ឆ្នាំថ្មី ២០១៥ ភ្លាម អេនឌី ត្រូវបារាំងឲ្យភ្លើងខៀវភ្លែត
- 2015-01-05 17:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំថ្មី ២០១៥ ភ្លាម អេនឌី ត្រូវបារាំងឲ្យភ្លើងខៀវភ្លែត
ចន្លោះមិនឃើញ
គ្រាន់តែអើតចូលឆ្នាំថ្មី ២០១៥ ភ្លាម លោក អេនឌី ទទួលបានភ្លើងខៀវពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាភ្លែត កាលពីចុងសប្ដាហ៍មុននេះ បើកផ្លូវឲ្យលោកចេញសម្ដែងនៅប្រទេសរបស់គេនាខែមីនាខាងមុខ។
នេះជាដំណើរលើកទី១របស់តារាចម្រៀង និងសម្ដែងរូបនេះទៅកាន់ប្រទេសបារាំង ប៉ុន្តែជាលើកទី៣សម្រាប់ដំណើរចេញក្រៅប្រទេស បន្ទាប់ពីអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលោកបានទៅកាលពីឆ្នាំ ២០០២ និង២០១៣។
អេនឌី បានទៅស្នាក់នៅ ច្រៀង និងសម្ដែងនៅអាមេរិក ចំនួន៤ខែ កាលពីឆ្នាំមុន។ ដោយឡែកដំណើរទៅបារាំងលើកនេះ ម្ចាស់បទ "នឹកបង៥០%” ប្រាប់ថា លោកទៅតែចំនួន ៥សប្ដាហ៍ប៉ុណ្ណោះ។ តាមកាលវិភាគ ប្រសិនបើមិនមានអ្វីប្រែប្រួល លោក អេនឌី នឹងចេញដំណើរនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៥ នៅថ្ងៃបន្ទាប់លោកនឹងចេញសម្ដែងតែម្ដង។
“ខ្ញុំចេញសម្ដែងដំបូងនៅថ្ងៃទី១៤បន្ទាប់គ្នាហ្នឹងបង ប៉ុន្តែអត់ទាន់ដឹងថាទីក្រុងណា ហើយរយៈពេល៥សប្ដាហ៍នេះ សម្ដែងនៅទីណាខ្លះក៏អត់ទាន់ដឹងដែរ ទាល់តែទៅដល់បានដឹង!”។ តាមកាលវិភាគខាងលើ លោក អេនឌី នឹងត្រូវខកខានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាថ្មីម្ដងទៀត។ លោក ថ្លែងថា "អត់បានចូលឆ្នាំខ្មែរនៅស្រុកយើងទៀតហើយ តែមិនដឹងធ្វើម៉េច...តែក៏ល្អដែរ កុំឲ្យចាស់ថែមមួយឆ្នាំទៀត(សើច)!”។
ទៅអាមេរិកជាលើកទី១ កាលពីឆ្នាំ២០១៣ អេនឌី បានរួមដំណើរជាមួយកញ្ញា សូដា នីតា។ ដោយឡែកដំណើរទៅប្រទេសបារាំងជាលើកទី១ដូចគ្នានេះ លោកនឹងរួមដំណើរជាមួយតារាចម្រៀងពីររូបទៀត គឺកញ្ញា សួស វីហ្សា របស់ផលិតកម្មហង្សមាស និងកញ្ញា ចក់ សុភា តារាចម្រៀងថ្មីមួយរូប។
អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះ មិនទាន់ហ៊ានអះអាងនៅឡើយទេ ពីកត្តាជោគជ័យ ដោយសារថា ជាដំណើរលើកទី១ ផ្សំនឹងបារាំងមិនសូវមានបងប្អូនខ្មែររស់នៅច្រើនដូចសហរដ្ឋអាមេរិកផង។ យ៉ាងណាលោក ប្រាប់ថា បានត្រៀមបទចម្រៀងចាស់ថ្មីមួយចំនួនរួចស្រេច សម្រាប់បំពេអារម្មណ៍បងប្អូនខ្មែរនៅប្រទេសបារាំង៕
អត្ថបទផ្សេងៗពីសកម្មភាពតារាជាតិនានា សូមចុចទីនេះ!!!
អត្ថបទផ្សេងៗទៀតពីលោក អេនឌី សូមចុចទីនេះ!!!
អត្ថបទ៖ ពេជ្រ សេរីរត្ន័ ចូលរៀនមហាវិទ្យាល័យឡើងវិញត្រៀមកាន់កម្មវិធីខ្នាតធំ
អត្ថបទ៖ ទារិកា