Trailer ​​​​រឿង​ខ្លី​របស់​​កូន​ខ្មែរ-បារាំង​​​វ៉ៃ​​មិន​ចាញ់​កុន​ហូលីវូដ

  • 2015-01-12 18:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​មួយ​រយៈ​កូន​ខ្មែរ-បារាំង​ដែល​ធ្លាប់​ចូលរួម​សម្ដែង​​ជា​ Stunt Man ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ​ ​ណុប​ ដារ៉ែន​​​​បាន​ត្រឡប់​មក​ជា​ថ្មី​តាម​រយៈ​​ស្នាដៃ​ភាពយន្ត​ខ្លី​ដែល​​​​ខ្លួន​​និពន្ធ​​ឈ្មោះ​ថា ​​"Shadow of 13” ​​វគ្គ​​ពីរ។ ​ឈុត​ខ្លី​ក្នុង​វគ្គ​ថ្មី​នេះ​​​​ពិត​ជា​ជក់​ចិត្ត​តាំង​ពី​ដើម​ដល់​ចប់​ដោយសារ​​គ្រប់​កាយវិការ​វាយ​ប្រហារ​​​​គួរ​​ឲ្យ​ចាប់អារម្មណ៍​​ដូច​កុន​ហូលីវូដ​​តែ​ម្ដង។

 

​​​​ដារ៉ែន​បាន​ប្រាប់​ Sabay ​ថា ​វគ្គ​ ២​ នៃ​ "Shadow of 13” ​មិន​អាច​ចេញ​ជា​រូបរាង​​​ទេ​ បើ​គ្មាន​ការ​គាំទ្រ​​ពី​អ្នក​ស្គាល់​គេ​ ​ពិសេស​គឺ​អ្នក​គាំទ្រ​ខ្មែរ​ទូទាំង​ពិភពលោក។ ​​​ហើយ​​អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ​គឺ​​​ការ​ជ្រោមជ្រែង​ពី​លោក​ Alain FIGLARZ ​(អ្នក​សម្របសម្រួល​ឈុត​វាយ​តប់​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​ "Lucy”, ​“TAKEN2”, ​“TAKEN3” ​និង​រឿង​ជា​ច្រើន​ទៀត) ​​​​​លោក​ Maurice Chan ​​និង​ក្រុម​ Stunt ​បារាំង​ដ៏​ល្បីល្បាញ​ CASCADE។

 
 

ណុប​ ដារ៉ែន​​ក្នុង​រឿង​ "Shadow of 13"

 

​ភាពយន្ត​ខ្លី​នេះ​ ​ដឹកនាំ​សម្ដែង​ដោយ​​លោក​ Godefroy Ryckewaert ​​​​បច្ចេកទេស​សំឡេង​ដោយ​ Seysey Compositor  ​​តួ​សម្ដែង​ ៥ ​នាក់​ ​Stuntman ១៦​ នាក់ ​និង​​មាន​ ដារ៉ែន​ផ្ទាល់​ជា​​អ្នក​និពន្ធ​សាច់​រឿង​ ​រៀបចំ​ឈុត​វាយ​ប្រហារ ​និង​ជា​តួ​ឯក។​ ​​ពាក់ព័ន្ធ​នឹង​ដំណើរ​សាច់​រឿង​យ៉ាង​ណា​នោះ​ អ្នក​និយម​ក្បាច់​គុន​ខ្មែរ​-បារាំង​បញ្ជាក់​ដោយ​ខ្លី​ថា ​​​ជា​​"ការ​សងសឹក"។

 

“Shadow of 13” ​វគ្គ​ពីរ​​អាច​នឹង​ចេញ​សាច់​រឿង​ទាំង​មូល​នៅ​​​ចុង​ខែ​មករា ​ឬ​ដើម​ខែ​កុម្ភៈ​នេះ។ ​ឆ្លើយ​តប​នឹង​សំណួរ​ថា ​តើ​រូប​លោក​ចង់​ផលិត​ភាពយន្ត​ខ្លី​នេះ​ជា​ភាពយន្ត​ខ្នាត​ធំ​ឬ​អត់ ​ដារ៉ែន​ឲ្យ​ដឹង​ថា ​​​នោះ​ជា​បំណង​របស់​លោក។ ​​លោក​ថា ​លោក​មាន​សាច់​រឿង​ ​និង​គំនិត​​ក្នុង​ដៃ​ ​​ហើយ​លោក​ចង់​ផលិត​ជា​រឿង​ភាគ​ទូរទស្សន៍ ​ឬ​កុន​ខ្នាត​ធំ ​​តែ​​គ្មាន​លទ្ធភាព​បង្ហាញ​នៅ​បារាំង ​ដូច្នេះ​ហើយ​ទើប​​លោក​ចង់​ស្វែង​រក​អ្នក​វិនិយោគ​ ​ផលិតករ​​​ខ្មែរ​ចាប់​ដៃ​គូ​គ្នា​​ផលិត​ភាពយន្ត​នេះ​នៅ​កម្ពុជា​ ​ហើយ​​បំណង​ចង់​បើក​សាលា​បង្រៀន​​ក្បាច់​គុន​សម្ដែង​ (Stunt) ​​​នៅ​ខ្មែរ​នៅ​តែ​​មាន​ជាប់​ជានិច្ច។

 
 

ដារ៉ែន (លើ)​​ និង​លោក​ Alain FIGLARZ ​អ្នក​សម្របសម្រួល​ឈុត​វាយតប់​ ភាពយន្ត​ហូលីវូដ​

 

​​​​​ជា​ចុង​ក្រោយ​ ដារ៉ែន​​បាន​អរគុណ​ប្រជាជន​ខ្មែរ​ដែល​តែ​គាំទ្រ ​លើក​ទឹកចិត្ត​ ​Like ​និង​ Share “Shadow of 13” ​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​កន្លង​មក។ ​លោក​បាន​​បន្ថែម​ដូច្នេះ៖ "ខ្ញុំ​ចង់​ឲ្យ​យើង (ខ្មែរ) ​រួបរួម​គ្នា​​ដើម្បី​ផ្លាស់​ប្តូរ​ចក្ខុវិស័យ​កម្ពុជា​ និង​ធ្វើ​ឲ្យ​ប្រទេស​យើង​ប្រសើរ​ទាំង​អស់​គ្នា។ ​យើង​តែង​​​ស្មោះត្រង់ ​និង​គាំទ្រ​គ្នា​ មិន​ថា ​នៅ​ទី​ណា​នៃ​ពិភពលោក។ ​​​ដូច្នេះ​ ខ្ញុំ​សូម​ឲ្យ​ប្រជាជន​ខ្មែរ​គាំទ្រ​ស្នាដៃ​ ​​កូន​ខ្មែរ-បារាំង​ដែល​ចង់​​​លើក​ស្ទួយ​​វិស័យ​កុន​ខ្មែរ​​​ឲ្យ​ប្រសើរ​ឡើង​"។

 

ទស្សនា​ឈុត​ខ្លី​នៃ​ "Shadow of 13” ​វគ្គ​ពីរ៖

 

http://youtu.be/Me5GJbeY_vo  

អត្ថបទ៖ ​សីហា រូបភាព៖ ​ផ្ដល់​ឲ្យ​

អត្ថបទថ្មី