​​​​​កូន​អ្នក​លក់​បាយ​នៅ​ម្តុំ​ស្តុប​ទេព​ផន​ ​តស៊ូ​រហូត​បាន​​​រៀន​​​​សាលា​​ថ្លៃ​បំផុត​​នៅ​ស្រុក​ខ្មែរ

  • 2014-12-19 17:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធំធាត់​ក្នុង​គ្រួសារ​មួយ​ ដែល​​មាន​​ម្តាយ​ជា​អ្នក​លក់​ដូរ​តិច​តួច(លក់បាយ​)​ ដើម្បី​ជីវភាព​​ប្រចាំ​ថ្ងៃ​​​ យុវជន​ តាំង​ ប៊ុន​ហុង​ បាន​តស៊ូ​​យ៉ាង​ស្វិតស្វាញ​​ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​​ ក្រោយ​ពី​ប្រលង​​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) កាល​​ពី​ឆ្នាំ​២០១៣។ ​បច្ចុប្បន្ន​​ ប៊ុន​ហុង គឺ​ជា​និស្សិត​​​អាហារូបករណ៍​​​​​​​នៅ​សាកលវិទ្យាល័យ​អាមេរិក​កាំង​​ ​ភ្នំពេញ​។ សាកលវិទ្យាល័យ​នេះ​​​ត្រូវ​បាន​ចាត់​ទុក​ជា​សាកលវិទ្យាល័យ​​​​​ល្អ​ និង​ថ្លៃ​បំផុត​នៅ​ស្រុក​ខ្មែរ។​

 

ប៊ុន​ ហុង​ គឺ​ជា​អតីត​សិស្ស​​ឆ្នើម​ទទួល​​បាន​និទ្ទេស​ A ក្នុង​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​(បាក់​ឌុប​) និង​ជា​សិស្ស​ពូកែ​​គណិត​​វិទ្យា​ទូទាំង​ប្រទេស​ ទើប​អាច​ទទួល​បាន​អាហារូបករណ៍​​​។ យុវជន​រូប​នេះ​បាន​​រំលឹក​ថា ដើម​ឡើយ​ខ្លួន​​មិន​មែន​ជា​សិស្ស​ពូកែ​​នោះ​ទេ​​។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្នាក់​ទី​​៨​ មក​​បាន​ក្លាយ​ជា​សិស្ស​លេច​ធ្លោ​​មួយ​រូប​ប្រចាំ​ថ្នាក់​​ ហើយ​ដល់​​ថ្នាក់​ទី​​៩​ ប៊ុន​ហុង​​ ក៏​ជាប់​ជា​​សិស្ស​​ពូកែ​ខ្មែរ​​ប្រចាំ​រាជធានី​​ភ្នំពេញ​ផង​ដែរ​​។ "​​ ប៉ា​ម៉ាក់​ខ្ញុំ​តែង​​ ដាស់​តឿន​​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ ​ ព្រោះ​​គ្រួសារ​ខ្ញុំ​​គ្មាន​អ្វី​​ជា​ទី​ពឹង​ទេ​ មាន​តែ​ខិត​ខំ​រៀន​សូត្រ​នេះ​ហើយ ដើម្បី​កុំ​ឲ្យ​ពិបាក​ដូច​គាត់​​​​”​។ ប៊ុន​ហុង​ បន្ថែម​។​

 

 

ក្នុង​នាម​​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៣ នាក់​ និង​ជា​មនុស្ស​ឧស្សាហ៍​​ មិន​សូវ​ចូលចិត្ត​ការ​ដើរ​លេង​ច្រើន​យុវជន​វ័យ​ ប៊ុន​ហុង​ បាន​រៀប​រាប់​ថា​ ទោះ​​​ជា​​ឪពុក​ម្តាយ​ ​​បាន​លើក​ទឹក​ចិត្ត​ និង​​​​ផ្ដោត​​​​លើ​ការ​សិក្សា​យ៉ាង​ណា​ ​ខ្លួន​​នៅ​តែ​​ឆ្លៀត​ជួយ​​​​ម្តាយ ​​លើ​​របរ​លក់​បាយ​ ដែល​ស្ថិត​នៅ​​ម្តុំ​ស្តុប​ទេព​ផន​​​​ស្ទើរ​រាល់​ថ្ងៃ​។ ​​​

ជា​និស្សិត​ឆ្នាំ​ទី​២ ​​ជំនាញ​ច្បាប់​នៅ​​សាកលវិទ្យាល័យ​អាមេរិក​កាំង ​​ភ្នំពេញ​​​​ ដោយ​មាន​​ថ្លៃ​​​សិក្សា​​​ជាង​ ៩​.០០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ​​យុវជន​ ប៊ុនហុង​ ​រំពឹង​ថា​​ ​​ការ​ចាប់​យក​ជំនាញ​ច្បាប់​​​ នឹង​​អាច​​​ជួយ​ខ្លួន​ឯង​ផង​​ និង​ចូល​រួម​ចំណែក​​​ជួយ​សង្គម​​បាន​ច្រើន​ផង​​​​​។ មែន​​ទែន​​ទៅ​​  ប៊ុន​ហុង ស្រលាញ់​​ជំនាញ​វិស្វកម្ម​ និង​ផ្នែក​ភាសា​វិទ្យា​។ ប៉ុន្តែ​បញ្ហា​សង្គម​ និង​​ការ​​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​​​ផ្នែក​ច្បាប់​​នៅ​​មាន​កម្រិត​ ជា​ឫស​គល់​ធំ​​​នាំ​ឲ្យ​ ប៊ុនហុង​ ​​ប្តូរ​ចាប់​​យក​ជំនាញ​​ច្បាប់។

