ផ្ដើម​​ប្រាក់ ១៨០០ ដុល្លារ អាច​រក​ចំណូល​បាន​ជាង​ ១ សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

  • 2014-12-08 17:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី ហូវ ដានេ អគ្គ​នាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក ដែល​ជា​គ្លីនិក​ល្បី​ខ្លាំង​ទៅ​លើ​ការ​កែ​សម្ផស្ស ពិសេស​ក្នុង​ចំណោម​តារា​​ទោះ បាន​ផ្ដើម​ការ​រកស៊ី​មាន​​ដើម​ទុន​​​ត្រឹម​តែ ១៨០០ ដុល្លារ​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ស្រី​អាច​​​រក​​ចំណូល​បាន​រហូត​ដល់​ទៅ​ជាង១សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

 

ស្ថានភាព​គ្រួសារ

 

អ្នកស្រី ហូវ ដានេ កើត​នៅ​ថ្ងៃ​ទី ០៣ ខែ មិនា ឆ្នាំ ១៩៧៨ ស្ថិត​ក្នុង​ភូមិ ចុង​កោះ ​ឃុំ កោះតាស៊ុយ ស្រុក ព្រែកប្រសប់ ខេត្ត​ក្រេះ។ អ្នកស្រី​​មាន​បងប្អូន ១០ នាក់ ​ស្រី ៥ ប្រុស ៥ ជា​កូន​ទី ៦ ដែល​​​គ្រួសារ​មាន​ស្ថាន​ភាព​​សេដ្ឋកិច្ច​​ធូធារ ដោយ​​ឪពុក​ម្ដាយ​ជា អ្នក​ចម្ការ​ធំ​មួយ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ក្រចេះ ។

 

ការ​សិក្សា

 

អ្នកស្រី ហូវ ដានេ បាន​បញ្ចប់​ថ្នាក់​ឌុប​នៅ​ឆ្នាំ ១៩៩៣ នៅ​​វិទ្យាល័យ​មួយ​ក្នុង​ទីរួមខេត្ត​ក្រចេះ។ ក្រោយ​ចប់​បាក់​ឌុប អ្នក​ស្រី​បាន​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ដោយ​មក​​ស្នាក់​នៅ​ជា​មួយ​​ម្ដាយ​មីង។ គោល​បំណង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ អ្នក​ស្រី​​ដានេ ចង់​រៀន​ជំនាញ​ច្បាប់ ដើម្បី​ប្រលង​ចូល​ធ្វើ​ជា​មេធាវី ប៉ុន្តែ ​បំណង​មួយ​នោះ​មិន​បាន​សម្រេច​​ឡើយ ព្រោះ​​គ្រា​នោះ​ឪពុក​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក៏​ទទួល​មរណភាព ធ្វើ​ឲ្យ​ក្រុម​គ្រួសារ មិន​មាន​​លទ្ធភាព​ឲ្យ​អ្នក​ស្រី​បន្ត​ការ​សិក្សា​បាន។

 

បែប​នេះ​ក្ដី​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​រៀន​ជំនាញ​វគ្គ​ខ្លីៗ​វិញ ដោយ​ជ្រើស​រើស ជំនាញ​កាត់​សក់ ផាត់​មុខ​។ ម្ដាយ​មីង​របស់​អ្នកស្រី​ជា​អ្នក​មាន​ធូរធារ​ម្នាក់ ហើយ​គាត់​មាន​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ត្រើយ​ម្ខាង រាជធានី​ភ្នំពេញ។ ដោយ​មិន​ចង់​ពឹង​ផ្អែក​ទៅ​លើ​ម្ដាយ​មីង​ទាំង​ស្រុង អ្នក​ស្រី ដានេ ជួយ​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​ផង នឹង ឆ្លៀត​ទៅ​រៀន​កាត់ ​សក់​ផាត់​មុខ​​ផង នៅ​ហាង​តូច​១នៅ​ផ្សារ​អូរឫស្សី។ រៀ​ន​​ជំនាញ​កាត់​សក់ អ៊ុត​សក់​បាន​ប្រហែល​ជា២ឆ្នាំ ក៏​​អាច​មាន​សមត្ថភាព​ចេញ​ធ្វើ​ការ​បាន។

 

ធ្វើ​ការ​ដំបូង​ប្រាក់​ខែ៣ម៉ឺន​រៀល

 

ការងារ​ដំបូង​របស់ អ្នក​ស្រី ដានេ ទទួល​បាន​ប្រាក់​ខែ​តែ៣ម៉ឺន​រៀល ដែល​កាល​ណោះ​អ្នក​ស្រី បាន​ទៅ​ធ្វើ​ការ​នៅ​ហាង​អ៊ុត​សក់​​មួយ​នៅ​ម្ដុំ DN ធ្វើ​បាន១ខែ​ម្ចាស់​ហាង​បាន​​​ដំឡើង​ប្រាក់​ឲ្យ​បាន​​ ៨ ម៉ឺន​រៀល នឹង​​ឡើង​ជា​បន្ត​បន្ទាប់។

 

អ្នក​ស្រី ដានេ បាន​និយាយ​ថា ក្នុង​រយៈ​ពេល២ឆ្នាំ ដែល​​មក​រស់​នៅ​ភ្នំពេញ​រៀន​ជំនាញ​​កាត់​​សក់​អ៊ុត​សក់​រហូត​ដល់​ចេះ​ចេញ​ធ្វើ​ការ អ្នក​ស្រី​មាន​សៀវភៅ​​កំណត់​ហេតុ​ពី​ការ​ចំណាយ​ផ្ទាល់​ខ្លួន​មួយ។ រយៈ​ពេល​​នេះ​អ្នក​ស្រី បាន​ចាយ​ប្រាក់​របស់​​ម្ដាយ​អ្នក​ស្រី​ចំនួន​៤៨ម៉ឺន​រៀល ។ ប្រាក់​ខែ​ដំបូង ​អ្នក​ស្រី​មិន​បាន​ចាយ​ខ្លួន​ឯង​ឡើយ គឺ​​សន្សំ​ទុក ផ្ញើ​ទៅ​ឲ្យ​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត ដោយ​ចាយ​តែ​ប្រាក់​ធីប​​ដែល​ភ្ញៀវ​ឲ្យ​តែ​ប៉ុណ្ណោះ។

 

 

 

ចេញ​បើក​ហាង​​មិន​ប្រើ​ដើម​ទុន ប្រើ​តែ​ចំណេះ អ្នក​ស្រី ដានេ ធ្វើ​ការ​ជា​កូន​ជាង​គេ​បាន​ប្រហែល​១ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​ឱកាស​បើក​ហាង​បាន ដោយ​មិន​ប្រើ​​ដើម​ទុន​សោះ គឺ​ប្រើ​តែ​ចំណេះ​។ ដើម​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ស្រី អាច​ក្លាយ​ជា​ម្ចាស់​ហាង​នេះ​ក៏ ព្រោះ​តែ​កាល​ដែល​អ្នក​ស្រី​ធ្វើ​ជា​កូន​ជាង​អ៊ុត​សក់​នោះ អ្នក​ស្រី​មាន​ស្គាល់​ម៉ូយ​ម្នាក់ ដែល​បច្ចុប្បន្ន​ជា​ថៅកែ​នាំ​ចូល​ផ្ដាច់​មុខ​ផលិតផល Revlon ប្រចាំ​ប្រទេស​កម្ពុជា បាន​ណែនាំ​ឲ្យ​អ្នក​ស្រី ចេញ​បើក​ហាង​ដោយ​ខ្លួន​ឯង ដោយ​ថៅកែ Revlon នោះ​មាន​ផ្ទះ ​និង ​សម្ភារៈ ចំណែក​អ្នក​ស្រី​មាន​​តែ​ជំនាញ ហើយ​ពេល​​បាន​ចំណេញ​ចែក​គ្នា ពាក់​កណ្ដាល​ម្នាក់។

 

