Bill Gates បរិច្ចាគ​ទ្រព្យ​​​សម្បត្តិ​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​ពិភពលោក​​​ ៥រូប​​​​​

  • 2014-12-22 21:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​បុគ្គល​ជោគជ័យ​ខាង​វិស័យ​បច្ចេកវិទ្យា​ជា​ច្រើន​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​​កម្លាំង​ចិត្ត​​ដើម្បី​រក​ប្រាក់​ចំណូល​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​លទ្ធភាព​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​ រហូត​បាន​ក្លាយ​ជា​​កំពូល​មហា​សេដ្ឋី​លំដាប់​ពិភព​លោក​។ ថ្វី​ត្បិត​បុគ្គល​ទាំង​នោះ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក៏​​ពិត​មែន តែ​មិន​បាន​ន័យ​ថា​ពួក​គេ​កំណាញ់​​​​ស្វិត​​​នឹង​ប្រាក់​កាស​ដែល​រក​បាន​យ៉ាង​លំបាក​នោះ​ទេ។ ជាក់ស្ដែង​ដូច​មហាសេដ្ឋី​ Bill Gates (និង​លោក Warren Buffett) បាន​ក្លាយ​ជា​កំពូល​​មហាសេដ្ឋី​បច្ចេកវិទ្យា​​សំខាន់​ៗ​​ ដែល​ធ្លាប់​បាន​ជំរុញ​ទឹក​ចិត្ត​​​ដល់​មហាសេដ្ឋី​ជា​ច្រើន​ទៀត ដើម្បី​ចូល​រួម​បរិច្ចាគ​ថវិកា​មួយ​ផ្នែក​ធំ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ដល់​អង្គការ​សប្បុរសធម៌។  Bill Gates ​​ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋី​​មួយ​រូប​ដែល​​​​បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ចំណោម​​មហាសេដ្ឋី​​កំពូល​ៗ​​ផ្សេង​ទៀត។​ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​សង្ខេប​ចំពោះ​អំពើ​​សប្បុរស​ធម៌​​​​ និង​ថវិកា​ដែល​​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង ៥​បាន​បរិច្ចាគ​​ ៖

 

១. លោក​ Bill Gates ស្ថាបនិក​និង​ជា​ម្ចាស់​ក្រុមហ៊ុន Microsoft

 

 

​ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៤ លោក​ Bill Gates បាន​ឈរ​នៅ​លំដាប់​លេខ​មួយ ​ជា​មហាសេដ្ឋី​​​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​លោក (ធ្លាក់​មក​ចំណាត់ថ្នាក់​​លេខ​ ២ ​រយៈពេល​ខ្លី​ដែរ)​។ មហាសេដ្ឋី​ Bill Gates ព្រម​ទាំង​ភរិយា លោក​ស្រី Melinda ជា​គូ​ស្វាមី​ភរិយា​ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​​សប្បុរស​ធម៌​ ដោយ​បាន​បង្កើត​មូលនិធិ​សប្បុរស​ធម៌​ផ្ទាល់​ខ្លួន​​មួយ​ឈ្មោះ ​Bill & Melinda Gates ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ក៏​ដូច​ជា​ជន​គ្មាន​ទីពឹង​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភពលោក​។ ​នៅ​ក្នុង​ឆ្នាំ ២០០៧ មូលនិធិ​ Bill & Melinda Gates បាន​បរិច្ចាគ​ថវិកា​ដល់​​អង្គការ​សប្បុរសធម៌​ចំនួន ២៨ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់ Businessweek។

 

២. លោក  Ted Turner ស្ថាបនិក​ ​​និង​ជា​ម្ចាស់​បណ្ដាញ​សារព័ត៌មាន​និង​ទូរទស្សន៍​  CNN

 

 

​លោក Ted Turner​ ជា​ស្ថាបនិក​​មួយ​រូប​ដែល​បាន​បង្កើត​បណ្ដាញ​សារព័ត៌មាន​និង​ទូរទស្សន៍​ CNN, TBS និង TNT ហើយ​​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​​ ២,២ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​ឆ្នាំ ១៩៩៨ លោក​បាន​បរិច្ចាគ​ថវិកា​ ១ពាន់​លាន​ដុល្លារ​ទៅ​ដល់​​មូលនិធិ​សប្បុរសធម៌​​របស់​អង្គការ​សហ​ប្រជាជាតិ។​ បច្ចុប្បន្ន Ted Turner ក៏​បាន​ជួយ​ដល់​មូលនិធិ​​ផ្សេង​ៗ​ជា​ច្រើន​ទៀត​មាន​ដូចជា មូលនិធិ Captain Planet  និង​មូលនិធិ​ផ្ដល់​ឈាម​​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​លើ​​កុមារ។ លោក Ted Turner បាន​ប្ដេជ្ញា​ថា​នៅ​ពេល​ខាង​មុខ​លោក​នឹង​យក​ទ្រព្យ​សម្បត្តិ​របស់​លោក​ពាក់​កណ្ដាល (ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ ២,២ពាន់​លាន​ដុល្លារ) ទៅ​​ជួយ​​​ដល់​មូលនិធិ​សប្បុរសធម៌។​​​​​​

 

អាន៖ មហា​សេដ្ឋី​លំដាប់​ពិភព​លោក​ទាំង​៥ ​ដែល​មាន​​ប្រវត្តិ​តោកយ៉ាក​បំផុត​​

 

៣. លោក​ Paul Allen ​សហ​​ស្ថាបនិក​ក្រុមហ៊ុន  Microsoft

 

 

