នាយ កុយ និង ​នាយ ក្រឹម ​លាក់​បាំង​ព័ត៌មាន​ឡើង​ស័ក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ១?

  • 2014-12-16 15:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ កុយ និង នាយ​ក្រឹម ​​បាន​បដិសេធន៍​ព័ត៌មាន​ឡើង​ផ្កាយ ១ ជា​​រឿង​មិន​ពិត។ ក៏ប៉ុន្តែ​ប្រភព​ដ៏​ទុក​ចិត្ត​មួយ​និយាយ​ថា តារា​កំប្លែង​ទាំង​ពីរ​នេះ ​ពិត​ជា​ឡើង​តំណែង​ពី​​ស័ក្តិ ៥ ទៅ​ជា​ឧត្ដមសេនីយ៍​ផ្កាយ ១ ​នៅ​ក្នុង​ជួរ​កង​អង្គរក្ស​របស់​សម្ដេច ហ៊ុន សែន។

 

តារា​កំប្លែង ​​លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម និយាយ​ថា៖ "ដឹង​មក​ពី​ណា នរណា​និយាយ​ បើ​សាមីខ្លួន​អត់​ដឹង​ផង​ហ្នឹង មិន​ពិត​ទេ​អូន"។

 

នាយ ក្រឹម​ បន្ត​ថា​ លោក​នៅ​តែ​មាន​ស័ក្តិ ៥ ដដែល ​ក្នុង​ជួរ​កង​អង្គរក្ស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​បាន​បដិសេធន៍​ទាំង​ស្រុង​ព័ត៌មាន​លេច​លឺ​ថា​ បាន​ឡើង​ជា​ឧត្ដមសេនីយ៍​ផ្កាយ១។

 

 

មិន​ខុស​ពី​នាយ ក្រឹម​ទេ តារា​កំប្លែង​ លោក ជួង ជី ហៅ​នាយ កុយ ក៏​បាន​ឆ្លើយ​ថា ​​លោក​មិន​បាន​ដំឡើង​ឋានន្តរសក្ដិ​ទៅ​ជា​ផ្កាយ ១ ដូច​ជា​ការ​លើក​ឡើង​ដូច​គ្នា។

 

នាយ កុយ​ បញ្ជាក់​ថា៖ "អត់​ដឹង​ផងៗ ឡើង​ផ្កាយ១​អី​គេ​អូន ពូ​នៅ​ធម្មតា​ដដែល​ហ្នឹង ខាង​ណា​គេ​ប្រាប់"។

 

តារា​កំប្លែង​រូប​នេះ ​លើក​ឡើង​ទៀតថា ​តារា​អាជីព​ជា​តារា​កំប្លែង​ដូច ​លោក ត្រឹម​ស័ក្ត ៥ ដូច​ពេល​បច្ចុប្បន្ន ​គឺ​គ្រប់គ្រាន់​ហើយ លោក​មិន​ចង់​ទាមទារ​ឱ្យ​ខ្ពស់​ជាង​នេះ​ឡើយ។

 

បើ​ទោះ​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​ទាំង​ពីរ​ឆ្លើយ​បដិសេធន៍​ព្រម​​គ្នា​ក៏​ដោយ ប្រភព​មួយ​បាន​ឲ្យដឹងថា​ នាយ កុយ និង​ នាយ ក្រឹម ពិត​ជា​ឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ ១ ពិត​មែន​នា​ពេល​បច្ចុប្បន្ន។

 

មូលហេតុ​នាំ​ឱ្យ​​ឡើង​ថ្នាក់​ជា​ឧត្ដមសេនីយ៍​ផ្កាយ ១ ត្រូវ​ប្រភព​អះអាង​បន្ថែម​ថា​​ ដោយសារ​តែ​តារា​កំប្លែង​ទាំង​ពីរ​បាន​ចូលរួម​ចំណែក​ជួយ​ជាតិ ក៏​ដូច​ជា​ជួយ​សង្គម​បាន​ច្រើន​នា​ពេល​កន្លង​មក។

 

ព័ត៌មាន​ទាក់ទង​នឹង​ការ​ឡើង​តំណែង​ជា​​ឧត្ដមសេនីយ៍​ត្រី​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​ទាំង​ពីរ​ខាង​លើ​មិន​ត្រូវ​បញ្ចេញ​ឱ្យ​ដឹង​ជាសាធារណៈ​ទេ ព្រោះ​ខ្លាច​មហាជន​មួយ​ចំនួន​រិះគន់។

 

បើទោះបីជា​មាន​ការ​លើក​ឡើង​ពីករណី​ថា តារា​កំប្លែង​ល្បីឈ្មោះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងពីរ​ក្ដី ក៏​អ្នក​ទាំងពីរ​បាន​ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​​នៃ​ការ​ឡើង​​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​ ១។

 

ទាំង​នាយ កុយ និង ​នាយ ក្រឹម សុទ្ធតែ​ ជា​ទាហាន​ក្នុង​ជួរ​កង​អង្គរក្ស​របស់​ សម្ដេច ហ៊ុន សែន ដូច​គ្នា។ ពួកគេ​ទាំង​ពីរ​ក៏​ធ្លាប់​សម្ដែង​កំប្លែង​រួម​គ្នា​ផង​ដែរ​ តែ​ក្រោយ​មក​បែក​បាក់​គ្នា​ទៅ​​វិញ ដោយ​ម្នាក់ៗ​បង្កើត​ក្រុម​កំប្លែង​ផ្សេង​ពី​គ្នា។

 

អានអត្ថបទបន្ត៖ មង្គលការ​កូន​ស្រី​នាយ​ក្រឹម​យប់​មិញ​​ភ្ញៀវ​​គគ្រឹកគគ្រេង!

អានអត្ថបទបន្ត៖ ពិធី​ករ​កម្មវិធី “រង្វាន់​ទេវតា” បង្ខំ​ចិត្ត​សេង​ហាង​នៅ​ផ្លូវ​កម្ពុជា​

អានអត្ថបទបន្ត៖ វីដេអូ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ រាំ​បទ​​​របស់​ Bruno Mars​ ឡូយ​ម៉ា​អេម​

 

អត្ថបទ៖ អ៊ីង សុឡា