ក្រោយ​ពី​បើក​ហាង​បាន​ប្រហែល​៣ទៅ៤ខែ ទូទាត់​​ទៅ អ្នកស្រី អាច​សល់​បាន ៣០០ ទៅ ៤០០ ដុល្លារ ក្នុង​មួយ​ខែ។ គ្រា​នោះ​អ្នក​ស្រី​ឈប់​​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​មីង ហើយ​ថែម​ទាំង​​បាន​យក​ប្អូន២នាក់ មក​ស្នាក់​នៅ​ជា​មួយ​​ថែម​ទៀត ដើម្បី​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ។ កាល​ណោះ ​អ្នក​ស្រី​បាន​ជួល​​បន្ទប់​មួយ ​នៅ​ក្បែរ​ហាង​ដែល​អ្នក​ស្រី​បើក​​។

 

បើកហាង​អ៊ុត​សក់​ជា​មួយ​ថៅកែ Revlon មួយ​រយៈ​ប៉ុណ្ណោះ ដោយ​ហាង​មួយ​នោះ​បាន​ដើរ​ស្រួល គួបផ្សំ ចង់​​អភិវឌ្ឍន៍​ភាសា​ចិន​ និង​ អង់គ្លេស​ឲ្យ​កាន់​តែ​ប្រសើរ អ្នក​ស្រី ដានេ ក៏​សម្រេច​ផ្លាស់​ប្ដូរ​ការ​ងារ។

 

 

អ្នក​ស្រី ដានេ មិន​ទៅ​ណា​ឆ្ងាយ​ពី​ជំនាញ​ដែល​ខ្លួន​មាន​ឡើយ អ្នក​ជំនួញ​មាន​កំណើត​មក​ពី​ខេត្ត​ក្រចេះ​ម្នាក់​នេះ បាន​មក​ធ្វើ​​​មេ​ជាង​ផាត់​មុខ​នៅ​ស្ទូឌីយោ​ថតរូប​ល្បី​មួយ​ឈ្មោះ ​"ម៉ូណាឌីហ្សា"ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ដោយ​កាល​ណោះ​ទទួល​បាន​ប្រាក់​ខែ ១៨០ ដុល្លារ ប៉ុន្តែ​ ​​នៅ​មាន​ប្រាក់​ភាគរយ​ផ្សេង​ទៀត។

 

ស្ទូឌីយោ​ថតរូប ​"ម៉ូណាឌីហ្សា" នៅ​គ្រា​នោះ​ល្បី​ខ្លាំង​ណាស់ តារា ​និង ​អ្នកមាន​ៗ ទៅ​ថត​រូប ផាត់​មុខ​នៅ​ទី​នោះ​ច្រើន​ណាស់។ អ្នក​ស្រី ដានេ បាន​ធ្វើ​នៅ​ទីនោះ​ប្រហែល​៣ឆ្នាំ​ប៉ុណ្ណោះ សន្សំ​ប្រាក់​បាន​ខ្លះ​ក៏​បាន​ទៅ​រៀន​ជំនាញ ម៉ូដ​សក់ និង ត្រាំ​ទឹក​ដោះ​គោ​នៅ​ហាង​មួយ ក្នុង​​​ប្រទេស​ថៃ តាម​​ការណែនាំ​ពី​មិត្តភ័ក្ដិ ដោយ​ការ​ទៅ​សិក្សា​នោះ​មាន​រយៈ​ពេល​តែ​៣ខែ ។

 

ត្រឡប់​មក​ពី​រៀន​ពី​ប្រទេស​ថៃ​វិញ បាន​មក​ធ្វើ​ជា​កូន​ជាង​នៅ​ហាង "​​កែសម្ផស្ស ​និង​ អ៊ុត​សក់​សុជាតិ" ធ្វើ​នៅ​ទី​នោះ​បាន​​៣ខែ​ក៏​សម្រេច​បើក​​ហាង​ផ្ទាល់​ខ្លួន​តែ​ម្ដង។

 

បើក​ហាង​ផ្ទាល់​ខ្លួន​​មាន​ដើម​ទុន​ត្រឹម១៨០០ដុល្លារ

 

