បទ​សម្ភាស​ជាមួយ​កំពូល​តារា​សម្ដែង​ខ្មែរ​​ក្នុង​ភាពយន្ត​ហូលីវូដ ណុប ដារ៉ែន

  • 2014-09-13 19:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្រឹម​កន្លះ​ខែ​ប៉ុណ្ណោះ ​ភាពយន្ត​​​បាញ់ប្រហារ​ដ៏​ជក់ចិត្ត​​របស់​ហូលីវូដ​ “Lucy” ​​រក​ចំណូល​បាន​ដល់​ទៅ​ជាង​១២០ ​លាន​ដុល្លារ​ទៅ​ហើយ (គិត​តែ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​មួយ)។ ​​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថា​ភាពយន្ត​ដ៏​អស្ចារ្យ​នេះ​មាន​វត្តមាន​​​របស់​តារា​សម្ដែង​ខ្មែរ​​​ម្នាក់​ដែរ​គឺ​លោក ណុប ដារ៉ែន។ ​​​

តារា​សម្ដែង​​ខ្មែរ​​ដែល​កំពុង​រស់នៅ​​ប្រទេស​បារាំង​រូប​នេះ​មិន​មែន​ទើប​តែ​លេច​មុខ​​ក្នុង​ភាពយន្ត​ហូលីវូដ​មួយ​រឿង​នេះ​ទេ ​​កន្លង​មក​​លោក​ធ្លាប់​បង្ហាញ​ខ្លួន​​ក្នុង​ភាពយន្ត​​ល្បីៗ​​​មួយ​ចំនួន​​ដូចជា​ "From Paris with Love” ​និង​ “Tekken Tag Tournament 2”​ ជាដើម។ ​​​ខាងក្រោម​ជា​បទសម្ភាស​រវាង​ Sabay​​ និង​លោក ណុប ដារ៉ែន ពាក់ព័ន្ធ​នឹង​ប្រវត្តិ ក៏​ដូចជា​ការ​​សម្ដែង​​​របស់​លោក​នា​ពេល​កន្លង​មក។

​Sabay៖​ ​សួស្ដី​លោក​ (Daren)! ខ្ញុំ​​ឮ​ថា ​លោក​មាន​ឈាម​ជ័រ​ជា​ខ្មែរ។ អីចឹង​​ តើ​លោក​អាច​រៀបរាប់​ដោយ​សង្ខេប​ពី​ខ្លួន​ឯង​បន្តិច​បាន​ទេ?

ដារ៉ែន៖ ​ជម្រាបសួរ​បាទ! ​​បាទ ​ខ្ញុំ​ជា​ខ្មែរ​ដែល​កើត​នៅ​បារាំង។ ​​ឪពុកម្ដាយ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ ​ហើយ​សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ ​​​ខ្ញុំ​ជា​តារា​សម្ដែង​ ​តួ​ជំនួស​ (តួ​សម្ដែង​ឈុត​គ្រោះថ្នាក់) ​​និង​ជា​សមាជិក​ក្រុម​សម្ដែង​ឈុត​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ឈ្មោះ​ថា ​CASCADE DEMO TEAM។

Sabay៖​ ​​​បើ​តាម​ខ្ញុំ​ដឹង​លោក​ធ្លាប់​សម្ដែង​ក្នុង​រឿង​​ល្បីៗ​ជា​ច្រើន​ដូចជា​ "From Paris With Love”, Tekken Teg Tournament 2” ​និង​ចុងក្រោយ​គឺ​រឿង​ "Lucy” ​ដែល​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ជុំវិញ​ពិភពលោក។ ​តើ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ ​ទើប​​អាច​ឲ្យ​លោក​មាន​ឱកាស​សម្ដែង​ក្នុង​ភាពយន្ត​លំដាប់​​ហូលីវូដ​បែប​នេះ?

