កំពូលអ្នកមានដាច់គេទាំង៥ របស់ប្រទេសឥណ្ឌូណេស៊ី
- 2014-12-09 16:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកមានដាច់គេទាំង៥ របស់ប្រទេសឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
ឥណ្ឌូណេស៊ីជាប្រទេសមានផ្ទៃដីធំជាងគេក្នុងតំបន់អាស៊ាន ឯប្រជាជនក៏ច្រើនដាច់គេដែរក្នុងចំណោមប្រទេសទាំង១០។ ដូច្នេះហើយ ទើបប្រទេសមួយនេះមានមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លាររហូតដល់ទៅ ៣២នាក់ក្នុងបញ្ជីទស្សនាវដ្ដី Forbes។ ខាងក្រោមនេះ គឺជាមហាសេដ្ឋីផុតលេខទាំង ៥រូប របស់ប្រទេសឥណ្ឌូណេស៊ី៖
៥. លោក Sri Prakash Lohia
តាមពិតលោក Sri Prakash Lohia បានកើតនៅក្នុងប្រទេសឥណ្ឌា និងកំពុងរកស៊ីនៅក្រុងឡុងដុង ចក្រភពអង់គ្លេស ប៉ុន្តែលោកគឺជាពលរដ្ឋឥណ្ឌូណេស៊ី។ មហាសេដ្ឋីវ័យ ៦២ឆ្នាំរូបនេះ រកបានទឹកប្រាក់ពាន់លានដុល្លារតាមរយៈឧស្សាហកម្មវាយនភណ្ឌ និងជាស្ថាបនិកក្រុមហ៊ុន Indorama Corporation។ បច្ចុប្បន្ននេះ លោក Lohia មានទ្រព្យសម្បត្តិសរុប ៤,៤ពាន់លានដុល្លារ។
៤. លោក Eka Tjipta Widjaja និងគ្រួសារ
លោក Eka Tjipta Widjaja បានក្លាយជាមហាសេដ្ឋី ក្រោយធ្វើជំនួញប្រេងត្នោតត្រូវប៉ាន់ គួបផ្សំជាមួយនឹងការរកស៊ីលើផ្នែកមួយចំនួនទៀត។ បច្ចុប្បន្នមហាសេដ្ឋីរូបនេះមានវ័យ ៩១ឆ្នាំហើយ និងមានកូនទាំងអស់ ១៥នាក់។ ទោះជាពេលនេះតម្លៃប្រេងត្នោតមានការធ្លាក់ចុះ តែលោកនៅតែអាចគ្រងតំណែងមហាសេដ្ឋីលំដាប់លេខ៤ នៅឥណ្ឌូណេស៊ី ជាមួយទ្រព្យសម្បត្តិសរុប ៥,៨ពាន់ដុល្លារ។
៣. លោក Anthoni Salim និងគ្រួសារ
លោក Anthoni Salim គឺជាប្រធានក្រុមហ៊ុនពហុជំនួញ Salim Group ដែលប្រតិបត្តិការរកស៊ីលើផ្នែកជាច្រើនដូចជា អាហារ ទូរគមនាគមន៍ បោះលក់ទំនិញ អចលនទ្រព្យ និងវិស័យធនាគារ។ អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺលោកជាម្ចាស់ក្រុមហ៊ុន Indofood ដែលជាអ្នកផលិតមីកញ្ចប់ជាងគេបំផុតលើលោក។ ជំនួញទាំងនេះបានធ្វើឲ្យលោក Anthoni និងក្រុមគ្រួសារមានទ្រព្យសម្បត្តិសរុប ៥,៩ពាន់លានដុល្លារ។
២. លោក Susilo Wonowidjojo និងគ្រួសារ
លោក Wonowidjojo មានលាភសំណាងបានធ្វើមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ ដោយសារជំនួញថ្នាំជក់។ បច្ចុប្បន្នអ្នកមានជាងគេលំដាប់ទី២ នៅឥណ្ឌូណេស៊ីរូបនេះ មានវ័យ ៥៨ឆ្នាំ មានកូន ៤នាក់ និងមានទំហំទ្រព្យសម្បត្តិ ៨ពាន់លានដុល្លារ។
១. បងប្អូន R. Budi និង Michael Hartono
បងប្អូនR. Budi និង Michael Hartono គឺជាមហាសេដ្ឋីដែលមានទឹកប្រាក់ច្រើនបំផុតនៅប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាអ្នកមានជាងគេនៅក្នុងតំបន់អាស៊ានផងដែរ។ ពួកគេកំពុងរស់នៅក្រុង Kudus ប្រទេសឥណ្ឌូណេស៊ី។ បងប្អូនទាំងពីរនាក់នេះមានទ្រព្យសម្បត្តិសរុប ១៦,៥ពាន់លានដុល្លារ ដែលទទួលបានមកពីវិស័យធនាគារ និងការវិនិយោគថ្នាំជក់។
ចំណែកឯមហាសេដ្ឋីកំពូលគេក្នុងបញ្ជី Forbes នៅតែជាលោក Bill Gates ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ដែលមានទ្រព្យសម្បត្តិសរុប ៨១,៤ពាន់លានដុល្លារ៕
ចុចអាន៖ កំពូលមហាសេដ្ឋីផុតលេខទាំង ៥រូប របស់ប្រទេសថៃ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ forbes