អេបូឡាផ្តាច់ជីវិតមនុស្សជាង ៣ពាន់នាក់ហើយ
- 2014-09-27 17:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេបូឡាផ្តាច់ជីវិតមនុស្សជាង ៣ពាន់នាក់ហើយ
ចន្លោះមិនឃើញ
មកទល់ពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា មេរោគមរណៈអេបូឡាឆក់យកជីវិតមនុស្សនៅអាហ្វ្រិកខាងលិចលើសពី ៣០០០នាក់ហើយ។
មន្ត្រីកាកបាទក្រហមលីបេរីយ៉ា កំពុងសែងសពជនរងគ្រោះដោយអេបូឡា
ទិន្នន័យចុងក្រោយ បានបង្ហាញថាមនុស្សច្រើនជាង ៦៥០០នាក់បានឆ្លងមេរោគនេះក្នុងតំបន់ដែលកំពុងមានការផ្ទុះឡើងខ្លាំង ហើយលីបេរីយ៉ាគឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ប្រហែល ១៨៣០នាក់។ ចំណែកឯអ្នកបំពេញការងារសុខភាព ២១១នាក់បានបាត់បង់ជីវិត និង៣៧៥នាក់ទៀតក៏បានឆ្លងមេរោគនេះដែរ។
ការរីករាលដាលជាថ្មីនៃមេរោគកំណាចអេបូឡាឆ្នាំនេះ បានឆក់យកជីវិតមនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចាត់ទុកថា "អេបូឡាកំពុងគំរាមកំហែងសន្តិសុខសាកលលោក" និងកំពុងបញ្ជូនទាហាន ៣០០០នាក់ទៅលីបេរីយ៉ា ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ។
ចុចអាន៖ ការឆ្លងអេបូឡានឹងកើនឡើង១.៤លានករណី បើគ្មានវិធានការទប់ស្កាត់
លោក បារ៉ាក់ អូបាម៉ា កំពុងថ្លែងពីបញ្ហាអេបូឡា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៦៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ
ការសិក្សាថ្មីៗ បានបង្ហាញក្ដីព្រួយបារម្ភថា អេបូឡាអាចនឹងឆ្លងដល់មនុស្សច្រើនជាង ២ម៉ឺននាក់នៅខែវិច្ឆិកាខាងមុខ ប្រសិនបើគ្មានវិធានការណាមួយអាចទប់ស្កាត់បានទេនោះ។ ទោះយ៉ាងណាមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅឡើយទេ ហើយថ្នាំព្យាបាលក៏មិនទាន់រកឃើញថាអាចកម្ចាត់មេរោគនេះបានដែរ៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ bbc
រូបភាពផ្ដល់សិទ្ធិដោយ AFP