ដារ៉ែន៖ ​ដោយសារ​ខ្ញុំ​ជា​សមាជិក​ក្រុម​​ Stunt ​(តួ​សម្ដែង​ឈុត​គ្រោះថ្នាក់ ​ឬ​តួ​ជំនួស)​ ល្បី​ CASCADE DEMO ​​និង​មាន​បទ​ពិសោធន៍​​សម្ដែង​ក្បាច់​គុន​ច្រើន​ ទើប​​អ្នក​សម្របសម្រួល​​តួ​សម្ដែង​ឈុត​គ្រោះថ្នាក់​ជនជាតិ​បារាំង​លោក ​Alain Figlarz ​និង​លោក ​Laurent Demianoff ​​ហៅ​ខ្ញុំ​ឲ្យ​សាកល្បង ​និង​​បង្កើត​ឈុត​ឆាក​វាយ​តប់​ក្នុង​រឿង "Lucy" ក៏​ដូចជា​រឿង​ផ្សេងៗទៀត។

Sabay៖​ អាច​ប្រាប់​បាន​ទេ​ថា ​ CASCADE DEMO ​ជា​អ្វី ​ហើយ​លោក​បាន​ទទួល​អត្ថប្រយោជន៍​អ្វី​ពី​ការ​ចូលរួម​ក្នុង​ក្រុម​នេះ?

ដារ៉ែន៖ ខ្ញុំ​​ចូល​ក្នុង​ក្រុម​នេះ​ប្រហែល ៥ ឬ​ ៦​ ​ឆ្នាំ​ហើយ។ ​CASCADE DEMO ​ជា​ក្រុម​អ្នក​សម្ដែង​ឈុត​គ្រោះថ្នាក់​ដ៏​ល្បី​មួយ ​ដែល​កើត​ចេញ​​មិត្តភ័ក្ដិ ​និង​គ្រួសារ​របស់​សមាជិក​ក្រុម​ដែល​មាន​សមត្ថភាព​ផ្នែក​​វិជ្ជា​គុន។ ​​លោក Maurice Chan ​ជា​អ្នក​នាំ​ខ្ញុំ​ចូល​ទៅក្នុង​ក្រុម។ ​នេះ​ប្រហែល​មក​ពី​យើង​ជា​ខ្មែរ​ដូចគ្នា​ (សើច)។ ​តាម​ពិត​ទៅ​ខ្ញុំ​និង​គាត់ ​(Maurice Chan) ​ស្គាល់​គ្នា​យូរ​ហើយ។ ​នៅ​ក្នុង​ក្រុម​នេះ​​ខ្ញុំ​មាន​ឱកាស​សម្ដែង​​​ Show ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​នៅ​ក្នុង​ភាពយន្ត​ផង។

​​ Sabay៖​ ឃើញ​ថា ​ការ​បញ្ចេញ​ក្បាច់​ប្រយុទ្ធ​របស់​លោក​ពិត​ជា​រស់រវើក​មែនទែន ​តើ​លោក​អាច​​រៀបរាប់​បាន​ទេ​ថា ​លោក​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​តាំង​ពី​ពេល​ណា? ​​មូលហេតុ​អ្វី​ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ចូល​ហ្វឹកហាត់?

ដារ៉ែន៖ ​ខ្ញុំ​ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​អាយុ ១៤ ​ឆ្នាំ​មក​ម្ល៉េះ​ដោយ​កាលណោះ​ហ្វឹកហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ។ ​ក្រោយ​មក​ក៏​បន្ត​ហ្វឹកហាត់​​តេក្វាន់ដូ ​និងចុងក្រោយ​គេ​​គឺ​ហ្វឹកហាត់​​​​ក្បាច់​គុន​សម្ដែង​សមត្ថភាព​ពិសេស​ ​(Martial Art Tricking) ​ដោយសារ​នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ​មាន​គេ​ស្គាល់​​ច្រើន។ ​ឥលូវ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ជាមួយ​បងប្រុស​ខ្ញុំ​​ឈ្មោះ David Nop។ ​មូលហេតុ​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហ្វឹកហាត់​ដោយសារ​ខ្ញុំ​ស្រឡាញ់ ​និង​ចង់​តំណាង​ខ្មែរ​​នៅ​លើ​ឆាក​អន្តរជាតិ​ថា ​យើង​ក៏​អាច​ធ្វើ​បាន​ដូចគ្នា។

​​​​ Sabay៖ ​ខ្ញុំ​ឃើញ​លោក​សម្ដែង​ជា​តួ​ឯង​ក្នុង​រឿង​ខ្លី​មួយ​​មាន​ចំណងជើង​ថា ​"Shadow 13”។​​ តើ​វា​​គ្រាន់​តែ​ជា​​ឈុត​ខ្លី​ប៉ុណ្ណឹង​ ឬ​ជា​ឈុត​ឆាក​នៃ​ភាពយន្ត​វែង?​ ​ហើយ​តើ​រឿង​នេះ​មាន​គម្រោង​នឹង​ចាប់​បញ្ចាំង​នៅ​ពេល​ណា?

ដារ៉ែន៖ ​"Shadow 13” ​ជា​រឿង​ដែល​ខ្ញុំ​និពន្ធ​ដោយ​ផ្ទាល់​ក្នុង​ឆ្នាំ ​២០១៣។ ​តែ​ដោយសារ​គ្មាន​ពេល​ ​និង​គ្មាន​លុយ​គ្រប់​ផង​នោះ​ ​ខ្ញុំ​ថត​​រឿង​នេះ​ប្រើ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​និង​ប្រើ​លុយ​ខ្លួន​ឯង​តែ​ម្ដង។ ​ឥលូវ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ​គួរ​ថត​ជា​ភាពយន្ត​ ឬ​ថត​ជា​ស៊េរី​នៅ​ឡើយ​ទេ។ ​តែ​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ចំពោះ​រឿង​នេះ​ និង​ពិសេស​គឺ​បង្ហាញ​ស្ទីល​បែប​ពុទ្ធសាសនា។

Sabay៖ មាន​ឈាម​ជ័រ​ជា​ខ្មែរ​តើ​លោ​ក​ធ្លាប់​ទៅ​លេង​នៅ​កម្ពុជា​ទេ​កន្លង​មក?

ដារ៉ែន៖ បាទ​គឺ​កាល​ពី​ឆ្នាំ ២០០៩ ​កន្លង​ទៅ​ជាមួយ​ឪពុកម្ដាយ​ខ្ញុំ ​(តួ​សម្ដែង​ក្នុង​រឿង​ "Shadow Of 13” ដែរ) ​បងស្រី ​និង​មិត្តភក្ដិ។ ​កាល​ណោះ ​ខ្ញុំ​ក៏​បាន​ធ្វើ​ការ​បង្ហាញ​​ក្បាច់​គុន​លើ​ទូរទស្សន៍​បាយ័ន​ដែរ។ ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​អាច​ត្រឡប់​ទៅ​កម្ពុជា​ឆាប់ៗ​ដើម្បី​​បង្កើត​គម្រោង​ថ្មីៗ​ផ្សេង​ទៀត។

Sabay៖ ប្រសិន​បើ​មាន​ផលិតករ​ក្នុង​ស្រុក​ណា​ម្នាក់​ចាប់អារម្មណ៍​ចង់​ទាក់ទង​លោក​ឲ្យ​សម្ដែង ​តើ​លោក​​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ?

ដារ៉ែន៖ ​ប្រាកដ​ជា​ចង់ ​ព្រោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​កន្លង​មក​គឺ​ក្នុង​គោលបំណង​នេះ។ ​​ដូច​ខ្ញុំ​​និយាយ​អីចឹង​ ខ្ញុំ​ចង់​បង្ហាញ​មនុស្ស​ជុំវិញ​ពិភពលោក​ថា ​ជនជាតិ​ខ្មែរ​អាច​ធ្វើ​បាន​ ​​ខ្ញុំ​ចង់​តំណាង​ខ្មែរ ​​ក៏​ដូចជា​​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​​មាន​មោទនភាព៕

អត្ថបទ៖ ​សីហា រូបភាព៖ ​ផ្ដល់​ឲ្យ