តាម​ពិត ឃាតក​ស្រី Maggie Q ជា​កូន​កាត់​វៀតណាមសោះ

  • 2014-12-06 19:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តួ​លេចធ្លោ​ជាង​គេ ក្នុង​ខ្សែ​ភាពយន្ត​ចិន "ឃាតក​ស្រី" (Naked Weapon )" Margaret Denise Quigley ឬ Maggie Q ត្រូវ​បាន​ប្រិយមិត្ត​ភាគច្រើន​យល់ច្រឡំ​​ថា នាង​ជា​ជនជាតិ​ចិន ប៉ុន្តែ​តាម​ពិត​​នាង​ជា​តារា​សម្ដែង អាមេរិក កាត់​វៀតណាម អៀរឡង់ និង​ប៉ូឡូញ។

 

ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត លាយ​ឈុត​ក្ដៅ​សាច់​ខាងលើ តារា​ស្រី​វ័យ​៣៥​ឆ្នាំ ទទួល​បាន​គាំទ្រ​ច្រើន ពី​សំណាក់​អ្នកទស្សនា។ មុន​​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​ដូច្នេះ តើ​នាង​មាន​ប្រវត្តិ​យ៉ាងណា​ខ្លះ?

 

Maggie Q កើត​នៅ​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​១៩៧៩។ នាង​ទទួល​បាន​ការ​គាំទ្រ​លើ​ឆាក​អន្តរជាតិ ខណៈ​សម្ដែង​​ស៊េរី​ភាពយន្ត​រន្ធត់ Nikita ​ របស់​ស្ថានីយ​ទូរទស្សន៍​អាមេរិក The CW (ចាក់​ផ្សាយ​ក្នុង​ឆ្នាំ​២០១០ ដល់ ២០១៣)។

 

 

ជីវិត និង​ការ​សិក្សា ធំដឹងក្ដី​​នៅ​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក Maggie Q មាន​ឪពុក​ជា​ជនជាតិ​អៀរឡង់ កាត់​ប៉ូឡូញ និង​ម្ដាយ​ជា​ជនអន្តោប្រវេសន៍​វៀតណាម។ ឪពុក​ម្ដាយ​របស់​នាង ជួប​គ្នា​ក្នុង​អំឡុង​ពេល​សង្គ្រាម​វៀតណាម ហើយ​បច្ចុប្បន្ន​នាង​មាន​បងប្អូន​បង្កើត​បួន​នាក់។

 

នៅ​សហរដ្ឋ​អាមេរិក Maggie បាន​ចូល​រៀន​​បឋមសិក្សា​ Mililani Waena ​​បន្ទាប់​ចូល​អនុវិទ្យាល័យ​​​ Wheeler​ និង​​វិទ្យាល័យ Mililani។ នាង​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ Mililani ក្នុង​ឆ្នាំ​១៩៩៧។ នាង​​បាន​ទទួល​អាហារូបករណ៍​អត្តពលកម្ម នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ និង​បាន​ចូល​រៀន​​ផ្នែក​វិទ្យាសាស្ត្រ​ពេទ្យ​សត្វ។

​​

ការងារសិល្បៈ ដោយ​មាន​ការ​ឱ្យ​យោបល់​ពី​មិត្តភ័ក្ដិ​ម្នាក់ Q បាន​ចាប់​ផ្ដើម​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូដ​ក្នុង​ទីក្រុង Tokyo នៅ​អាយុ​១៧​ឆ្នាំ មុន​ទៅ​ទីក្រុង​តៃប៉ិ (មិន​ជោគជ័យ) និង​ចុង​ក្រោយ​ទៅ​បង្ហាញ​ម៉ូដ​នៅ​ទីក្រុង​ហុងកុង។

