​របរ​​​លក់​ដូង​ញើស​ស្រោច​ខ្លួន តែ​​​រឿង​លុយ​​​ អ្នក​ធ្វើការ​​​ឮ​ដាច់​ផ្ងារ​

  • 2014-12-27 14:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

រទេះ​​ផ្ទុក​ដូង​ពេញ​រៀប​​ជា​​ស្រេច​​បញ្ឈរ​ចោល​​ក្បែរ​រទេះ ​​​​អ្នក​ប្រកប​អាជីព​ដូច​គ្នា​​​​ ជា​ច្រើន​ទៀត​តាំង​ពី​​ម៉ោង​ប្រមាណ​​៥​ជាង​៦​ព្រលឹម​ស្រាងៗ​​​ម៉្លេះ​​​ ប្រប​​របង​​​​វត្ត​មហា​មន្ត្រី​ មុន​ពេល​ចាប់​​អូស​លក់​​​​តាម​វិថី​ព្រះ​សីហនុ​ទៅ​ទិស​ខាង​កើត​ និង​​​បន្ត​ទៅ​ផ្លូវ​នានា​ស្វែង​រក​អតិថិជន​។

 

សម្បុរ​ខ្មៅ​​ស្រគាំ​​វ័យ​​៣៩​ឆ្នាំ​​​​លោក ណុប រិទ្ធ ​បាន​ប្ដូរ​​​ពី​​​ការ​ដើរ​លក់​របស់របរ​​សិប្បកម្ម​​ដូច​ជា​ កញ្ច្រែង ​ល្អី ​នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ មក​លក់​​ដូង​តាម​រទេះ​រុញ​នៅ​ ភ្នំពេញ វិញ​​ទើប​​បាន​ជាង​​៣​ខែ​​​ប៉ុណ្ណោះ។

 

​សឹង​រាល់​ថ្ងៃ​ដូង​​ពេញ​ៗ​រទេះ​​​​​ចំនួន​១០​ឡូ មាន​​១២០​​​​​ផ្លែ ​លោក​​លក់​អស់​​ស្ទើរ​មិន​ដែល​សល់​។ ដូង១​​​ឡូ​​ យក​ពី​អ្នក​បោះ​ដុំ​តម្លៃ​ ១៣០០០​៛ គិត​ទៅ​​មួយ​ផ្លែ​ៗ​ ជាង​១០០​០៛ តែ​លក់​វិញ​មួយ​ផ្លែ​​ ២០០០៛ ខ្លះ​បាន​​២៥០០៛។ «​​​យក​ដប់​ៗ​​​ឡូ ឲ្យ​តែ​អស់​ពាក់​កណ្ដាល​គឺ​រួច​ដើម​ហើយ​។​ ​វា​ហត់​បន្តិច ​​តែ​រឿង​ថវិកា​គួរ​សម្យ​​​​។​​»

 

 

 

​និយាយ​ពី​កាល​​​ឡើង​​មក​​ភ្នំពេញ​ដំបូង​លោក រិទ្ធ ​​វិច​បង្វិច​​​មក​ជា​មួយ​លុយ​ជាប់​ខ្លួន​​​​៦០​ម៉ឺន​រៀល។ ​លោក​បាន​​​ទិញ​រទេះ​រុញ​អស់​ ៤០​ម៉ឺន និង​​២០​ម៉ឺន​ទៀត​ទុក​ធ្វើ​ដើម​ទិញ​ដូង​។  ​លក់​ដូង​មិន​សាំ​ញ៉ាំ​ច្រើន​ទេ គឺ​​​ជា​ប្រចាំ​ត្រូវ​ឡើង​យក​ដូង​ពី​កន្លែង​បោះ​ដុំ​ម្ដុំ​អូឡាំពិក​​ ជួន​អី​តាំង​ពី​ម៉ោង​​១២​ឬ​១​​យប់ ដើម្បី​ទុក​លក់​ពេល​ព្រឹក។

 

គាត់​ចាប់​រុញ​លក់​ពី​ម៉ោង​​៦​ជាង​៧ព្រឹក រហូត​ដល់​​ពេល​ល្ងាច​ហៀប​យប់​ទើប​វិល​អូឡាំពិក​​វិញ​​។ ​ជា​ទូទៅ​​១​​​សប្ដាហ៍​គាត់​អាច​​​​ផ្ញើ​លុយ​​ទៅ​ឲ្យ​ប្រពន្ធ​នៅ​​ស្រុក​ ពី​៣០​ទៅ​៤០​​ម៉ឺន​រៀល​​ សល់​ពី​ការ​ស្នាក់​នៅ​ ហូប​ចុក​របស់​គាត់។

 

បុរស​វ័យ​កណ្ដាល​​​​ត្អូញត្អែ​ថា​​របប​​នេះ​ហត់​ត្រូវ​ថ្ងៃ​ក្ដៅ​បែក​ញើស​​ជោគ​ខ្នង​សឹង​គ្រប់​ពេល​​ តែ​ហោច​​ណាស់​វា​បាន​ផ្ដល់​​ឲ្យ​​គាត់​នូវ​ចំណូល​​​​​គ្រាន់​បើ អាច​សន្សំ​​ផ្ញើ​ប្រពន្ធ​កូន​​មួយ​ខែ​ៗ​រាប់​លាន​រៀល​ដែរ៕ http://youtu.be/p0i1l23CHqI

អត្ថបទ៖ ប៉ែន សុផាន់ណា​