បុរស​ចិន​ជួប​វិបត្តិ​ខ្វះ​ប្រពន្ធ​ធ្ងន់ធ្ងរ ២៤លាន​នាក់​អាច​​អត់​ប្រពន្ធ

  • 2014-12-29 23:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​កំពុង​ជួប​វិបត្តិ​ខ្វះ​មនុស្ស​ស្រី​ ដោយ​សារ​តែ​គោល​នយោបាយ​កូន​តែ​មួយ ឬ One-child policy ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ពន្លូត​កូន​ស្រី យក​តែ​កូន​ប្រុស​ដើម្បី​ស្នង​ត្រកូល។ ប្រសិន​បើ​និន្នាការ​នេះ​នៅ​តែ​បន្ត ឆ្នាំ​២០២០​ខាង​មុខ បុរស​ចិន​ដល់​ទៅ​២៤លាន​នាក់​ដែល​គ្រប់​អាយុ​រៀបការ នឹង​ជួប​វិបត្តិ​ខ្វះ​មនុស្ស​ស្រី​យក​ធ្វើ​ជា​ប្រពន្ធ។

 

 

ការ​ពន្លូត​កូន​ស្រី​ បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ប្រុស​មាន​លើស​មនុស្ស​ស្រី​ច្រើន​លើស​លប់​ ចាប់​តាំង​ឈាន​ចូល​ទសវត្ស​ឆ្នាំ​១៩៨០​មក។ ការ​មិន​មាន​​សម្មាមាត្រ​​ភេទ​នេះ មាន​ន័យ​ថា​ទសវត្ស​ក្រោយ (២០២០) បុរស​មួយ​ចំនួន​នឹង​ត្រូវ​បង្ខំ​ចិត្ត​រៀបការ​ជាមួយ​មនុស្ស​ស្រី​ខុស​ជំនាន់​គ្នា ឬ​មនុស្ស​ស្រី​ដែល​មាន​អាយុ​ច្រើន​ជាង។

 

ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​មាន​ករណី​នាំ​មនុស្ស​ស្រី​ពី​ក្រៅ​ប្រទេស​ ជា​ពិសេស​ពី​តំបន់​អាស៊ី​អាគ្នេយ៍ យក​ទៅ​រៀបការ​ជាមួយ​បុរស​ចិន។ យោង​តាម​ Bloomberg View បាន​ឲ្យ​ដឹង​ថា​មាន​ឈ្មួញ​កណ្ដាល​នាំ​មនុស្ស​ស្រី​ពី​ប្រទេស​វៀតណាម​ចូល​ទៅចិន ដើម្បី​ធ្វើ​ជា​កូន​ក្រមុំ។ កាសែត Beijing News វិញ បាន​បញ្ជាក់​ថា​បុរស​ចិន​ត្រូវ​ចំណាយ​១៨៥០០ដុល្លារ ឲ្យ​ទៅ​ឈ្មួញ​កណ្ដាល​វៀតណាម​​ដើម្បី​បាន​ប្រពន្ធ។ មាន​បុរស​ចិន​ខ្លះ​ក៏​ត្រូវ​ចាញ់​បោក​ឈ្មួញ​កណ្ដាល អស់​លុយ​អត់​ប្រយោជន៍​ផង​ដែរ។

 

 

​​​គោលនយោបាយ​កូន​តែ​មួយ ត្រូវ​បាន​គណបក្ស​កុម្មុយនិស្ត​ចិន​​បង្កើត​ឡើង​កាល​ពី​៣​ទសវត្ស​មុន​ ដើម្បី​បង្ការ​ការ​កើន​ឡើង​ចំនួន​ប្រជាជន​ច្រើន​ហួស​ប្រមាណ។ គោល​នយោបាយ​នេះ​​​បាន​រារាំង​ការ​បង្ក​កំណើត​កូន​ដល់​ទៅ​៤០០លាន​នាក់។ ប្ដី​ប្រពន្ធ​នៅ​ទីក្រុង​អាច​មាន​កូន​តែ​ម្នាក់​គត់ ខណៈ​នៅ​ជនបទ​អាច​មាន​កូន​ដល់​២នាក់ ប៉ុន្តែ​ស្ថិត​ក្រោម​កាលៈទេសៈ​ច្បាស់លាស់​មួយ។

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ CNN, bloomberg view