូក្រាម ។

 

 

  អ្នក​ស្រី​ថា អា​ធំ​មាន​សុវត្ថិភាព​ជាង​អា​តូច ព្រោះ​សំបក​វា​ក្រាស់​ជាង។ អា​តូច តែ​កាល​ណា​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​វា​រីក​មាឌ​នឹង​ផ្ទុះ អា​តូច​ទុក​តែ​មិន​ស្រួល​ត្រូវ​កម្លៅ​ថ្ងៃ​យូរ​ផ្ទុះ​មិន​ខាន។ អា​ធំ​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​មិន​មាន​ការ​បារម្ភ​ច្រើន​ដូច​កំប៉ុង​តូច​ឡើយ។

 

"អា​តូច​យ៉ាប់​រឿង​រក​កន្លែង​ទុកដាក់ ព្រោះ​វា​ងាយ​ផ្ទុះ ទោះ​មិន​បើក​ប្រើ​ឲ្យ​តែ​ទុក​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​ក្ដៅ​យូរ​នឹង​អាច​ផ្ទុះ ប៉ុន្តែ​អា​ធំ​វិញ​ទុក​ម៉េច​ក៏មិន​អី​ដែរ ប្រយ័ត្ន​តែ​ពេល​បើក​ប្រើ​ទេ។ តែ​វា​អាច​ផ្ទុះ​លុះ​ណា​តែ​បើក​ប្រើ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ឬ​ជា​ធុង​ហ្គាស​ច្នៃ នោះ​អាច​កើត​មាន​ឡើង​នូវ​ហានិភ័យ"។ អ្នក​ស្រី បញ្ជាក់​យ៉ាង​ដូច្នេះ។

 

បន្ថែម​ពី​លើ​នេះ លោក ជា សាន់ អាជីវករ​ប្ដូរ​ហ្គាស​ធុង​ធំ​ប្រមាណ​២០​ឆ្នាំ នៅ​ជិត​ស្ពាន​ព្រះ​មុន្នី​វង្ស និយាយ​ថា ពិត​ណាស់! បើ​ប្រៀប​ធៀប​កំប៉ុង​តូច​និង​ធំ​ អា​ធំ​ងាយ​ស្រួល​ជាង ។ អា​តូច ជួន​កាល​ដាក់​ចោល​តែ​ហាល​ថ្ងៃ​ក៏​ផ្ទុះ​ដែរ តែ​បើ​អា​ធំ​វិញ​ទុក​ហាល​ថ្ងៃ​មិន​ថ្វី​ឡើយ។ ​ តែ​ទោះ​យ៉ាង​ណា វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ផង​ដែរ កុំ​អាង​តែ​កំប៉ុង​ហ្គាស​ធំ​មិន​អី ធ្វេស​ប្រហែស​នោះ​ ព្រោះ​វា​គ្រាន់​តែ​ងាយ​ទុក​ដាក់​ជាង​កំប៉ុង​តូច​ប៉ុណ្ណោះ ប៉ុន្តែ​វា​នូវ​តែ​អាច​ផ្ទុះ​បាន​ដូច​គ្នា ដរាប​ណា​អ្នក​ប្រើ​ប្រាស់​ខ្ជី​ខ្ជា​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ចម្អិន ធុង​ចាស់​ជ្រុល ធ្លុះ​ធ្លាយ ឬ​បើក​ប្រើ​នៅ​ជិត​សាំង ប្រេង​កាត និង​ជិត​អ្នក​ជក់​បារី​ជា​ដើម។

 

លោក​បន្ត​ថា កំប៉ុង​តូច​គួរ​រក្សា​ទុក​នៅ​កន្លែង​មាន​សីតុណ្ហភាព​ត្រជាក់ កាន់​តែ​ត្រជាក់​កាន់​តែ​ល្អ និង​មិន​គួរ​ប្រើ​ប្រាស់​យូរ​ម៉ោង​នៅ​ពេល​ដាំ​ស្ល​។ ម្យ៉ាង​ទៀត បើ​កំប៉ុង​ចាស់​ហួស​ហេតុ​ក៏​មិន​គួរ​ប្រថុយ​ប្រើ​ផង​ដែរ។

 

សូមអាន៖  ថ្នាំ​ក្លែង​ក្លាយ​ជាង​៦​តោន ​ត្រូវ​បាន​ដុត​កម្ទេច​​ចោល​​

 

អត្ថបទ៖ លឹម សុ​នា​

រូបភាព៖ oddjam.com

អត្ថបទថ្មី