​ ការ​បង្ហាញ​ខ្លួន​របស់​នាង​នៅ​ហុងកុង បាន​ធ្វើ​ឱ្យ​ ឈិន ឡុង ចាប់​អារម្មណ៍ និង​ជ្រើស​រើស​នាង​ ព្រោះ​តារា​ក្បាច់គុន​រូប​នេះ ឃើញ​ថា​នាង​មាន​សមត្ថភាព​​សម្ដែង​រឿង។ ការ​​យក​ចិត្តទុក​ដាក់​​បង្វឹក​ដ៏​ហ្មត់ចត់​របស់​ឈិន​ឡុង​​​បាន​ឲ្យ​នាង​យល់​​​ពី​សារសំខាន់​នៃ​វិជ្ជាជីវៈ និង​អាច​​ឲ្យ​នាង​សម្ដែង​ឈុត​គ្រោះថ្នាក់​បាន​ខ្លួន​ឯង​(Stunt)។ ​​

 

Q និយាយ​ថា៖ "ចាប់​តាំង​ប្រលូក​​​ក្នុង​សិល្បៈមក​ ​​ខ្ញុំ​មិនដែល​​រៀន​​ក្បាច់គុន​​ម្ដង​ណា​សោះ ​​ហើយ​មិន​អាច​សូម្បី​តែ​​​ឱន​កាន់​ម្រាមជើង​ខ្លួន”។ ​ការ​និយាយ​នេះ​នាង​ចង់​សំដៅ​ថា ​ការ​បំពាក់បំប៉ន​ពី​​ឈិន ឡុង​​ធ្វើ​ឲ្យ​នាង​រីកចម្រើន​ច្រើន។

 

ឆ្នាំ​១៩៩៨ នាង​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ " House of the Dragon” ដែល​ល្បី​ខ្លាំង​នៅ​អាស៊ី។ ឆ្នាំ​២០០០ នាង​​សម្ដែង​ជា​តួ Anna រឿង​រន្ធត់​បិសាច​ក្បាល​ពីរ (Model from Hell) និង​សម្ដែង​តួ ​Jane Quigley ជា​ភ្នាក់ងារ​ស៊ើបអង្កេត FBI ក្នុង​រឿង "Gen-Y Cops"។ ការសម្ដែង​របស់​នាង​ក្នុង​ខ្សែភាពយន្ត​នេះ ​ធ្វើ​ឱ្យឈិន ឡុង ស្ងើចសរសើរ​​នាង​ជា​ខ្លាំង ហើយ​​​ក៏​ត្រូវ​បាន​​គេ​ឱ្យ​សម្ដែង ​ក្នុង​ភាពយន្ត "Manhattan Midnight" និង "Rush Hour 2" ជាបន្តបន្ទាប់។ ​ឆ្នាំ​២០០២  Q បាន​​សម្ដែង​​រឿង​ក្បាច់គុន "​ឃាតក​ស្រី ឬ Naked Weapon”។

 

 

 

ជីវិត​បុគ្គល Q បាន​ចូល​រួម​ជាមួយ​អង្គការ​​ការ​ពារ​សិទ្ធិ​សត្វ​របស់​អាមេរិក PETA យុទ្ធនាការ​លើកស្ទួយ​​​អ្នក​តម​​សាច់​ប្រចាំ​នៅ​អាស៊ី។ កាល​ពី​មុន តារា​ស្រី​ពូកែ​ដាក់​អារម្មណ៍​​ឈុត​ស្នេហា​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​​តារា​ហុងកុង Daniel Wu តារា​សម្ដែង​រួម​គ្នា​ក្នុង​រឿង "កំពូល​នារី​ពិឃាដ"។

 

នាង​មាន​សាក់​បី​កន្លែង​នៅ​លើ​ខ្លួន​  ពីរ​នៅ​លើ​ដៃ​ទាំងពីរ និង​មួយ​ទៀត​នៅ​ត្រគាក​ខាងឆ្វេង។ នាង​​មាន​បញ្ហា​​ធ្ងន់ត្រចៀក​ខាងស្ដាំ ដោយសារ​ការ​បំផ្ទុះ​ពេល​ថត​រឿង៕ ​​

 

 

ខាងក្រោមនេះ ​ជារឿង​ដែល​នាង​បាន​សម្ដែង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ បរទេស

អត្ថបទថ្មី