៨ ​រឿង​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​កីឡា​​​នៅ​កម្ពុជា​​ឆ្នាំ​២០១៤

  • 2014-12-11 22:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ ២០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដាច់​ឆ្នាំ​២០១៤ ហើយ ស្រប​ពេល​​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ ចំនួន ៨ បាន​ធ្វើ​ឱ្យ​កក្រើក និង ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​គ្រប់​ស្រទាប់ មុន​​ស្វាគមន៍ឆ្នាំ​ថ្មី​មក​ដល់។

  ១) កីឡា​ការិនី ២ រូប​ឈ្នះ​មេដាយ​លំដាប់​ទ្វីប​អាស៊ី

- ស៊ន សៀវម៉ី៖ កីឡា​ការិនី​​ផ្នែក​កីឡា​តេក្វាន់ដូ វិញ្ញាសា​​ទម្ងន់ ក្រោម ៧៣ គីឡូក្រាម​រូប​នេះ​បាន​បំបែក​កំណត់​ត្រា​ ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី (Asian Game) ដែល​មិន​ដែល​ស្គាល់​​រសជាតិ​មេដាយ​រយៈ​ពេល​៤៤​ឆ្នាំ​ចុង​ក្រោយ។  ក្ដី​ស្រមៃ​បន្ទាប់​នាង​ចង់​បាន​មេដាយ​មាស​កម្រិត​ពិភពលោក ក្នុង​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក ដែល​នឹង​រៀបចំ​នៅ​ឆ្នាំ ២០១៦ នៅ​ប្រទេស​ប្រេស៊ីល។

កីឡា​ការិនី ស៊ន សៀវម៉ី

 

- នី សំណាង៖ អាយុ​ត្រឹម ២១ ឆ្នាំ នាង​ធ្លាប់​​ដណ្ដើម​បាន​​​មេដាយ​មាស ទម្ងន់  ៦៣ គីឡូក្រាម​មក​ពី​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៣ និង ជាប់​ឈ្មោះ​​ជា​អត្តពលិក​កម្ពុជា​ដំបូង​គេ​ដែល​អាច​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី (Asian Beach Games) នៅ​ប្រទេស​ថៃ​កាល​ពី​ខែ វិច្ឆិកា ពោល​គឺ​ឈ្នះ​មេដាយ​សំរឹទ្ធ។

កីឡា​ការិនី នី សំណាង (កណ្ដាល)

 

២) ក្រុម​បាល់ទាត់​បង្ហាញ​សមត្ថភាព​នៅ​ពាន Hassanal Bolkiah Trophy (ពានស្តេចប៊្រុយណេ)៖

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១ ឆ្នាំ​បាន​បង្ហាញ​សមត្ថភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​​ក្នុង​ពាន​រង្វាន់​ Hassanal Bolkiah Trophy របស់​ព្រះ​មហាក្សត្រ​របស់​ប្រទេស​ប្រ៊ុយណេ ​ប្រចាំ​ឆ្នាំ ២០១៤​កាល​ពី​ខែ​សីហា​កន្លង​ទៅ ដោយ​មាន​ឈ្នះ​មាន​ចាញ់ ទោះ​មិន​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។

 

សរុប​លទ្ធផល​ ប្រកួត​បើក​ឆាក កម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ ១ ទល់ ០ ហើយ​បន្ត​ឈ្នះ​សិង្ហបុរី ៣ ទល់ ១ ប៉ុន្ដែ​ចាញ់​ម៉ាឡេស៊ី ១ ទល់ ០ ក្រោម​តំណក់​ទឹក​ភ្លៀង​មួយ​មេ​យ៉ាង​ធំ។ ប្រកួត​ទី៣ កម្ពុជា បាន​យក​ឈ្នះ​​ឥណ្ឌូណេស៊ី ២ ទល់ ១ តែ​ប្រកួត​បិទ​គូទ​ចាញ់​វៀតណាម ៣ ទល់ ០។

 