ក្នុង​អំឡុង​ពេល​​ធ្វើ​ការ​នោះ​ អ្នក​ស្រី ដានេ បាន​សន្សំ​​បាន​មាស​បាន​៧ជី បូក​ និង ​​ទ្រព្យ​ម្ដាយ​ចែក​ឲ្យ​ខ្លះ អ្នក​ស្រី​​ប្រមូល​​លក់ បាន​ប្រាក់​សរុប ១៨០០ ដុល្លារ ហើយ​​ក៏​បាន​សម្រេច​បើក​ហាង​អ៊ុត​សក់​មួយ​ឈ្មោះ​ថា "Pretty saloon” ដែល​មាន​ទីតាំង​នៅ​​មុខ សណ្ឋាគារ​ផ្កា​រាំ​ទឹក​រាំ។

 

អ្នក​ស្រី​​បន្ដ​ថា ​នៅ​ឆ្នាំ ២០០៤ ដែល​អ្នក​ស្រី​បើក​ហាង "pretty saloon” ដើម​ឡើយ​មាន​ផ្ទះ​តែ ​១ ល្វែង កៅអី ២ ​អ៊ុត​សក់ ២ និង កៅអី​កក់​សក់ ១ ប៉ុណ្ណោះ ប៉ុន្តែ ​ក្រោយ​បើក​បាន​មួយ​រយៈ មាន​ការ​ទទួល​ការ​គាំទ្រ​ក៏​ឈាន​បើ​រហូត​ដល់​២ល្វែង ហើយ​មាន​ទទួល​បង្រៀន​សិស្ស​​ថែម​ទៀត។

 

​អ្នក​ស្រី ដានេ បាន​និយាយ​ថា ហាង​អ៊ុត​សក់​"pretty saloon”​នេះ​ហើយ ដែល​ធ្វើ​ឲ្យ អ្នកស្រី​មាន​លទ្ធភាព​ទិញ​ផ្ទះ ទិញ​ឡាន និង ​​ឈាន​រហូត​ដល់​ទៅ​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​ថែម​ទៀត​ផង។ ក្រោយ​ពី​មាន អតិថិជន​ស្គាល់​កាន់​តែ​ច្រើន និង​ ការ​ទំនាក់​ទំនង​ល្អ ក្រុមហ៊ុន​នាំ​ចូល​ផលិតផល cosmetic ពី​បរទេស​ជា​ច្រើន​បាន​មក​ទាក់​ទង ដើម្បី​ឲ្យ​ហាង​​របស់​អ្នក​ស្រី​ជួយ​លក់​បន្ត ក្នុង​នោះ​មាន​ដូច​ជា​ក្រុមហ៊ុន "Depomex “ជា​ដើម។

 

ដោយសារតែ​ចង់​លក់​ផលិតផល​ផ្ដាច់​មុខ​ដោយ​ខ្លួន​ឯង ឆ្នាំ ២០០៩ អ្នក​ស្រី​និង ស្វាមី បាន​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន ដែល​ចូល​ផលិត​ផល cosmetic ផ្ដាច់​មុខ​មាន​ឈ្មោះ​ថា"dermopharma” ដោយ​នៅ​ក្នុង​នោះ​ស្វាមី​របស់​អ្នក​ស្រី​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ទាំង​មូល ចំណែក​អ្នក​ស្រី កាន់​តួនាទី​ជា​ប្រធាន​​ទីផ្សារ  ។

 

ស្រប​ពេល​នោះ​ដែរ អ្នកស្រី​ដានេ តែងតែ​​ត្រូវ​បាន​ក្រុមហ៊ុន ​cosmetic នានា​អញ្ជើញ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ដូច​ជា ថៃ វៀតណាម សាំងហ្គាពួរ និង សហរដ្ឋ​អាមេរិក​ជា​ដើម។

 

បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក​ រហូត​ដល់​ទៅ៣កន្លែង​បន្តបន្ទាប់

 

