បាតុករក្រុងហុងកុង១០ម៉ឺននាក់នាំគ្នាដោនឡូត FireChat ក្រោយចិនបិទInstagram
- 2014-10-01 23:16:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុករក្រុងហុងកុង១០ម៉ឺននាក់នាំគ្នាដោនឡូត FireChat ក្រោយចិនបិទInstagram
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រជាជនព្រមទាំងក្រុមនិស្សិតទូទាំងទីក្រុងហុងកុងបានធ្វើបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាលដើម្បីទាមទារសិទ្ធបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុង តែត្រូវរដ្ឋាភិបាលចិនបដិសេធ។ នៅថ្ងៃបន្ទាប់(ថ្ងៃចន្ទ) រដ្ឋាភិបាលចិនបានបិទបណ្ដាញ Instagram ក្នុងគោលបំណងមិនចង់ឲ្យមានរូបភាព និងវីដេអូការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងសាហាវទៅកាន់ក្រុមបាតុករលេចចេញទៅក្រៅប្រទេស។
ទោះបីជារដ្ឋាភិបាលចិនបិទInstagram ក៏ពិតមែនតែមិនបានន័យថាក្រុមបាតុករមិនអាចធ្វើការទំនាក់ទំនងគ្នាបាននោះទេ។ ក្រុមបាតុករប្រមាណជា ១០ម៉ឺននាក់នៅហុងកុងបាននាំគ្នាដោនឡូតកម្មវិធីមួយឈ្មោះថា FireChat ដែលអាចឲ្យក្រុមបាតុករទាំងនោះធ្វើការទំនាក់ទំនងគ្នាបានទោះបីជាប្រព័ន្ធអ៊ីនធឺណិតក្នុងទូរសព្ទរបស់ពួកដំណើរការមិនល្អ ឬគ្មានក៏ដោយ។
FireChat ដំណើរការដោយភ្ជាប់ Mesh Network (បណ្ដាញភ្ជាប់តៗគ្នា) ទៅកាន់អ្នកប្រើប្រាស់តាមរយៈ WiFi និង Bluetooth ដោយមិនចាំបាច់មានប្រព័ន្ធអ៊ីនធឺណិតទូរសព្ទ។ លោក Micha Benoliel ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Open Garden និងជាអ្នកបង្កើតកម្មវិធីFireChat បានឲ្យដឹងថាកម្មវិធីមួយនេះអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងពីមនុស្ស ឬឧបករណ៍អេឡិចត្រូនិកដែលនៅជុំវិញបានដោយផ្ទាល់។
មេដឹកនាំក្រុមនិស្សិតធ្វើបាតុកម្មអាយុ ១៧ឆ្នាំឈ្មោះ Joshua Wong បានលើកទឹកចិត្តក្រុមបាតុករទាំងអស់ឲ្យដោនឡូតកម្មវិធី FireChat ឲ្យបានគ្រប់គ្នាដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយស្ថានការណ៍ដ៏អាក្រក់នៅហុងកុងឲ្យពិភពលោកបានដឹងកាន់តែច្បាស់។
លោក Benoliel ក៏បានបន្តទៀតថាប្រព័ន្ធអ៊ីនធឺណិតនៅតំបន់ខ្លះក្នុងទីក្រុងហុងកុងអាចនឹងត្រូវបានបិទឬដំណើរការមិនល្អ ដូច្នេះមានតែFireChat ទេដែលអាចឲ្យក្រុមបាតុករទាំងអស់ភ្ជាប់ទំនាក់ទំនងនឹងគ្នាបានគ្រប់ពេលវេលា។
កាលពីចលនា Sunflower ដើមឆ្នាំ២០១៤នេះនៅក្នុងកោះតៃវ៉ាន់ ក្រុមបាតុករក៏បានប្រើកម្មវិធីFireChat ដូចគ្នានេះដែរសម្រាប់ទំនាក់ទំនងគ្នាខណៈពេលពួកគេកំពុងធ្វើបាតុកម្មនៅក្បែរទីក្រុងប៉េកាំង៕
ចុចអាន៖ ចិនបិទ Instagram មួយទៀតក្រោយបាតុកម្មហិង្សានៅហុងកុង
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ cnn money