Paul Allen​ ជា​ស្ថាបនិក​មួយ​រូប​ (រួម​នឹង​​ Bill Gates) ដែល​​បាន​បង្កើត​ក្រុមហ៊ុន​​ផលិត Software និង​ Hardware អេឡិចត្រូនិក​ឈ្មោះ Microsoft  និង​មាន​ទ្រព្យសម្បត្តិ​​ចំនួន ១៧,១ពាន់​លាន​ដុល្លារ (ទិន្នន័យ​របស់​ Wikipedia គិត​ត្រឹម​ខែ​ធ្នូ​នេះ​)។ មិន​ខុស​អី​ពី​មិត្ត​សំឡាញ់​របស់​លោក​ (Bill Gates)  Paul Allen ក៏​ជា​បុគ្គល​មួយ​រូប​ដែល​បាន​បរិច្ចាគ​ថវិកា​យ៉ាង​ច្រើន​ប្រមាណ ១៤ពាន់​លាន​ដុល្លារ​ដល់​មូលនិធិ​សប្បុរសធម៌ ដែល​​ធ្វើ​ឲ្យ​លោក​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ ចំពោះ​អំពើ​សប្បុរសធម៌​ដ៏​ធំ​ធេង​នេះ។ លោក​ក៏​​បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ Paul G Allen Family ដែល​ជា​​មូលនិធិ​​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​មូលនិធិ​​ "ជំរុញ​​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ" ជា​ច្រើន​ផ្សេង​​ទៀត​។

 

៤.​លោក Mark Zuckerberg ស្ថាបនិក ​​​និង​​ជា​ម្ចាស់​បណ្ដាញ​សង្គម​ Facebook

 

 

​មិន​ត្រឹម​តែ​​ជា​ម្ចាស់​បណ្ដាញ​សង្គម​ដ៏​ល្បី​ (Facebook) និង​​ជា​មហាសេដ្ឋី​​បច្ចេកវិទ្យា​វ័យ​ក្មេង​បំផុត​​មាន​អាយុ​ត្រឹម​តែ​ ៣០ឆ្នាំ   Mark Zuckerbergក៏​ជា​បុគ្គល​សំខាន់​មួយ​រូប​ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​​សប្បុរសធម៌​។ លោក​មាន​ទ្រព្យសម្បត្តិ​សរុប ៣៣,១ ពាន់​លាន​ដុល្លារ ហើយ​លោក​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​បរិច្ចាគ​ថវិកា​មួយ​ភាគ​ធំ​ទៅ​ដល់​មូលនិធិ​សប្បុរសធម៌​​។ កន្លង​មក Mark ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ប្រមាណ ៩៩០ លាន​ដុល្លារ​ទៅ​ដល់​មូលនិធិ​សហគមន៍​ Silicon Valley ផង​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន Daily Telegraph។ ​​​

 

​​​​​៥. លោក ​ Richard Branson ​ស្ថាបនិក​និង​ជា​ម្ចាស់​ក្រុមហ៊ុន Virgin Group

 

 

បុរស​ជនជាតិ​​​អង់គ្លេស​​​​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​ចំនួន ៤,៩ពាន់​លាន​ដុល្លារ (បើ​តាម​ Wikipedia)។ មិន​ខុស​អី​ពី​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​៤រូប​ខាង​លើ​នោះ​ទេ  Richard Bransonក៏​បាន​ចូល​រួម​ក្នុង​ "​កម្មវិធី​បរិច្ចាគ​ថវិកា​​​របស់​មហាសេដ្ឋី​ទៅ​ដល់​មូលនិធិ​សប្បុរស​ធម៌​" ឬ​ Giving Pledge ដោយ​បាន​ប្ដេជ្ញា​ថា​លោក​នឹង​បរិច្ចាគ​ថវិកា​មួយ​ចំនួន​​ទៅ​ដល់​មូលនិធិ​ជា​ច្រើន​ ដើម្បី​រួម​ចំណែក​ជួយ​ដល់​សង្គម​។ បច្ចុប្បន្ន​លោក​បាន​ជួយ​ទ្រទ្រង់​ដល់​មូលនិធិ​សប្បុរសធម៌​ជា​ច្រើន​​មាន​ដូចជា មូលនិធិ​កម្ចាត់​និង​រុករក​​មីន (Mineseeker) និង​ មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ជា​ដើម។

 

ទាំង​អស់​នេះ​​​សរ​ឲ្យ​ឃើញ​ពី​ "ការ​​​ជួយ​ដល់​សង្គម​វិញ​​​​" ពី​សំណាក់​មហាសេដ្ឋី​ទាំង​ ៥ រូប បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សង្គម​​ដែល​ពួក​គេ​កំពុង​រស់​នៅ​។ ​

 

*បញ្ជាក់​៖ Sabay លើក​យក​តែ​មហាសេដ្ឋី​បច្ចេកវិទ្យា​តែ​​ចំនួន​ ៥ ប៉ុណ្ណោះ​ តែ​នៅ​មាន​មហាសេដ្ឋី​​កំពូល​ផ្សេង​ទៀត​ដែល​បាន​រួម​ចំណែក​ដល់​សង្គម​ ដែល​​ក្នុង​នោះ​មាន​ដូចជា Warren Buffett​, Diane von Fürstenberg, និង​ David Rockefeller ជា​ដើម​។

 

អាន៖ មហាសេដ្ឋី​បច្ចេកវិទ្យា​​វ័យ​ក្មេង​ទាំង​ ៧​ នា​ពេល​បច្ចុប្បន្ន

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ therichest

អត្ថបទថ្មី