ផ្អែក​លើ​បទ​ពិសោធ​ន៍​ និង​ បាន​​ឃើញ​ពេល​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅ​ប្រទេស​ជា​​បន្តបន្ទាប់ ជា​មួយ​នឹង​ការ​សម្លឹង​ឃើញ​ទីផ្សារ​ក្នុង​ស្រុក គួបផ្សំ​មាន​ការ​ការ​ផ្ដល់​យោបល់​វេជ្ជបណ្ឌិត ក្នុង​ស្រុក​ជា​ច្រើន​ផង​នោះ នៅ​ឆ្នាំ ២០១០ អ្នក​ស្រី ដានេ បាន​សម្រេច​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក មួយ​ឡើង នៅ​ DN ។

 

មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក មាន​​បម្រើ​តែ​សេវាកម្ម​ផ្នែក ​កែសម្ផស្ស ចំនួន ៤ ធំ ក្នុង​នោះ​​រួមាន​មាន៖

 

១ ការ​ព្យាបាល​​រាល់​ជំងឺ​សើ​ស្បែក, ២ ព្យាបាល​ដោយ​ឧបករណ៍​ម៉ាស៊ីន, ៣ ការ​កែសម្ផស្ស​ដោយ​មិន​​វះកាត់, និង ៤ ការ​កែសម្ផស្ស​ដោយ​វះកាត់។ និយាយ​ដោយ​ខ្លី ការ​កែ​សម្ផស្ស​​នៅ​លើ​ពិភពលោក​មាន ចាប់​ពី​ចុង​សក់​រហូត​ដល់​ចុង​ជើង គឺ​ឌែម៉ូ​គ្លីនិក ក៏​​មាន​បម្រើ​ជូន​ទាំង​អស់​នូវ​សេវាកម្ម ទាំង​នោះ​ដូច​គ្នា។ ចំណែក​វេជ្ជបណ្ឌិត​វិញ សុទ្ធតែ​​មាន​ជំនាញ​ត្រឹម​ត្រូវ ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ទាំង​អស់ ។ ជា​មួយ​គ្នា​នោះ​ដែរ ក៏​មាន វេជ្ជបណ្ឌិត​ឯកទេស​បរទេស​ជា​ច្រើន​អ្នក​ផង​ដែរ។

 

អ្នក​ស្រី ដានេ បាន​លើក​ឡើង​ថា ឌែម៉ូ​គ្លីនិក​បើក​នៅ​DN បើក​មិន​​បាន​១ឆ្នាំ​ស្រួល​បួល​ផង ក៏​ឈាន​ទៅ​បើក​សាខា​ទី២ នៅ​ជិត​ផ្សារ​ចាស់ ហើយ​បន្ត​បើក​នៅ សាខា​ទី៣ នៅ បូរី​កីឡា និង​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០១៣ អ្នក​ស្រី​បាន​បើក​សាខា​ទី៤ នៅ​ទួលគោក។

 

ទាំង៤សាខា​នេះ បើ​សរុប​ដើម​ទុន​​មិន​ក្រោម​១លាន​ដុល្លារ​នោះ​ឡើយ ប៉ុន្តែ​អ្នក​ស្រី ដានេ បញ្ជាក់​ ប្រាប់​ថា ៣សាខា នៅ​DN ផ្សារ​ចាស់ និង បូរី​កីឡា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​អ្នក​ស្រី​​ទាំង​អស់​ឡើង គឺ​អ្នក​ស្រី​បាន​ផ្ទេរ​ឲ្យ​បង​ប្អូន និង មិត្តភ័ក្ដិ តែ​អ្នក​ស្រី​នៅ​តែ​ទទួល​បាន​ភាគ​លាភ និង ប្រាក់​ចំណេញ​ផ្សេង​ៗ​ទៀត ពី​សាខា​ទាំង​នោះ ជា​រៀង​រាល់​​ខែ។

 