ដំណាល​គ្នា​នោះ​ព្រះ​មហាក្សត្រ​​ព្រះបាទ Hassanal Bolkiah ​​បាន​ប្រទាន​ទឹក​ប្រាក់​ចំនួន​ម្នាក់ ១ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​​ដល់​កីឡាករ​គ្រប់​ក្រុម​រួម​ទាំង​ក្រុម​កម្ពុជា​ផង​ដែរ។ ចំណែក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឆ្ការដៃឆ្ការជើង​​​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ជ័យជម្នះ​មួយ​ប្រកួត​ផ្ដល់​ទឹក​ប្រាក់ ៣ ពាន់​ដុល្លារ អម​ដោយ​ធនាគារ​ BIDC បាន​ផ្ដល់​ទឹក​ប្រាក់​ចំនួន ២ ដុល្លារ​សម្រាប់​ជ័យជម្នះ​ក្នុង​មួយ​ប្រកួត​ផង​ដែរ។

 

 

៣) វគ្គ​ជម្រុះ​ពាន Suzuki Cup 2014 នៅ​ក្រុង​វៀងចន្ទន៍

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បាន​ប្រជាជន​តំបន់​អាស៊ាន​គិត​ថា​ជា​បេក្ខភាព​មួយ​សំខាន់​​ទំនង​អាច​កក់​កៅអី​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​បាន​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2014។ ប៉ុន្ដែ​លទ្ធផល​មិន​ដូច​ការ​គិត​នោះ​ទេ ដោយ​សរុប​​ជា​រួម​​នៅ​វគ្គ​ជម្រុះ​ដែល​រៀបចំ​កាល​ពី​ខែ​តុលា នោះ​​ប្រកួត​បើក​ឆាក​កម្ពុជា ចាញ់​ ម្ចាស់​ផ្ទះ​ឡាវ ៣ ទល់ ២ តែ​យក​ឈ្នះ​ទីម័រខាងកើត ៣ ទល់ ២។ កម្ពុជា​ ចាញ់​មីយ៉ាន់ម៉ា ១ ទល់ ០ តែ​ឈ្នះ​ប្រ៊ុយណេ ១ ទល់ ០ វិញ។ កីឡាករ សុខ ចាន់រស្មី មក​ពី​ក្លិប​ត្រាយអាស៊ី បាន​ជាប់​ក្នុង​បញ្ជី​កីឡា​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ ៤ គ្រាប់​ម្នាក់​ឯង។

 

 

៤) ស្មៅ​ធម្មជាតិ​លែង​មាន​ជីវិត​លើ​ទីលាន​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជំនួស​វិញ​ដោយ​ស្មៅ​សិប្បនិមិត្ត៖

 

ការ​ជួស​ជុល​​ប្ដូរ​ស្មៅ​ធម្មជាតិ​ទៅ​ជា​ស្មៅ​សិប្បនិមិត្ត​​​លើ​​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​​នឹង​ប្រើ​ពេល ៦​ខែ ​យោង​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​សាងសង់​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ​(FIFA) ពោល​ចាប់​​ពី​ថ្ងៃ​ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដល់ ១៥ ឧសភា ឆ្នាំ ២០១៥។ ការ​ជួសជុល​នេះ​​ប្រើ​ទឹក​ប្រាក់​កម្មវិធី​ Goal Project របស់ FIFA ចំនួន ៥០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

 

៥) ប្រដាល់ One FC រៀបចំ​សង្វៀន​នៅ​ភ្នំពេញ

One FC បាន​មក​​រៀបចំ​សង្វៀន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ដំបូង​កាល​ពី​​​ថ្ងៃ​ទី​១២ ខែ កញ្ញា កន្លង​ទៅ​ដោយ​មាន​ប្រមូល​យក​ជើង​ខ្លាំង​ជា​ច្រើន​មក​ប្រកួត ខណៈ​កីឡាករ​កម្ពុជា ត្រូវ​បាន​ផ្គូផ្គង​ជាមួយ​កីឡាករ​ក្នុង​ស្រុក​គ្នា​ឯង​ដោយ​សារ​ខាង​អ្នក​រៀបចំ​កម្មវិធី​យល់​ឃើញ​ថា​សមត្ថភាព​លើ​សង្វៀន​នៅ​មាន​កម្រិត។ ជា​មួយ​គ្នានេះ​ក៏​មាន​កីឡាករ​ និង​កីឡា​ការិនី​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​មិន​ទទួល​បាន​​លទ្ធផល​ល្អ​ឡើយ។  

 

៦) មង្គលការ វ៉ន វីវ៉ា និង ស៊ន ដាវីន

អ្នក​កីឡា​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​ ២ នាក់​បាន​សម្រេច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា គឺ​​កីឡាករ​​​ប្រដាល់ វ៉ន វីវ៉ា និង កីឡា​ការិនី​តេក្វាន់ដូ ស៊ន ដាវីន កាល​ពី​​ពាក់​កណ្ដាល​ខែ វិច្ឆិកា កន្លង​ទៅ។ អាពាហ៍ពិពាហ៍​នេះ​អញ្ជើញ​ភ្ញៀវ​ជាង​ ៦០ តុ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​អ្នក​កីឡា​​ចូលរួម។  

៧) ក្រុម​កីឡា​កម្ពុជា​ឈ្នះ​មេដាយ​ច្រើន​សន្ធឹកសន្ធាប់​នៅ​លើ​ឆាក​អន្តរជាតិ​​ចុង​ឆ្នាំ​​២០១៤

កីឡា​ចំនួន ៤ ប្រភេទ​បាន​ចេញ​ទៅ​ដណ្ដើម​បាន​មេដាយ​លើក​ឆាក​អន្តរជាតិ​ជា​ច្រើន​មាន​ដូចជា៖

- វ៉ូរីណាម ដណ្ដើម​បាន​មេដាយ​១៥ គ្រឿង​ក្នុង​នោះ​មេដាយ​មាស​៣​គ្រឿង​ ប្រាក់​៣​គ្រឿង និង​សំ​រិ​ទ្ធ៩​គ្រឿង ក្នុង​ព្រឹត្តិការណ៍​​ជើង​ឯក​វ៉ូវីណាម​តំបន់​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១៤ ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​ តុលា កន្លង​ទៅ។

 

- ​ក្រុម​កីឡា​ចំបាប់ វិញ​ដណ្ដើម​បាន​មេដាយ​​ចំនួន ៤ គ្រឿង​ក្នុង​នោះ​មេដាយ​មាស ១ , ប្រាក់ ១ និង​សំរឹទ្ធ ២ គ្រឿង​នៅ​ព្រឹត្តិការណ៍​កីឡា​ចំបាប់​ The SEA & Australian Wrestling Championship​ ដែល​រៀបចំ​នៅ​សិង្ហបុរី  នា​ចុង​ខែ តុលា ដូច​គ្នា។ ក្រោយ​មក​ទៀត​ចំបាប់​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ទៀត​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី នៅ​ប្រទេស​ថៃ។

 

-  ស៊ីឈិនឡូន (Chinlone) របស់​កម្ពុជា ដណ្ដើម​បាន​មេដាយ​មាស ២ និង សំរឹទ្ធ ៤ មក​ពី​​កម្មវិធី​ប្រកួត​​​កីឡា​សី Chinlone ជើង​ឯក​អាស៊ី (1st Asian Chinlone Championship 2014) ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ដើម​ខែ​វិច្ឆិកា។

 

- ប៉េតង់ កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​រហូត​ដល់ ៥ គ្រឿង និង ប្រាក់ ១ គ្រឿង​ពី​​ជម្រើស​រើស​ជើង​ឯក​ប្រចាំ​ទ្វីប​​អាស៊ី​លើក​ទី១៨ (18th Asian Petanque Championship) ដែល​រៀបចំ​នៅ​​ទីក្រុង​វៀងចន្ទន៍ ​ប្រទេស​ឡាវ។

 

កីឡា​ការិនី​​កីឡា​ប៉េតង់ កែ ឡេង លើក​មេដាយ​មាស

 

៨) ក្រុម​បាល់ទាត់​ក្នុង​លីក​​កំពូល​កម្ពុជា ៥ ចេញ​ទៅ​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ក្រៅ​ប្រទេស

 

- ពាន​រង្វាន់ Toyota Mekong Club Championship (វៀតណាម) ៖ ក្រុម​បាល់ទាត់​ភ្នំពេញក្រោន ​តំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ក្រុម​បាល់ទាត់​ពាន​រង្វាន់ Toyota Mekong Club Championship 2014 ជាមួយ​ជើង​ខ្លាំង​​មក​ពី​ប្រទេស​ ៣ ប្រទេស​ផ្សេង​ទៀត​រួម​មាន ​Hoang Anh របស់​ឡាវ, Ayeyawad United FC របស់​មីយ៉ាន់ម៉ា និង ​Binh Duong របស់​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៣១​តុលា​ដល់​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ទី​ក្រុង ​Ho Chi Minh ប្រទេស​វៀតណាម។ ជា​លទ្ធផល​ដណ្ដើម​បាន​​​លេខ ៣ អម​ដោយ​ប្រាក់​រង្វាន់ ៣ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

 

ឥឡូវ​នេះ​ក្រុម​ភ្នំពេញក្រោន ក៏​បាន​ជ្រុះ​ចេញ​ពី​កម្មវិធី​បាល់ទាត់​យូ​ណាន-អាស៊ាន (Yunnan-Asean International Tournament) ដែល​រៀបចំ​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន។ ពានរង្វាន់​នេះ​មាន​​ក្រុម​​ចូលរួម​ចំនួន ៨ ចាប់ពី​ថ្ងៃទី ៥ ដល់ ១០ ខែ ធ្នូ។ ក្រុម​ទាំង​នោះ​មាន ៦ ក្រុម​​ជា​ប្រទេស​សមាជិក​អាស៊ាន និង ២ ក្រុម​ផ្សេងទៀត​មកពី​ខេត្ត​​ម្ចាស់​ស្រុក។

 

ភ្នំពេញក្រោន (ខៀវ-ស)

 

- ពាន​រង្វាន់ កងកម្លាំង​ប្រដាប់​អាវុធ​ប្រចាំ​ឆ្នាំ ២០១៤ (នៅ​វៀតណាម)៖ ក្រុម​ចំនួន ៣ ​​ក្នុង​លីក​កម្ពុជា​​រួម​មាន អគ្គស្នងការដ្ឋាន​នគរបាលជាតិ, ស្វាយរៀង និង ចម្ការកៅស៊ូបឹងកេត នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ កងកម្លាំង​ប្រដាប់​អាវុធ​ប្រចាំ​ឆ្នាំ ២០១៤ ជាមួយ​ក្រុម ៥ ផ្សេង​ទៀត​មក​ពី​វៀតណាម និង ឡាវ។ ពាន​រង្វាន់​នេះ​រៀបចំ​នៅ​​នៅ​ខេត្ត​ ប៊ិញភឿក ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី ២០ ដល់ ៣១ ខែ​ធ្នូ ឆ្នាំ ២០១៤។

 

- ពាន​រង្វាន់​សាកលវិទ្យាល័យ​អាស៊ាន (ឥណ្ឌូណេស៊ី)៖ ក្រុម​បាល់ទាត់​វេស្ទើន ​​ចេញ​ទៅ​​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​សកលវិទ្យាល័យ​អាស៊ាន ប្រចាំ​ឆ្នាំ ២០១៤ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី ១០ ដល់ ២១ ខែ ធ្នូ ឆ្នាំ ២០១៤។ ពាន​រង្វាន់​នេះ​​ប្រមូល​ផ្ដុំ​​ក្រុម​ជើង​ខ្លាំង​មក​ពី​តាម​សកលវិទ្យាល័យ​នានា ប្រចាំ​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​អាស៊ាន៕  

អត្ថបទ ៖ ម៉ឺន រស្មី