​​

ថ្ងៃ​អនាគត​​​ ប៊ុន​ហុង​ ​មាន​​បំណង​ប្រាថ្នា​ចង់​​ក្លាយ​​ជា​មន្ត្រី​រាជ​ការ​ ឬ​​​​ជា​ផ្នែក​មួយ​ នៃ​ការ​អប់រំ​​ច្បាប់ និង​ប្រព័ន្ធ​អប់រំ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​​ ប៊ុន​ហុង​ មិន​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​​ទៅ​​សិក្សា​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

 

​ប៊ុន​ហុង បាន​ចែក​​រំលែក​​បទ​ពិសោធន៍​រៀន​ឲ្យ​ពូកែ​​​​​​​ថា​ ​ការ​ចោទ​​ជា​​សំនួរ​ ​​មិន​ផ្ដោត​ពេក​ទៅ​​លើ​​ការ​ចង​ចាំ ព្យាយាម​គិត​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​យល់​ ចាំ​​ក៏​ត្រូវ​ចាំ​ដែរ​​ ប៉ុន្តែ​មិន​មែន​ចាំ​ដោយ​សារ​ទន្ទិញ​ទេ​ ​សុំ​ឲ្យ​​​ចាំ​ដោយ​សារ​យល់​។ ដូច្នេះ​​នៅ​ពេល​​យើង​យល់​ នឹង​ធ្វើ​ឲ្យ​​ឆាប់​ចាំ​ ហើយ​គិត​ ។​ ​ពេល​​​ជួប​បញ្ហា​ថ្មី​ៗ យើង​អាច​ដោះ​ស្រាយបញ្ហា​​បាន​​។ រឿង​សាមញ្ញ​ ការ​​ស្តាប់​គ្រូ​ពន្យល់ ​​គឺ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ ប៉ុន្តែ​បញ្ហា​​សំខាន់​​គឺ​យើង​គិត​​នៅ​ពេល​​ដែល​ធ្វើ​អី​មួយ​ ហេតុ​អី​បាន​ជា​ធ្វើ​អញ្ចឹង​ គ្រប់​មុខ​​វិជ្ជា​ទាំង​អស់​មិន​ថា​ មុខ​វិជ្ជាសាស្ត្រ​ពិត​ ឬ​វិទ្យាសាស្ត្រ​សង្គម​នោះ​ទេ​ ហេតុ​​អ្វី​បាន​​ជា​មាន​ការ​បក​ស្រាយ​​ផេ្សង​ៗ​គ្នា​​?​​​​​​​​​​​ ​​​​​​​

 

​ចុង​ក្រោយ​ ប៊ុន​ហុង ​បាន​លើក​ឡើង​ថា​ មនុស្ស​ម្នាក់មាន​​អ្វី​ៗ ផេ្សង​ៗ​គ្នា​ អ្នក​ខ្លះ​កើត​មក​​មាន​គ្រួសារ​ពេញ​​លេញ​ ​​ជីវភាព​រស់​នៅ​ក៏​អត់​សូវ​លំបាក​ អ្នក​ខ្លះ​មាន​​គ្រួសារ​ពេញ​លេញ​តែ​មាន​បញ្ហា​ជីវភាព​។​ ដូច្នេះ​​មនុស្ស​ម្នាក់​ៗ ​កើត​មក​​មាន​​ផ្នែក​ផ្សេង​គ្នា​​ច្រើន​។ ​ក្នុង​នាម​យុវជន​ម្នាក់​​ ត្រូវ​ព្យាយាម​យ៉ាង​ណា​​យក​​អ្វី​ដែល​យើង​មាន​ ហើយ​ផ្លាស់​ប្តូរ​ទៅ​​ជា​ប្រយោជន៍​។ ​អ្វី​ដែល​​យើង​មាន​ និង​អ្នក​ផេ្សង​ក៏​មាន ​​​គឺ​ខួរ​ក្បាល​ ។​យើង​​ត្រូវ​ប្រើ​ខួរ​ក្បាល ​​ដើម្បី​អភិវឌ្ឍន៍​ចំណេះ​ដឹង​របស់​យើង​ ដើម្បី​ជួយ​ខ្លួន​ឯង​ និង​​ប្រទេស​ជាតិ​របស់​យើង​​៕​

 

សូម​ចុច​ត្រង់​នេះ ​អាន​អត្ថបទ៖ ៤​សាកលវិទ្យាល័យ​​​​ល្បី​​​​ៗ​នៅ​ភ្នំពេញ​​​​មួយ​ឆ្នាំ​បង់​រាប់​ពាន់​ដុល្លារ​ទើប​រៀន​បាន​

 

អត្ថបទ៖មៃ សុខលីម