វិទ្យាល័យ ហ៊ុន សែន ​ភ្នំពេញថ្មី​​ សង្ឃឹម ៨០% ការពារ​ជើង​ឯក Western Cup

  • 2015-01-10 12:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​​​មក​ពី​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី រំពឹង​ដល់​ទៅ ៨០% ដើម្បី​ការពារ​តំណែង​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទះ​ពាន​រង្វាន់​សកល​វិទ្យាល័យ​វេស្ទើន​​ឆ្នាំ ២០១៥ នេះ (Western Cup 2015) ដែល​កំពុង​តែ​ដំណើរ​ការ​នៅ​វគ្គ​ជម្រុះ​តាម​ពូល។

 

 

ក្រុម​វិទ្យាល័យ​ភ្នំពេញថ្មី កាល​ពី​ថ្ងៃ​បើក​ឆាក​កន្លង​ទៅ

អម​នឹង​ក្ដី​​សង្ឃឹម​ខាង​លើលោក អ៊ុក វណ្ណៈ គ្រូ​បង្វឹក​របស់​ក្រុម​ជើង​ឯក​​កាល​ពី​ឆ្នាំ​២០១៤ មួយ​នេះ​បាន​លើក​ឡើង​ថា​ ក្រុម​លោក​ហ្វឹកហាត់​រៀង​រាល់​ព្រឹក ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់ សៅរ៍ អស់​ពេល​ជាង ១ ខែ​កន្លះ​មក​ហើយ។ លោក​បាន​បញ្ចូល​សមាជិក​ថ្មី​ចំនួន ២ នាក់​​ដើម្បី​បន្ថែម​កម្លាំង​​មុន​ការ​ប្រកួត​មក​ដល់។

លោក​គ្រូ​កីឡា​ប្រចាំ​សាលា​បាន​បន្ថែម​ទៀត​ថា ក្រុម​ដែល​ទំនង​ជា​គូ​ប្រជែង​សំខាន់​សម្រាប់​ក្រុម​លោក​នៅ​ឆ្នាំ​នេះ​គឺ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន​ព្រោះ​សាលា​មួយ​នេះ​មាន​កីឡាករ​ល្អៗ​ច្រើន និង ហ្វឹកហាត់​ជា​ប្រចាំ មិន​តែ​ប៉ុណ្ណោះ​គឺ​សមត្ថភាព​ក្រុម​ទាំង​មូល​ប្រដំប្រសងគ្នា​ជាមួយ​ក្រុម​លោក​ដែរ។ ចំណែក​​ក្រុម​ដែល​ធ្វើ​ឱ្យ​លោក​បារម្ភ​​ផ្សេង​ទៀត​មាន វិទ្យាល័យ​ព្រែកឯង និង វត្ត​កោះ ព្រោះ​កម្លាំង​ក្រុម​នៅ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

 

ការ​ប្រកួត​កន្លង​ទៅ​​របស់​ពាន​រង្វាន់ Western Cup

លោក​គ្រូ វណ្ណៈ នឹង​ប្ដូរ​ទម្រង់​ប្រកួត​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ ដោយ​តម្រូវ​ឱ្យ​អ្នក​លើក​បាល់ (ប៉ះសេ) លោត ម្ដង​ខណៈ​រាល់​​ដង​លើ ប៉ះ​បាល់​ឱ្យ​មិត្ត​រួម​​ក្រុម​គប់។ លោក​ថា​ការ​ធ្វើ​បែប​នេះ​​ធ្វើ​ឱ្យ​គូ​ប្រកួត​មិន​អាច​ស្មាន​ដឹង​ថា​​អ្នក​ប៉ះសេ បញ្ជូន​បាល់​ឱ្យ​អ្នក​ណា​នោះ​ឡើយ។​

សរុប​សាលា​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​​មាន ឆ្នាំ ២០១០ បាន​ទៅ​វិទ្យាល័យ​ឬស្សកែវ ហើយ​ឆ្នាំ ២០១១ ធ្លាក់​ទៅ​វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន វិញ​ម្ដង។ ចំណែក​នៅ​ឆ្នាំ​ ២០១២ បាន​ទៅ​វិទ្យាល័យ​ព្រែកលៀប ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ វិទ្យាល័យ​ហ៊ុនសែន ជម្ពូវ័ន ដណ្ដើម​បាន​មក​វិញ និង ចុង​ក្រោយ​​ឆ្នាំ ២០១៤ បាន​មក​វិទ្យាល័យ​ ហ៊ុនសែន ភ្នំពេញថ្មី៕

 

អត្ថបទ៖ ម៉ឺន រស្មី