ការពិត​១០​យ៉ាង អ្នក​មិន​ដឹងពី​ លី លានជា

  • 2014-12-05 17:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​រយៈ​ការ​​សម្ដែង​​ឈុត​​វាយ​តប់​​ដ៏​ប៉ិនប្រសប់ និង​​ទេពកោសល្យ​​​​ពី​កំណើត​​ តារា​ភាព​យន្ត ផលិតករ និង​​តារា​ក្បាច់គុន Jet Li ឬ​លី លានជា បាន​​ទទួល​ភាព​ល្បីល្បាញ​ពេញ​ពិភពលោក។ ភាព​ល្បីល្បាញ​ បាន​ធ្វើ​ឱ្យ​តារា​មុខស្រស់​រូបនេះ មាន​ឱកាស​ចូល​​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ធំៗ​របស់​ចិន និង​​ហូលីវូដ​របស់​អាមេរិក។ អ្នកណា​ក៏​ស្គាល់ ប៉ុន្តែ​រឿង​ពិត​១០​យ៉ាង​នេះ ប្រិយមិត្ត​ខ្លះ​ប្រហែល​មិន​ទាន់​ដឹង​នៅ​ឡើយ។ ​

 

 

១. Jet Li បាន​សម្ដែង​​ជា​តួអង្គ​អាក្រក់ ក្នុង​រឿង​ហូលីវូដ​លើក​ដំបូង​របស់​ខ្លួន "Lethal Weapon 4" ​នៅ​ឆ្នាំ​១៩៩៨ មុន​សម្ដែង​ខ្សែ​ភាពយន្ត "Romeo Must Die" ឆ្នាំ​២០០០។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​មាន​វត្តមាន​ក្នុង​រឿង​ហូលីវូដ​ផ្សេង​ទៀត​ដូចជា "Forbidden Kingdom" ជាមួយ Jackie Chan នៅ​ឆ្នាំ​២០០៨។  

២. ឈ្មោះ​ពិត​របស់ Jet Li គឺ លី លានជា ( Li Lian Jie)។ ព្រោះ​ឈ្មោះ​ដើម​របស់​លោក​ពិបាក​ហៅ​ពេក លោក​ត្រូវ​ក្រុមហ៊ុន​មួយ​នៅ​ហ្វីលីពីន ដាក់​​ឈ្មោះ​ក្រៅ​ថា Jet ព្រោះ​​តារា​រូបនេះ មាន​ភាព​រហ័សរហួន និង​សង្ហា ហើយ​ឈ្មោះ​នេះ​ក៏​ជាប់​មក​រហូត​។  

៣. តារា​​ក្បាច់គុនរាង​សង្ហាមុខ​ស្រស់ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​១៩៦៣ នៅក្នុង​ខេត្ត​ Hebei​ ​ជាយក្រុង​ប៉េកាំង ។ ​  

៤. សមត្ថភាព​រាងកាយដ៏​អស្ចារ្យ​របស់ ​Li ​បាន​មក​ពី​ការ​ហាត់​គុន​​ចិន Wushu។ កាល​​នៅ​​​កុមារ លី លានជា បាន​ចុះឈ្មោះ​ចូល​រៀនសាលា​គុន​មួយ ហើយ​គ្រូ​​សាលាគុន​​នោះ ក៏​ចាប់​អារម្មណ៍​លើ​​ទេពកោសល្យ​ធម្មជាតិ​របស់​គេ។  

៥. មុន​​វ័យ​ជំទង់ Jet Li បាន​ឈ្នះ​ពាន​​ក្បាច់គុនជាតិ Wushu ចំនួន​៥ដង។  

៦. ក្នុង​ឆ្នាំ​១៩៧៤ ​ពេល​អាយុ​១១​ឆ្នាំ Li ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​សម្ដែង​រឿង​ក្បាច់គុន Wushu ជូន​ប្រធានាធិបតី​ទី​៣៧​អាមេរិក Richard Nixon ទស្សនា​ក្នុង​សេតវិមាន។  

៧. ពេល​វ័យ​១២​ឆ្នាំ Li ​ត្រូវ​ផលិតករ​ខ្សែ​ភាពយន្ត កុងហ្វូ ​បង្ហាត់បង្រៀន។ នៅ​វ័យ​១៧​ឆ្នាំ លោក​ត្រូវ​គេ​ឱ្យ​ដើរតួ​ឯក​ក្នុង​រឿង "វិហារ​សៅ​លិញ" (The Shaolin Temple)​។  

៨. Li នៅ​លើ​កោះ Maldives ក្នុង​មហាសមុទ្រ​ឥណ្ឌា ពេល​មាន​កើត​ខ្យល់ព្យុះ សូណាមិ ក្នុង​ឆ្នាំ​២០០៤។ លោក​រង​របួស​ជើង ខណៈ​ជួយ​​កូនស្រី​លោក ​ទៅ​កាន់​កន្លែង​សុវត្ថិភាព។  

៩. Li បាន​រៀបការ​ជាមួយ​បវរកញ្ញា​ឯក Miss Asia Pacific ​ឆ្នាំ​១៩៨៦ ឈ្មោះ Nina Li Chi ក្នុង​ឆ្នាំ​១៩៩៩។ លោក​បាន​បដិសេធ​​មិន​សម្ដែង​រឿង "Crouching Tiger" និង "Hidden Dragon" ព្រោះ​តែ​ប្រពន្ធ​មាន​ទម្ងន់។  

១០. លោក​ជា​អគ្គរដ្ឋ​ទូត​កាកបាទក្រហម​ចិន និង​ជា​ស្ថាបនិក​អង្គការ​សប្បុរសធម៌ Jet Li One Foundation Project។ អង្គការ​នេះ ជួយ​ផ្ដល់​ជំនួយ​ដល់​​ជន​រងគ្រោះ​ ដោយ​គ្រោះធម្មជាតិ និង​មនុស្ស​មាន​បញ្ហា​សតិ៕

 

អាន៖ តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

 

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Worldmovies