អេបូឡា ទៅដល់អាមេរិកហើយ
- 2014-10-01 18:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេបូឡា ទៅដល់អាមេរិកហើយ
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានធ្វើដំណើរទៅដល់ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក ត្រូវគេរកឃើញថាមានផ្ទុកជំងឺផ្ដាច់ជីវិតអេបូឡា។
បុគ្គលិកមន្ទីរពេទ្យ Health Presbyterian រដ្ឋ Texas និយាយថា អ្នកជំងឺមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេដាក់ឱ្យនៅកន្លែងមួយដាច់ឆ្ងាយពីគេ។ គេគិតថាបុរសម្នាក់នេះ បានឆ្លងជំងឺដ៏សាហាវអេបូឡា ក្នុងប្រទេសលីបេរីយ៉ា មុនធ្វើដំណើរមកអាមេរិកជិតពី២សប្ដាហ៍មកហើយនោះ។
ប្រធានមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺ លោក Thomas Frieden បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គការម្សិលមិញថា៖ “បុរសដែលបានធ្វើដំណើរមកពីលីបេរីយ៉ា ត្រូវបានរកឃើញថា មានផ្ទុកជំងឺអេបូឡា ក្នុងទឹកដីអាមេរិក"។
បើតាមការឱ្យដឹងរបស់លោក Frieden អ្នកជំងឺម្នាក់នោះបានចាកចេញពីប្រទេស លីបេរីយ៉ា នៅថ្ងៃទី១៩ កញ្ញា ហើយមកដល់អាមេរិកនៅថ្ងៃបន្ទាប់ ដើម្បីមកលេងសាច់ញាតិ ដោយពេលនោះមិនមានសញ្ញាអ្វីទាំងអស់។ រោគសញ្ញាបានលេចចេញ នៅថ្ងៃទី២៤ ខែកញ្ញា ហើយថ្ងៃទី២៨ ខែ កញ្ញា អ្នកជំងឺត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរដ្ឋ Texas និងដាក់ឱ្យនៅឆ្ងាយពីគេ។
ក្រុមមន្ត្រីសុខាភិបាល កំពុងធ្វើការកំណត់អត្តសញ្ញាណមនុស្ស ដែលបានជួបជាមួយអ្នកជំងឺនេះ។ មនុស្សទាំងនោះ នឹងស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ដើម្បីឱ្យដឹងថាពួកគេមានឆ្លងជំងឺដែរឬយ៉ាងណា។
មកទល់ពេលនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា មេរោគមរណៈអេបូឡាឆក់យកជីវិតមនុស្សនៅអាហ្វ្រិកខាងលិចជាង ៣០០០នាក់ និងជាង ៦៥០០នាក់បានឆ្លងមេរោគនេះ៕
អានអត្ថបទ អេបូឡាផ្តាច់ជីវិតមនុស្សជាង ៣ពាន់នាក់ហើយ សូមចុចត្រង់នេះ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ BBC