កម្ពុជា​ត្រៀម​ទី​លាន​ ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ដល់​កម្រិត​ណា​ហើយ​?

  • 2015-01-22 17:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​​មិន​ដល់​១០​​ឆ្នាំ​ទៀត​ដែល​ប្រទេស​កម្ពុជា​គ្រោង​នឹង​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេម​)​នៅ​ឆ្នាំ​២០២៣​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​​តំបន់​អាស៊ាន​រយៈ​ពេល​២​ឆ្នាំ​ម្តង។ បន្ទាប់​ពី​ទទួល​ភារកិច្ច​ធំ​លើក​ដំបូង​មក​ តើ​ប្រទេស​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ ជា​ពិសេស​​ទី​កន្លែង​សម្រាប់​រៀប​ចំ​​ការ​ប្រកួត​បាន​ដល់​កម្រិត​ណា?

 

គម្រោង​ពហុកីឡដ្ឋាន​មរតក​តេជោ

ឯកឧត្តម​​ វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់ Sabay ​ផ្តាច់​មុខ​តាម​រយៈ​បទ​សម្ភាសន៍​ពិសេស​ដូច​ខាង​ក្រោម៖

 

មុន្នីរម្យ៖ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ តើ​គេ​តម្រូវ​ឲ្យ​កម្ពុជា​យើង​មាន​ទីលាន​ប្រកួត​ប៉ុន្មាន​ទើប​​អាច​ធ្វើ​ម្ចាស់​ផ្ទះ​បាន? វ៉ាត់ ចំរើន៖ ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ប្រទេស​មួយ​ទាល់​តែ​មាន​កន្លែង​អាច​រៀប​ចំ​ការ​ប្រកួត​បាន​កីឡា​ចំនួន​២២​ប្រភេទ​ឡើង។ តាម​ច្បាប់​របស់​ស៊ីហ្គេម​គឺ​រៀប​ចំ​ការ​ប្រកួត​ក្នុង​រយៈ​ពេល​មិន​លើស​ពី​២​សប្តាហ៍ អីចឹង​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ត្រូវ​​បញ្ចប់​ក្នុង​រយៈ​ពេល​ក្រោម​១៥​ថ្ងៃ។ ទោះ​ជា​យើង​មិន​អាច​មាន​ទី​លាន​គ្រប់​ដល់​ចំនួន​ជាង​២២ តែ​ប្រភេទ​កីឡា​ខ្លះ​ក៏​អាច​រៀប​ចំ​ការ​ប្រកួត​លើ​ទី​លាន​តែ​មួយ​បាន​ ដូច​ជា​កីឡា​មួយ​ប្រភេទ​ប្រកួត​ត្រឹម​តែ​៥​ថ្ងៃ ហើយ​កីឡា​ផ្សេង​អាច​ប្រកួត​នៅ​ថ្ងៃ​បន្ទាប់​ជា​ដើម។

 

មុន្នីរម្យ​៖ ​ពហុកីឡដ្ឋាន​មរតក​តេជោ​ជា​ទី​លាន​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​​រៀប​ចំ​ តើ​រហូត​ដល់​ពេល​នេះ​ការ​​កសាង​ឈាន​ដល់​កម្រិត​ណា​ហើយ? វ៉ាត់ ចំរើន៖ រហូត​ដល់​ពេល​នេះ​យើង​កំពុង​កសាង​ក្នុង​ដំណាក់​កាល​ទី​មួយ​បាន​ប្រហែល​ជា​៦០​ភាគ​រយ​ហើយ។ ដំណាក់​កាល​ទី​មួយ​នេះ​មាន​​កន្លែង​សំខាន់​​ៗ​មួយ​ចំនួន​ដូច​ជា​ អាង​ហែល​ទឹក Indoor Stadium ដែល​មាន​៣​កន្លែង​ក្នុង​នោះ​២​កន្លែង​សម្រាប់​ហ្វឹកហាត់ មាន​កន្លែង​សម្រាប់​កីឡាករ​៣០០​នាក់​ស្នាក់​នៅ​ និង​មាន​តារាង​បាល់​មួយ​ទៀត។ ទី​លាន និង​កន្លែង​ទាំង​អស់​នេះ​ធ្វើ​បាន​ជាង​៦០​ភាគ​រយ​ហើយ ប៉ុន្តែ​ក្រុម​ហ៊ុន​កសាង​មិន​ទាន់​ឲ្យ​អ្នក​ជំនាញ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​ទៅ​ត្រួត​ពិនិត្យ​​នៅ​ឡើយ​ទេ ហើយ​ទាល់​តែ​គេ​ធ្វើ​រួច​រាល់ និង​បំពាក់​សម្ភារៈ​ទើប​យើង​ទៅ​ត្រួត​ពិនិត្យ។

 

 

