តិកនិក ៩យ៉ាងបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល
- 2014-12-24 15:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិកនិក ៩យ៉ាងបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល
ចន្លោះមិនឃើញ
ខួរក្បាលពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវាបានបំពេញតួនាទីជាអ្នកនាំផ្លូវក្នុងការងារផ្សេងៗ។ មិនត្រឹមតែសំខាន់ចំពោះការត្រិះរិះពិចារណាប៉ុណ្ណោះទេ ខួរក្បាលក៏ជាកន្លែងផ្ទុកឯកសារមិនចេះពេញផងដែរ ប៉ុន្តែពេលខ្លះវានឹងអាចបាត់បង់ទៅវិញ ប្រសិនបើយើងមិនចេះដុះខាត់ជាប្រចាំទេនោះ។
ខាងក្រោមនេះគឺជាវិធី ៩យ៉ាង ដែលអាចបង្កើនសមត្ថភាពនៃការចងចាំរបស់អ្នកអោយបានយូរអង្វែងជាងធម្មតា៖
១. អានសៀវភៅខុសៗគ្នា ហើយព្យាយាមចងចាំដំណើររឿង
សៀវភៅ អត្ថបទផ្សេងៗ កាសែត ឬទស្សនាវដ្ដី សុទ្ធតែមានអត្ថប្រយោជន៍ ចំពោះការចងចាំ។ អ្នកគួរតែអាននូវអ្វី ដែលទាក់ទាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ ក្រោយមក ត្រូវព្យាយាមចងចាំនូវអ្វីដែលបានអានរួច នោះវានឹងអាចជួយពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នក។
២. រៀនភាសាថ្មីៗបន្ថែមទៀត
ការរៀនភាសាថ្មីបន្ថែម មិនត្រឹមតែបង្កើនជំនាញទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ខួរក្បាលមួយដ៏ល្អប្រសើរផងដែរ ដើម្បីបញ្ចៀសការចុះខ្សោយសមត្ថភាពក្នុងការចងចាំ។ លើសពីនេះទៅទៀត ការរៀនភាសា ធ្វើឲ្យអ្នកស្គាល់ពាក្យច្រើន និងអាចជួយអោយមុខងារខួរក្បាលមានការរីកចម្រើន។
៣. និយាយជាមួយខ្លួនឯង
ការសិក្សាបានបង្ហាញថា មនុស្សដែលតែងនិយាយមកកាន់ខ្លួនឯង គឺប្រឈមនឹងជំងឺវង្វេងវង្វាន់តិចតួចបំផុត។ ការនិទានរឿងប្រាប់ខ្លួនឯង គឺជាវិធីដ៏ល្អមួយ ដើម្បីពន្យារពេលឆាប់ភ្លេចភ្លាំង និងបង្កើនការចងចាំព័ត៌មានលម្អិតនានា។
៤. ស្ដាប់តន្ត្រី
តន្ត្រីក៏ផ្ដល់នូវលំហាត់ខួរក្បាលដ៏ល្អប្រសើរផងដែរ។ ទោះជាវាមិនបានផ្ដល់ផលប្រយោជន៍ដល់រាងកាយក៏ពិតមែន ប៉ុន្តែការស្ដាប់តន្ត្រីធ្វើសមត្ថភាពនៃការចងចាំមានការកើនឡើង។ ស្ដាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំ ហើយព្យាយាមចងចាំបទភ្លេង និងអត្ថបទចម្រៀង អ្នកនឹងបានឃើញពីអត្ថប្រយោជន៍របស់តន្ត្រី។
៥. គួររកវិធីជំនួយការចងចាំ
គួររិះរកវិធីងាយៗ ដែលអាចជួយអ្នកអោយនឹកឃើញបានឆាប់រហ័ស។ ឧទាហរណ៍ អ្នកអាចភ្ជាប់រូបភាព ជាមួយនិងឈ្មោះ ឬពាក្យផ្សេងៗដែលអាចជួយអ្នកនឹកឃើញពីអ្វីមួយ។ ម្យ៉ាងវិញទៀត ពាក្យជួន ចង្វាក់ភ្លេង ហើយនិងរឿងកំប្លែង គឺជាវិធី ៣ផ្សេងទៀត ដែលអាចជួយអ្នកអោយចងចាំឈ្មោះ ហេតុការណ៍ តួលេខ ឬព័ត៌មានសំខាន់ផ្សេងៗ។
៦. ព្យាយាមធ្វើលំហាត់ខួរក្បាលជាប្រចាំ
គួរចំណាយពេលខ្លះ ធ្វើសមាធិ រៀនរកនឹកពីអ្វីមួយដែលអ្នកបានភ្លេច។ ធ្វើបែបនេះជាប្រចាំ អ្នកនឹងឃើញថាមានប្រសិទ្ធភាពជាក់ជាមិនខាន។
៧. លេងហ្គេម ផ្គុំរូប ឬហ្គេមស្វែងរកពាក្យ
ការលេងហ្គេមផ្សេងៗដូចជា ហ្គេមស្វែងរកពាក្យ ឬហ្គេមផ្គុំរូប សុទ្ធតែអាចបង្កើននូវចំនេះដឹងទូទៅ និងជួយបញ្ចៀសបាននូវភាពឆាប់ចុះខ្សោយនៃខួរក្បាល។
៨. គេងឲ្យបានគ្រប់គ្រាន់
ដើម្បីឲ្យខួរក្បាលចងចាំបានល្អ គួរព្យាយាមគេងឲ្យបានគ្រប់គ្រាន់។ ជាធម្មតាមនុស្សវ័យជំទង់ ត្រូវការពេលពី ៦ ទៅ ៩ម៉ោងដើម្បីគេង ចំណែកមនុស្សពេញវ័យត្រូវការពេលពី ៦ ទៅ ៨ម៉ោង។ ពេលគេងគ្រប់គ្រាន់ ខួរក្បាលអ្នកនឹងបំពេញការងារបានល្អ ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយផងដែរ។
៩. ទទួលទានអាហារឲ្យបានគ្រប់គ្រាន់ និងបោះបង់ចោលគ្រឿងស្រវឹង
អ្វីដែលរាងកាយមនុស្សត្រូវការបំផុតគឺអាហារ និងទឹក ដូចនេះត្រូវព្យាយាមទទួលទានអាហារឲ្យបានគ្រប់គ្រាន់។ គួរជ្រើសរើសរបបអាហារដែលសំបូរជាតិវីតាមីនច្រើន ជាពិសេស ត្រី និងបន្លែបៃតង។ ចំណែកឯគ្រឿងស្រវឹងវិញ គួរកាត់បន្ថយ ព្រោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពចងចាំរបស់អ្នក។ ពេលគ្រឿងស្រវឹងចូលខ្លួនច្រើនបន្តិចអ្នកនឹងមានអារម្មណ៍ថាភ្លេចភ្លាំង ហើយខួរក្បាលក៏ស្ពឹកស្រពន់ និងបំពេញការងារមិនបានល្អផងដែរ។
ចុចអាន៖ តិចនិក ៧យ៉ាង កាត់បន្ថយអារម្មណ៍មិនល្អ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ lifespan, wikihow