ស្វាយរៀង ប៉ះ ម្ចាស់ផ្ទះប៊ីញភឿក ចំណែកសាលាបាល់ទាត់ជាតិប៉ះម្ចាស់ផ្ទះថៃ
- 2014-12-24 17:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយរៀង ប៉ះ ម្ចាស់ផ្ទះប៊ីញភឿក ចំណែកសាលាបាល់ទាត់ជាតិប៉ះម្ចាស់ផ្ទះថៃ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ក្នុងស្រុកចំនួន ២ គឺ ខេត្តស្វាយរៀង ត្រូវប្រកួតនៅវៀតណាម ឯសាលាបាល់ទាត់ជាតិ ត្រូវប្រកួតនៅប្រទេសថៃ ក្នុងពានរង្វាន់អន្តរជាតិ ២ ផ្សេងគ្នាក្នុងវគ្គជម្រុះតាមពូលរៀងៗ ខ្លួន នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៤ នេះ។
ក្រុមសាលាបាល់ទាត់ជាតិ ខាងស្ដាំ (រូបថត៖ គឹម ភក្ដី)
សម្រាប់ក្រុមសាលាបាល់ទាត់ជាតិត្រូវប្រកួតបើកឆាកពូល A ប៉ះក្រុមយុវជនថ្នាល Bangkok Glass របស់ថៃ នៅវេលាម៉ោង ១០:៣០ នាទីព្រឹកនេះក្នុងពានរង្វាន់ U-14 ASEAN Dream Football Tournament លើទីលានកីឡដ្ឋាន Mahidol University Stadium ក្នុងក្រុងបាងកក។ នៅម៉ោង ៣ ល្ងាចនេះដែរក្រុមកម្ពុជា ត្រូវប៉ះក្រុម U-14 AICHI របស់ជប៉ុនក្នុងប្រកួតទី២។
ក្រុមនេះបានធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ តាំងពីម៉ោង ៧:៣០ នាទីព្រឹកម្សិលមិញមកម៉្លេះតាមរថយន្តក្រុង។ លោក Yusuke Iki គ្រូបង្គោលជនជាតិជប៉ុនរបស់ក្រុមកម្ពុជា ធ្លាប់លើកឡើងថា លោកសប្បាយចិត្តដែលបានដឹកនាំក្រុមបង្ហាញសមត្ថភាពក្នុងពានរង្វាន់នេះដែលប្រមូលដោយក្រុមល្អនិង ខ្លាំងៗ។ លោកនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានចំណាត់ថ្នាក់ល្អមួយ។
ក្រុមខេត្តស្វាយរៀង (រូបថត៖ FBក្លិប)
ចំណែកក្រុមរាមច្បងខេត្តស្វាយរៀង ត្រូវប៉ះក្រុមម្ចាស់ផ្ទះបញ្ជាការយោធាខេត្តប៊ីងភឿក ក្នុងពានរង្វាន់ Number One Cup 2014 នៅវេលាម៉ោង ៣:៣០ នាទីរសៀលនេះ ក្នុងប្រកួតទី ២ នៃវគ្គជម្រុះនៅពូល A ក្រោយប្រកួតដំបូងស្វែងរកជ័យជម្នះដ៏ត្រចះត្រចង់ ៤ ទល់ ០ លើក្រុម Champasak មកពីឡាវ។
ឆ្លងកាត់ការប្រកួតដំបូង ស្វាយរៀង និង ក្រុម បញ្ជាការយោធាខេត្តប៊ីងភឿក មាន ៣ ពិន្ទុដូចគ្នា។ ដូច្នេះប្រកួតថ្ងៃនេះនឹងស្វែងរកក្រុមខ្លាំងប្រចាំពូល A បានកាន់តែច្បាស់។ នៅរសៀលថ្ងៃនេះដែរ ក្រុមកងពលធំលេខ៤ របស់វៀតណាម ត្រូវប៉ះក្រុម Champasak របស់ឡាវនៅវេលាម៉ោង ១:៣០ នាទីរសៀលក្នុងវគ្គជម្រុះពូល A ដូចគ្នា។
អត្ថបទ៖ ម៉ឺន រស្មី