​ម្ចាស់​​ហាង​​ប្រើ​​គ្រឿងញៀន​​ក្នុង​​គុយទាវ​​ត្រូវ​​​ចាប់​ដាក់​​​​គុក​

  • 2014-09-28 18:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​គុយទាវ Yan'an ​ក្នុង​ខេត្ត Shaanxi ​ប្រទេស​ចិន​ម្នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់​ប៉ូលិសរក​ឃើញ​ថា ​លោក​បាន​ដាក់​អាភៀន​​ក្នុង​អាហារ ក្នុង​គោល​បំណង​ទាញ​​ឱ្យ​​អតិថិជន​មក​​រាល់​ថ្ងៃ។

 

 

បើ​យោង​តាម​ប៉ូលិស ម្ចាស់ហាង​ឈ្មោះ Zhang សារភាព​​ថា លោក​​បាន​កិន​ផ្កា​អាភៀនដាក់​ចូល​ ក្នុង​អាហារ​របស់​ភ្ញៀវ​មែន។ ​​​ បណ្ដាញ​ព័ត៌មានHua Shang Bao Daily ​រាយការណ៍​ថា ការ​សារភាព​របស់ Zhang បាន​ធ្វើ​ឡើង​​ក្រោយ​​អតិថិជន​ម្នាក់ ត្រូវ​ប៉ូលិស​ធ្វើតេស្ត​ឃើញ​សារធាតុ​ញៀន​ ពេល​​ជាប់​ចរាចរណ៍​តាម​ផ្លូវ​នៅ​​ដើម​ខែ​នេះ។

 

លោក Liu Juyou វ័យ​២៦​ឆ្នាំ​ដែល​ជា​ភ្ញៀវ បាន​សម្ដែង​អារម្មណ៍​មិន​យល់ ក្រោយ​​ប៉ូលិស​រក​ឃើញ​​សារធាតុ​ញៀន ដែល​អាច​ធ្វើ​​ញៀន​​ខ្លាំង​និង​​​បណ្ដាល​ឱ្យ​ស្លាប់​​យ៉ាងដូច្នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ជា​មនុស្ស​ស្អាតស្អំ។

 

លោកZhang បាន​ទិញ​ផ្កា​អាភៀន​២​គីឡូក្រាម​ក្នុង​តម្លៃ​១០០​ដុល្លារ​កាល​ពី​ខែ​សីហា ហើយ​កិន​ដាក់​ក្នុង​គុយទាវ ដើម្បី​បង្កើន​រសជាតិ​ហើយ​​ធ្វើ​ឱ្យ​មុខ​ជំនួញ​ប្រសើរ​ឡើង។ ​

 

ចំណែក​ចុងភៅ​​​ហាង​នេះ​ក៏​សារភាព​​ថា ពិត​ជា​ដាក់​អាភៀន​ក្នុង​គុយទាវ​ពិត​មែន ហើយ​លោក​ត្រូវ​ជាប់​គុក​១០​ថ្ងៃ ខណៈ​ម្ចាស់​ហាង​ប្រភព​មិន​បាន​បញ្ជាក់​ថា ជាប់​គុក​ប៉ុន្មាន​ខែ​ឬ​ឆ្នាំ​ទេ។ អាភៀន​ជា​​​រុក្ខជាតិ​ញៀន ដែល​អាច​ធ្វើ​ឱ្យ​អាហារ​មាន​ឱជារស​ឆ្ងាញ់ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ញៀន​ខ្លាំង​បើ​ប្រើ​ច្រើន​លើសលប់​នោះ៕ ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Mirror

អត្ថបទពេញនិយម