ភ្នំពេញ​ឥឡូវ​មិន​ដូច​ពី​ដើម​ទេ ការ​ញ៉ាំ​កាហ្វេ​សឹង​ជា​រឿង​ធម្មតា​ទៅ​ហើយ

  • 2014-10-08 20:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិន​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​បាន​គ្រប​ដណ្ដប់​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ព្រហាម​។ ក្លិន​ទាំង​នេះ​ ត្រូវ​បាន​ភាយ​ចេញ​ពី​កន្លែង​តៀម​កាហ្វេ​ ឬ​អ្នក​រុញ​រទេះ​កាហ្វេ​ និង​ ហាង​ទំនើប​នានា​ ដែល​គេ​សង្កេត​ឃើញ​នៅ​កន្លែង​ទាំង​នោះ មាន​មនុស្ស​អង្គុយ​ពិសា​កាហ្វេ​ត្រៀបត្រា​ពី​ព្រលឹម​ស្រាង​ៗ​ទល់​ព្រលប់​។

 

ក្រៅ​ពី​អ្នក​ញុំា​កាហ្វេ​គិត​ថា ជា​​ភេសជ្ជៈ​​មួយ​ជួយ​កម្លាំង​​ ខួរ​ក្បាល​ ទីតាំង​កាហ្វេ​ក៏​ជា​ចំណុច​សំខាន់​សម្រាប់​សិស្ស-និស្សិត​ អ្នក​ជំនួញ​តូច-ធំ និង​ អ្នក​ធ្វើ​ការងារ​រដ្ឋ​ ជាដើម​ យក​ធ្វើ​ជា​កន្លែង​ណាត់​ជួប​គ្នា​ ជជែក​គ្នា​ពីនេះពីនោះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។ តើ​ទី​តាំង​កាហ្វេ​បែប​ណា​ទើប​ ជា​កន្លែង​ញុំា​កាហ្វេ​ល្អ?

http://youtu.be/0BqdBcmwC10?list=UUY70LlkxiaPm2VEOvN_cmaQ

 

 តៀមកាហ្វេ

កំពុង​អង្គុយ​នៅ ​តៀម​កាហ្វេ​​ស្ថិត​នៅ​ច្រក​តូច​ (ដឿងហែម) ខាង​កើត​ផ្សារ​អូរឫស្សី​៤ លោក​កុសល មន្ត្រី​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​និយាយ​ថា លោក​មក​ទី​នេះ​ហូប​កាហ្វេ​ទៀងទាត់​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ​។ លោក​បាន​និយាយ​ថា ហេតុ​ផល​ដែល​លោក​ចូលចិត្ត​កាហ្វេ​នៅ​ទី​នេះ​ មិនមែន​ដោយសារ​តែ​កាហ្វេ​ឆ្ងាញ់​ម្យ៉ាង​ទេ តែ​ទីនេះ​ធ្វើអាយ​លោក​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន​។​

 

"​ខ្ញុំ​ហូប​កាហ្វេ​នៅ​ទី​នេះ​តាំងពី​កាហ្វេ​១កែវ​មិនដល់​១ពាន់ តែ​ឥឡូវ​១កែវ​២៥០០រៀល​។ បើ​ខ្ញុំ​ទៅ​ផឹក​កន្លែង​ផ្សេង​ គឺ​មិន​ហ៊ាន​និយាយ​អី​ច្រើន​នោះ​ទេ ព្រោះ​មិន​សូវ​ស្គាល់​គេ​ តែ​បើ​នៅ ទីនេះ​ម៉ា​សេរី អ្នក​ញុំា​នៅ​ទី​នេះ​សុទ្ធ​តែ​គ្នា​ឯង​​"។​

 