កម្មសិទ្ធិ​ផ្ដាច់​មុ​ របស់​អ្នក​ស្រី ដានេ មាន​តែ​មួយ​កន្លែង​ប៉ុណ្ណោះ គឺ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក​ទួលគោក ដែល​ជា​​ការិយាល័យ​កណ្ដាល មាន​​លក្ខណៈ​ទំនើប​ជា​អន្តរជាតិ ។ ទោះ​បី​ជា ឌែម៉ូ​គ្លីនិក​មាន​សាខា​ច្រើន​និង​អ្នក​គ្រប់គ្រង​ផ្សេង​គ្នា​​បែប​នេះ​ក្ដី ប៉ុន្តែ​​គ្រប់​សាខា​​មាន​បម្រើ​សេវាកម្ម​ដូចៗ​គ្នា​ទាំង​អស់ ករណី​​មាន​ការ​វះកាត់​ធំ គឺ​ត្រូវ​បញ្ជូន​មក​ការិយាល័យ​កណ្ដាល ​ឌែម៉ូ​គ្លីនិក ទួលគោក។ ប្រាក់​ចំណេញ​ពី​ជំនួញ​កែសម្ផស្ស​នេះ អគ្គ​នាយិកា រូប​នេះ​បាន​បង្ហើប​ប្រាប់​ថា មិន​ក្រោម​១សែន​ដុល្លារ​ក្នុង១​ឆ្នាំ​នោះ​ឡើយ។

ជោគជ័យ​មិន​មែន​​កើត​ឡើង​តែ​ម្នាក់​ឯង

 

អគ្គ​នាយិកា​មាន​ឥទ្ធិពល​ម្នាក់​នេះ បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ​គ្លីនិក មិន​មែន​តែ​ជា​របស់​អ្នក​ស្រី​ម្នាក់​ឯង​ឡើយ គឺ​ជា​របស់ បុគ្គលិក​ទាំង​អស់​គ្នា ។ អ្នក​ស្រី មិន​ដែល​ចាត់​ទុក​ខ្លួន​ជា ថៅកែ មើល​ងាយ​មើល​ថោក​កូនចៅ​​នោះទេ។ អ្នក​ស្រី​ថា រាប់​ទាំង​អ្នក​អនាម័យ សន្តិសុខ បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ គឺ​ជា​សរសៃ​ឈាម​​នៃ​ភាព​ជោគជ័យ​ទាំង​អស់។ រាល់​ការ​ប្រជុំ​ម្ដងៗ អ្នកស្រី​តែង​តែ​ឲ្យ​​អ្នក​អនាម័យ ក៏​ដូច​ជា សន្តិសុខ ចូលរួម ស្វែង​រក​គំនិត​ថ្មីៗ ដើម្បី​ស្ថាបនា ឌែម៉ូ​គ្លីនិក​ឲ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត។ ជា​រៀង​រាល់​ឆ្នាំ គ្រប់​បុគ្គលិក​ទាំង​អស់​សុទ្ធតែ​មាន​ការ​លើក​ទឹក​ចិត្ត។

បណ្ដាំ​ផ្ញើ​មក​យុវវ័យ

 

អគ្គ​នាយិកា រូប​នេះ បាន​លើក​ឡើង​ថា វិស័យ​កែ​សម្ផស្ស​នៅ​លើ​ពិភព​លោក កំពុងតែ​ត្រូវ​បាន​​យក​ចិត្ត​ទុក្ខ​ដាក់​ខ្លាំង ក្នុង​នោះ​ប្រទេស​អភិវឌ្ឍ​មាន​និស្សិត​ច្រើន​ណាស់​រៀន​នៅ​ជំនាញ​​មួយ​នេះ។ តែ​បើ​ងាក​មក​ប្រទេស​កម្ពុជា​វិញ​នៅ​មិន​ទាន់​មាន​ច្រើន​​នៅ​ឡើយ​ទេ ប្រសិន​​​បើ​និស្សិត​ជំនាន់​ក្រោយ ងាក​មក​ចាប់​ជំនាញ​មួយ​នេះ គឺ​ល្អ​ខ្លាំង​ណាស់ ត្បិត​អី​ជំនាញ​មួយ​នេះ ងាយ​ស្រួល​រក​ប្រាក់​គួរសម ៕

 

 

អានអត្ថបទជីវិត​បុគ្គល​ជោគជ័យ​ផ្សេងៗទៀត ​ចុចត្រង់​នេះ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី