មជ្ឈមណ្ឌលផ្តល់ឈាមថ្មី តម្លៃជាង១,៥លានដុល្លារបើកសាងសង់ព្រឹកនេះ
- 2014-12-13 14:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលផ្តល់ឈាមថ្មី តម្លៃជាង១,៥លានដុល្លារបើកសាងសង់ព្រឹកនេះ
ចន្លោះមិនឃើញ
អគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីនៅ ក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងត្រូវបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅព្រឹកនេះ ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកឧត្តមសេនីយទោ Jim Pasquarette មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមឲ្យដឹងថា អគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីនេះ គឺស្ថិតក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលផ្តល់ថវិកាចំនួន១លាន៥សែន ដុល្លារ តាមរយៈបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយមានគ្រឹះ៦ជាន់ តែសំណង់នេះគឺសាងសង់ត្រឹមតែ២ជាន់ប៉ុណ្ណោះ។ មានបន្ទប់រង់ចាំ មន្ទីរពិសោធន៍ កន្លែងផលិត ផលិតផលឈាមក៏ដូចជាបន្ទប់សម្រាប់ទទួលអំណោយឈាម ដែលអាចដាក់គ្រែរហូតដល់១៦ ។
អគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមបច្ចុប្បន្នគឺស្ថិតក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ហើយបន្ទប់ទទួលយកអំណោយឈាមគឺអាចដាក់គ្រែបានតែ៤ប៉ុណ្ណោះ។ នេះបើតាមលោកវេជ្ជបណ្ឌិត ហុក គីមចេង ។ “ការរៀបចំទាំងបច្ចេកទេស ក៏មានជំនួយពីជំនាញការឯកទេសរបស់កាកបាទក្រហមអូស្រ្តាលី (ARC) អង្គការបង្ការរបួសស្នាមសហរដ្ឋអាមេរិក (US CDC) និងជំនាញការនៃកងវិស្វកម្មសហរដ្ឋអាមេរិក (USACE) ដែលប្រកបទៅតាមស្តង់ដាអន្តរជាតិ និងស្របតាមតម្រូវការជាក់ស្តែងរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម”។ លោកវេជ្ជបណ្ឌិតបន្ថែម។
អគារថ្មីនេះមានគម្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅចុងឆ្នាំ២០១៥ខាងមុខនេះ ហើយក្រុមហ៊ុន គីម ម៉ិច Construction ជាអ្នកទទួលម៉ៅការសាងសង់៕
អត្ថបទ៖មៃ សុខលីម រូបថត៖ សហការី