មុន្នីរម្យ​៖ តើ​មាន​ប៉ុន្មាន​ដំណាក់​កាល​ទៀត​សម្រាប់​ការ​កសាង​ពហុកីឡដ្ឋាន​​មរតក​តេជោ បន្ទាប់​ពី​ដំណាក់​កាល​ទី​មួយ? វ៉ាត់ ចំរើន៖ យើង​នៅ​មាន​២​ដំណាក់​កាល​ទៀត​សម្រាប់​ការ​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ។ ដំណាក់​កាល​ទី​ពីរ​គឺ​យើង​ធ្វើ​កីឡដ្ឋាន​បាល់ទាត់​សំខាន់​ជាង​គេ​ដែល​គម្រោង​នេះ​នឹង​ទទួល​បន្ទុក​កសាង​ដោយ​ក្រុម​ហ៊ុន​ចិន​ដែល​គ្រោង​ចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ​២០១៦ និង​គ្រោង​រួច​រាល់​ឆ្នាំ​២០១៨។ ចំពោះ​​ដំណាក់​កាល​ទី​៣ យើង​នឹង​កសាង​ទីលាន​កីឡា​សំខាន់​ផ្សេង​ទៀត​ដូច​ជា​​សាលបាញ់​កាំភ្លើង​ជា​ដើម។

 

មុន្នីរម្យ​៖ ពហុកីឡដ្ឋាន​មរតក​តេជោក​គ្រោង​នឹង​ចំណាយ​អស់​ថវិកា​ប៉ុន្មាន និង​ទទួល​បាន​ប្រាក់​មក​ពី​ណា​ខ្លះ? វ៉ាត់ ចំរើន៖ សម្រាប់​ដំណាក់​កាល​ទី​មួយ​គឺ​គ្រោង​នឹង​ចំណាយ​អស់​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុម​ហ៊ុន​លី យ៉ុងផាត់​ទទួល​បន្ទុក​កសាង។ ចំពោះ​ដំណាក់​កាល​ទី​ពីរ​ដែល​កសាង​កីឡដ្ឋាន​បាល់ទាត់​សំខាន់​នោះ​គ្រោង​នឹង​ចំណាយ​ថវិកា​ជាង​១០០​លាន​ដុល្លារ​អាមេរិក​​ជា​​ជំនួយ​​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន ហើយ​ក្រុម​ហ៊ុន​ចិន​ជា​អ្នក​ទទួល​បន្ទុក​កសាង។ ចំពោះ​ដំណាក់​កាល​ចុង​ក្រោយ​គ្រោង​ចំណាយ​ជាង​១០​លាន​ដុល្លារ​អាមេរិក តែ​យើង​អត់​ទាន់​មាន​តម្រុយ​​ថា​បាន​លុយ​មក​ពី​ណា​ទេ។ ពហុកីឡដ្ឋាន​មរតក​តេជោ​​គ្រោង​​បញ្ចប់​មុន​ឆ្នាំ​២០២០ ដើម្បី​ទុក​ពេល​២​ទៅ​៣​ឆ្នាំ​មុន​សម្រាប់​ការ​ធ្វើ​តេស្ត។

 

មុន្នីរម្យ​៖ ចុះ​ក្រៅ​ពី​ពហុកីឡដ្ឋាន​មរតក​តេជោ តើ​មាន​កីឡដ្ឋាន និង​ទី​លាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម? វ៉ាត់ ចំរើន៖ ក្រៅ​ពី​​ពហុកីឡដ្ឋាន​មរតក​តេជោ​គឺ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​យើង​មាន​ស្រាប់។ ក្រៅ​ពី​នោះ​ទៀត​យើង​អាច​នឹង​ធ្វើ​ឡើង​នៅ​តាម​សាល​អគារ​ធំ​ៗ​ដូច​ជា​នៅ​កោះ​ពេជ្រ​ជា​ដើម ពី​ព្រោះ​តាម​អគារ​ហ្នឹង​ជា​កន្លែង​មាន​សាល​ដែល​រៀប​ចំ​ការ​ប្រកួត​បាន​ដូច​ជា​កីឡា​បែប​ប្រយុទ្ធ និង​សម្តែង​ជា​ដើម ហើយ​មាន​កន្លែង​សម្រាប់​អ្នក​ទស្សនា និង​ចត​យាន​យន្ត​។ លើស​ពី​នេះ​ទៀត យើង​ប្រហែល​ជា​ត្រូវ​ទៅ​ដល់​ខេត្ត​កែប ពី​ព្រោះ​នៅ​ភ្នំពេញ​អត់​មាន​កន្លែង​រៀប​ចំ​កីឡា​លើ​ទឹក​ទេ មាន​តែ​នៅ​កំពត ឬ​កែប​ដែល​មាន​ដៃ​សមុទ្រ​​ដែល​​អាច​រៀប​ចំ​ការ​ប្រកួត​កីឡា​លើ​ទឹក​បាន។ យើង​នឹង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ទៀត​សម្រាប់​ទី​លាន​ដែល​នៅ​សល់។

 

មុន្នីរម្យ​៖ ចុះ​និយាយ​ពី​គុណភាព​វិញ​យ៉ាង​ម៉េច​ដែរ? វ៉ាត់ ចំរើន៖ និយាយ​ពី​គុណភាព​វិញ​សុទ្ធ​តែ​ទទួល​ស្គាល់ និង​ស្រប​តាម​មាត្រដ្ឋាន​អន្តរជាតិ។ ពហុកីឡដ្ឋាន​មរតក​តេជោ​​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អ្នក​ជំនាញ​បច្ចេកទេស​សហព័ន្ធ​កីឡា​អាស៊ី និង​អន្តរជាតិ ព្រម​ទាំង FIFA៕

 

អត្ថបទ៖ សុខ មុន្នីរម្យ​