អាច​ថា ​ការ​ញៀន​នឹង​រសជាតិ​​កាហ្វេ និង​ទី​​កន្លែង បាន​ទាក់ទាញ​អតិថិជន​មក​ហូប​​កាហ្វេ​នៅ​កន្លែង​ដដែល​ៗ​ស្ទើរ​រៀងរាល់​ថ្ងៃ។ លោក​សំណាង​ ដែល​និយម​ចូល​ចិត្ត​ញុំា​កាហ្វេ​ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា មិនថា​ទីតាំង​កាហ្វេ​តូច-ធំ​នោះទេ ប៉ុន្ដែ​កន្លែង​ធ្លាប់​ញុំា​កាហ្វេ សេវាកម្ម និង​ស្គាល់​មនុស្ស​​ច្រើន​ គឺ​បាន​ទាក់ទាញ​អារម្មណ៍​ឲ្យ​យើង​ចង់​តែ​ទៅ​ទី​នោះ​។

 

លោក​ សំណាង​ដែល​មាន​ផ្ទះ​នៅ​ឯ​ម្ដុំ​ស្ទឹង​មានជ័យ​ ប៉ុន្តែ​លោក​បាន​ធ្វើដំណើរ​មក​រក​កាហ្វេ​​នៅ​ដឿងហែម​ផ្សារ​អូរឫស្សី​ តាំង​ពី​ព្រឹក​​ព្រហាម​មុន​នឹង​ចូល​ធ្វើការ ហើយ​សកម្មភាព​នេះ​កើត​មាន​ដដែលៗ​​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ។​ "ខ្ញុំ​ពេលខ្លះ​ហូប​កាហ្វេ​រហូត​ដល់​២​ដង​ទៅ​៣ដង​ក្នុង​១ថ្ងៃ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​ចុះឡើង​ តែ​ខ្ញុំ​នៅ​តែ​មក​ទី​នេះ​ហូប​​កាហ្វេ​"។

 

 កន្លែង​លក់​កាហ្វេ​នៅ​ច្រក​តូច ខាង​កើត​ផ្សារ​អូរឬស្សី

 

កាហ្វេ​រុញ​តាម​រទេះ

 

ងាក​មក​មើល​ការ​លក់​កាហ្វេ​ចល័ត​វិញ​ គឺ​កាហ្វេ​រុញ​តាម​រទេះ​ កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​គ្រាន់បើ​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ពិសេស​ក្នុង​ចំណោម​​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប សន្តិសុខ​និង​​អ្នក​ធ្វើ​ដំណើរ​នានា​តាម​ដង​ផ្លូវ​ជាដើម។ អ្នក​ស្រី​ពឿន​ អ្នក​លក់​​កាហ្វេ​តាម​រទេះ​រុញ នៅ​ម្ដុំ​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​សប្បាយ​ថា អ្នក​ស្រី​រុញ​រទេះ​កាហ្វេ​នេះ អស់​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ហើយ​ភ្ញៀវ​ភាគ​ច្រើន​គឺ​អ្នក​ធ្វើដំណើរ។ កាហ្វេ​មួយ​កំប៉ុង​តម្លៃ​តែ​១ពាន់​រៀល ឯ​កាហ្វេ​ទឹក​ដោះ​គោ​ទឹក​កក​តម្លៃ​១៥០០រៀល​។

 

យុវជន​ណន ផា ជា​កម្មករ​សំណង់​ បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា មួយ​ថ្ងៃ​ៗ​រវល់​ធ្វើការ​ឲ្យ​គេ​ គឺ​មិន​សូវ​មាន​ពេល​ញុំា​កាហ្វេ​នៅ​ហាង​នោះទេ ឲ្យ​តែ​ឃើញ​រទេះ​រុញ​កាហ្វេ​ គឺ​លោក​ហៅ​ញុំា​ភ្លាម។ "ខ្ញុំ​ថា វា​ស្រួល​ពេល​ធ្វើការ​នឿយ​ហត់​ អស់​កម្លាំង​ផង​ នៅ​ពេល​បាន​ញុំា​កាហ្វេ​មួយ​កែវ​ គឺ​ហាក់​ដូច​ជា​មាន​កម្លាំង​ឡើងវិញ​អញ្ចឹង"។ មួយ​ទៀត​ចំណូល​តិច​ ដូច្នេះ​ញុំា​កាហ្វេ​រុញ​រទេះ​ តម្លៃ​ថោក​ ជាង​ញុំា​កាហ្វេ​តាមហាង។

កាហ្វេ​នៅ​ហាង​ទំនើប​

 បរិវេណ​ក្នុង​ហាង​ទំនើប

 

ដោយ​ឡែក​កាហ្វេ​នៅ​តាម​ហាង​ទំនើប​វិញ​ ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​សម្រាប់​​សិស្ស​-និស្សិត អ្នក​ធ្វើការ​​វិស័យ​ឯក​ជន និង​រដ្ឋ​មិន​អន់​ដែរ។ លោក​ សាន់​ ស៊ីណា អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​​ហាង​កាហ្វេ ​T&C ធ្លាប់​បាន​និយាយ​ប្រាប់ Sabay ​ថា យុវវ័យ​ប្រហែល​ជាង​ ៣០​% បាន​មក​ញុំា​កាហ្វេ​នៅ​ហាង​កាហ្វេ ​T&C សាខា​ផ្លូវ​សម្ដេច​ប៉ាន​សង្កាត់​បឹង​រាំង​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ ភាគច្រើន​នៃ​ពួកគេ​មក​ទី​នេះ​ ដើម្បី​ស្រាវ​ជ្រាវ​ឯក​សារ ​ឬ​ណាត់​គ្នា​​ជជែក​ពី​ការងារ​ផ្សេងៗ​​ផង។ ទន្ទឹម​នឹង​នេះ​ T&C ក៏​មាន​បន្ទប់​ដាច់​ដោយ​ឡែក​សម្រាប់​ភ្ញៀវ​​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ដែរ​​។​​

 

យុវតី​ ឡាលីន និស្សិត​​​ឆ្នាំ​ទី​ ០៣ នៅ​សាកល​វិទ្យាល័យ​ន័រតុន​ ដែល​បាន​ទៅ​ហូប​កាហ្វេ​ Cappuccino ​ជាមួយ​មិត្តភ័ក្ដិ​នៅ​ T&C សម្ដេច​ប៉ាន បាន​បញ្ចេញ​ទស្សនៈថា ​នៅ​ទី​នេះ​ទទួល​បាន​ផាសុកភាព​ព្រោះ​ហាង​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ និង​ មាន​ Free Wi-Fi ដែល​ងាយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ឯក​សារ ដើម្បី​ធ្វើ​ Assignment របស់​សាលា​។

 

យុវជន​​ពិសិដ្ឋ​ ដែល​មក​​ជាមួយ ​ឡាលីន​ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា កាហ្វេ​ទឹក​កក ​១កែវ តម្លៃ ​១ ដុល្លារ​ ជា​ជំនួយ​ដ៏​សំខាន់​ដល់​បរិយាកាស​ពិភាក្សា​គួបផ្សំ និង​ ទីតាំង​ស្ងប់ស្ងាត់​ល្អ​មាន​ទី​ចត​យានយន្ត​ផង។

 

ក្រុម​អ្នក​​ឯកទេស​បាន​ទទួល​ស្គាល់​ថា កាហ្វេ​ជា​ភេសជ្ជៈ​​មួយ​ជួយ​កម្លាំង​​ ខួរ​ក្បាល ប៉ុន្តែ​ប្រសិន​បើ​ពិសា​ច្រើន​ក៏​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​វិញ​ដែរ​។

 

ចុះ​មិត្ត​យុវវ័យ​ជ្រើស​រើស​កន្លែង​ហូប​​កាហ្វេ​ប្រភេទ​ណាមួយ​ដែរ​?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម