ធ្វើម៉េចទៅបើធុំក្លិនក្លៀក?
- 2014-09-15 15:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើម៉េចទៅបើធុំក្លិនក្លៀក?
ចន្លោះមិនឃើញ
បញ្ហាក្លិនក្លៀកមិនល្អគឺជារឿងអាម៉ាស់មួយសម្រាប់បុរស និងស្ត្រី។ វាអាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្ត និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទៀតផង។ តើធ្វើយ៉ាងម៉េចដើម្បីបំបាត់បញ្ហានេះ?
ដំបូង តើអ្នកឆ្ងល់ដែរទេថា តើក្លិនក្លៀកមិនល្អបណ្ដាលមកពីអ្វី? បើតាមកញ្ញា សឹម ចាន់សុវណ្ណ សហការីជំនាញសើស្បែកប្រចាំ មជ្ឈមណ្ឌលព្យាបាលស្បែក EQIDO បានប្រាប់ឲ្យដឹងថា ក្លិនក្លៀកមិនល្អ (ក្លិនសា) បណ្ដាលមកពីមូលហេតុ៣សំខាន់គឺ តំណពូជ ការពាក់អាវតគ្នា និងការបញ្ចេញជាតិពុលពីក្នុងខ្លួន។
សហការី រូបនេះបានបញ្ជាក់ថា៖ “ទីមួយ វាអាចកើតឡើងតពីឪពុកម្ដាយដែលមានក្លិនសានេះទៅកូន ទីពីរ ការពាក់អាវតពីអ្នកដែលមានក្លិនសា ក្លិននោះវានឹងតោងជាប់នៅស្បែកជាពិសេសក្លៀករបស់យើង និងទីបី ជាតិពុលដែលបញ្ចេញមកតាមញើសអាចធ្វើឲ្យយើងមានក្លិនក្លៀក ឬក្លិនខ្លួនមិនល្អ”។
សម្រាប់អ្នកដែលកំពុងប្រឈមនឹងបញ្ហា នេះ អ្នកគួរតែជៀសវាងការប្រើប្រាស់ទឹកអប់។ សហការី សុវណ្ណ បានពន្យល់ថា ការប្រើប្រាស់ទឹកអប់អាចបំបាត់ក្លិនតែ៣-៤ម៉ោងប៉ុណ្ណោះ តែនៅពេលដែលអ្នកបែកញើសមក ក្លិននឹងអាក្រក់លើសដើម។ ចំណែកឯការប្រើរ៉ូអនវិញ អាចជួយកាត់បន្ថយធុំក្លិនក្លៀកក៏ពិតមែន ក៏ប៉ុន្តែវាធ្វើឲ្យក្លៀករបស់អ្នកខ្មៅ។ យ៉ាងណាមិញ អ្នកអាចជ្រើសរើសយកវិធីងាយៗ តាមធម្មជាតិដូចជា យកក្រូចឆ្មារ ខ្ញី ឬសាច់ជូរជូតសម្អាតក្លៀករបស់អ្នក១ថ្ងៃ២ដង។ សហការីរូបនេះបានបន្តទៀតថា ការជ្រើសរើសយកការព្យាបាលតាមវិទ្យាសាស្ត្រដោយបាញ់កាំរស្មី ឡាស៊ែរ និងប្រើប្រាស់សាប៊ូ ឬផលិតផលដែលណែនាំដោយអ្នកជំនាញ គឺជាវិធីមួយដែលមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។ បើតាមគេហទំព័ររបស់ Livestrong បានបង្ហាញពីគន្លឹះ៤យ៉ាងក្នុងការព្យាបាលក្លិនក្លៀកដូចជា៖ ១.ផឹកទឹកឲ្យបាន៨កែវក្នុងមួយថ្ងៃ។ កាត់បន្ថយការញុំាគ្រឿងផ្អាប់ និងកាហ្វេ។ ២.ងូតទឹកមួយថ្ងៃ២ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើទឹកប៉េងប៉ោះស្រស់យកមកលាបក្លៀកទុករយៈពេល១៥នាទីនៅពេលងូតទឹក។ ៣.ជៀសវាងការពាក់អាវដដែលៗពីរដងជាប់គ្នា។ បោកសម្អាតអាវរបស់អ្នកឲ្យស្អាតជាប្រចាំ។ ៤.គួរពាក់អាវណាដែលមិនរឹបពេក ព្រោះដើម្បីងាយស្រួលឲ្យស្បែករបស់អ្នកដកដង្ហើម៕
អត្ថបទ៖ ផល្លា សុម៉ាលីណា