Van Gaal ត្រៀមចាយលុយធំ ជួយក្រុមលើកពាន
- 2014-12-05 16:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal ត្រៀមចាយលុយធំ ជួយក្រុមលើកពាន
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានត្រៀមកញ្ចប់ប្រាក់១៥០លានផោន (ប្រមាណ២៣៤លានដុល្លារអាមេរិក) រួចរាល់ហើយក្នុងការនាំយកកីឡាករ៤ទៅ៥នាក់មក Old Trafford នៅរដូវកាលដោះដូរកីឡាករនាខែមករា ដើមឆ្នាំក្រោយនេះ ដើម្បីបំពេញទម្រង់លេងរបស់អ្នកចាត់ការ Louis van Gaal។
"Gaal-actico Revolution at Old Trafford" ជាពាក្យសម្ដីរបស់លោក Van Gaal បាននិយាយដើម្បីកែប្រែមុខមាត់ថ្មីរបស់បិសាចក្រហមទៅថ្ងៃមុខ។ ហើយក្បួននេះដែរគឺយកទម្រង់តាម Real Madrid ដែលទិញកីឡាករខ្លាំងៗមកដាក់គ្រប់តំបន់ដើម្បីឱ្យក្រុមក្លាយជាយក្សមួយដែលមិនអាចមាននរណាមកប្រៀបបាន ប៉ុន្តែការចំណាយខ្លាំងក៏ត្រូវតែទទួលបានអ្វីមកវិញច្រើនដែរ។ នេះជាពាក្យដែល Van Gaal បានប្រាប់ទៅកាន់អ្នកគាំទ្រទាំងអស់។
Man Utd រដូវកាលដោះដូរកីឡាករមុននោះ បានចំណាយអស់២១៥លានផោនរួចទៅហើយ ដើម្បីទិញកីឡាករមកពង្រឹងក្រុម ប៉ុន្តែហាក់ដូចជាមិនទាន់អាចកែប្រែក្រុមទាំងមូលឱ្យទៅជាបិសាចខ្លាំងដូចមុននៅឡើយទេ។ ដោយឡែក១៥០លានផោននេះទៀត គឺជាការចំណាយចុងក្រោយរបស់អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ ដើម្បីទិញកីឡាករដែលត្រូវជំនាញ និងមានសមត្ថភាពពិតប្រាកដ ហើយចំនួនទឹកប្រាក់ច្រើនសន្ធឹកនេះនឹងត្រូវចំណាយទិញកីឡាករដូចជា Dani Alves , Arjen Robben , Mats Hummels Diego Godin និង Kevin Strootman ។
ទន្ទឹមនឹងការចំណាយច្រើននេះ Man Utd ក៏បានត្រៀមលក់កីឡាករចេញច្រើនដែរ គឺអាចដល់ទៅ១០នាក់ឯណោះនៅខែមករាខាងមុខនេះ។ កីឡាករដែលត្រូវបានឱ្យគេខ្ចីជើងនោះ ក៏ Val Gaal មិនចង់យកមកវិញដែរ ដូចជា Nani , Javier Hernandez , Tom Cleverley , Wilfried Zaha និង Nick Powell ប្រហែលជាត្រូវលក់ចេញតែម្ដង។ ចំណែក Darren Fletcher , Robin van Persie , Ashley Young , Phil Jones , Chris Smalling និង Rafael សុទ្ធតែនៅកុងត្រា១ឆ្នាំ ហើយក៏ស្ថិតក្នុងបញ្ជីកីឡាករដែលអាចលក់ចេញរបស់អ្នកចាត់ការវ័យ៦៣ឆ្នាំខាងលើនេះដែរ។
ចាំមើលថា បច្ចុប្បន្ន Van Gaal នាំកីឡាករចូល៦នាក់ អាចជួយក្រុមមកឈរលេងរៀងទី៤បណ្ដោះអាសន្ន ចុះបើអាចនាំបន្ថែមកីឡាករ ៤-៥នាក់ទៀតមកចូល Old Trafford តើអាចនាំក្រុមនេះទៅលេង Champions League បានឬអត់រដូវកាលក្រោយ?
ចុចអាន៖ Pep Guardiola សង្ឃឹមថានឹងអាចដឹកនាំ Man Utd នៅថ្ងៃណាមួយ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖dailymail , manutd