យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មី តូយ៉ូតា​អនុញ្ញាតិ​អតិថិជន​ទិញ​រថយន្ត​បង់​រំលស់

  • 2014-11-29 20:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តូយ៉ូតា​បាន​ដាក់​ដំណើរការ​សេវា​បង់រំលស់ "តូយ៉ូតា​កម្ពុជា​ហ្វាយណែន" ដែលជា​យុទ្ធសាស្រ្ត​​​​ថ្មី​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​របស់​អតិថិជន និង​​ដើម្បី​ពង្រីក​​​ទីផ្សារ​ប្រើប្រាស់​រថយន្ត​តូយ៉ូតា​នៅ​កម្ពុជា។

 

 

 

លោក លី ប៊ុនហៃ នាយក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន​តូយ៉ូតា​ខេមបូឌា​បានឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​បង់​រំលស់ "តូយ៉ូតា​កម្ពុជា​ហ្វាយណែន" ដោយសារ​ក្រុមហ៊ុន​មើល​ឃើញ​ថា​នឹង​អាច​ជួយ​​ទាក់ទាញ​ការ​គាំទ្រ​ពី​អតិថិជន ជាពិសេស​ការ​ពង្រីក​ទីផ្សារ​ប្រើប្រាស់​រថយន្ត​តូយ៉ូតា​ឲ្យ​មាន​ការ​កើនឡើង​បន្ថែម​ទៀត។

 

"ឆ្នាំ ២០១៤ នេះ យើង​បាន​ដាក់​ផែនការ​លក់​រថយន្ត​តូយ៉ូតា​ឲ្យ​បាន ១.៣០០ គ្រឿង នៅ​ទីផ្សារ​កម្ពុជា។ ដូច្នេះ​​​ជាមួយ​ការ​អនុវត្ត​​​គម្រោង​នេះ យើង​ជឿជាក់​ថា​នឹង​ជួយ​ជំរុញ​​កំណើន​ការ​លក់​រថយន្ត​តូយ៉ូតា​ ក៏​ដូចជា​អាច​ឲ្យ​ក្រុមហ៊ុន​​សម្រេច​ផែនការ​លក់​ដែល​បាន​គ្រោង​ទុក។

 

​បន្ថែម​ពី​នេះ លោក លី ប៊ុនហៃ បាន​អះអាង​ថា ​​ការ​ដាក់​ដំណើរការ​សេវា​បង់​រំលស់​​​នេះ ក៏​​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដែល​ខ្វះ​ថវិកា​ឲ្យ​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​កាន់​តែ​ច្រើន​ ដែល​នេះ​ពិត​ជា​នឹង​​​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​ជជុះ​ដែល​​ខ្វះ​ស្តង់ដា ​និង​ដែល​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​និង​បង្ក​បញ្ហា​ជា​ច្រើន​នៅ​លើ​ដង​ផ្លូវ។

 

ការ​ដាក់​ដំណើរការ​សេវា​បង់​រំលស់​ ត្រូវ​បាន​ក្រុមហ៊ុន​តូយ៉ូតា​ដាក់​អនុវត្ត​នៅ​តាម​ប្រទេស​ធំៗ​ជាង ៣៥ ជុំវិញ​ពិភពលោក និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ ក្រុមហ៊ុន​តូយ៉ូតា​បាន​បញ្ជាក់​ថា សម្រាប់​សេវា​បង់​រំលស់​ "តូយ៉ូតា​កម្ពុជា​ហ្វាយណែន" នេះ អតិថិជន​អាច​សម្រេច​ចិត្ត​ដោយ​ផ្តើម​ការ​បង់ប្រាក់​មុន​ចាប់​ពី ៣០ ទៅ ៥០ ភាគរយ​នៃ​តម្លៃ​រថយន្ត និង​អាច​ជ្រើសរើស​រយៈ​ពេល​បង់ប្រាក់​ចាប់​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។

 

ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ក្រុមហ៊ុន​តូយ៉ូតា ឬ​តាម​លេខ​ទំនាក់ទំនង ០១៧ ២២២ ៥៣២/ ០១៧ ៣៣៣ ៥០៣

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី