គម្រោងវាយយកទីផ្សារឆ្នាំ ២០១៥ របស់ Samsung ទំនងណាស់តើ!
- 2015-01-13 00:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងវាយយកទីផ្សារឆ្នាំ ២០១៥ របស់ Samsung ទំនងណាស់តើ!
ចន្លោះមិនឃើញ
Samsung ទំនងនឹងផ្ដោតទៅលើការឌីហ្សាញ Smartphone កំពូលរបស់ខ្លួនសម្រាប់ចេញក្នុងឆ្នាំ ២០១៥ នេះកាន់តែខុសប្លែក និងអស្ចារ្យជាងមុន។ នេះបើតាមប្រភពកៀកកិតនឹងក្រុមហ៊ុនដែលសុំមិនបញ្ចេញឈ្មោះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងអាចនឹងបញ្ចេញទូរសព្ទកំពូលជំនាន់ក្រោយរបស់ខ្លួនគឺ Galaxy S6 ពីរម៉ូដែលនៅសមាជទូរសព្ទពិភពលោក (MWC) នៅខែមិនាខាងមុខ។
Galaxy Alpha ទូរសព្ទដំបូងរបស់ Samsung ដែលរចនាគែមដោយលោហធាតុ
ម៉ូដែលទីមួយអាចផលិតដោយស្រោបលោហធាតុ ខុសប្លែកពីត្រកូល Galaxy មុនៗដែលធ្វើពីប្លាស្ទិក។ តែគេមិនច្បាស់ថា តើ Samsung នឹងស្រោបទៅលើតួទាំងមូលដូច iPhone ឬស្រោបតែគែមដូច Galaxy Alpha។
ម៉ូដែលទីពីរគឺជាប្រភេទទូរសព្ទអេក្រង់កោងបញ្ឆិតដូច Galaxy Note Edge ដែរ។ អេក្រង់បញ្ឆិតនេះល្អត្រង់ថា វាអាចដំណើរការដោយ Touch នៅចំហៀងមិនចាំបាច់ Touch ទៅលើ Main Screen ដើម្បីបញ្ជា ហើយវាក៏អាចបង្ហាញ Notification និងការ Update ទៅលើ App មួយចំនួននៅត្រង់នោះផ្ទាល់ដែរ។
Note Edge អេក្រង់បញ្ឆិតរបស់ Samsung ដែលចេញចុងឆ្នាំ ២០១៤
ក្នុងឆ្នាំថ្មីនេះ អ្វីដែលក្រុមហ៊ុនទូរសព្ទលេខ ១ ក្នុងលោកនេះមិនមើលរំលងគឺ Smartwatch អេក្រង់មូលស្រដៀងនឹង Moto 360 Smartwatch ដែលទទួលការសរសើរពីអ្នកជំនាញជាច្រើនទៅលើការរចនាម៉ូដថា ស្អាត។
Moto 360 អេក្រង់មូលដែល Samsung អាចនឹងបញ្ចេញម៉ូដស្រដៀងគ្នា
ពាក់ព័ន្ធនឹងគម្រោងទាំងអំបាលម៉ានខាងលើនេះ អ្នកនាំពាក្យរបស់ Samsung បានសុំដកខ្លួនមិនធ្វើការបកស្រាយអ្វីឡើយ។
កន្លងមក ក៏ធ្លាប់មានការបញ្ជាក់ពីចំនួនចេញលក់ Smartphone កំពូលរបស់ Samsung ថា នឹងកាត់បន្ថយដើម្បីផ្តោតទៅលើគុណភាព និងការរចនាសម្រាប់ឆ្នាំថ្មីនេះដែរ តែអ្វីៗស្ថិតនៅជាមន្ទិលនៅឡើយ។ ចាំមើលទាំងអស់គ្នាថា អ្វីដែលរៀបរាប់ខាងលើគឺជាគម្រោងរបស់ Samsung មែនឬយ៉ាងណា ហើយថា វាអាចជួយរកចំណែកទីផ្សារឲ្យ Samsung បានខ្លាំងវិញឬអត់នៅឆ្នាំនេះ៕
អាន៖ Apple Watch ដ៏ប្រណិតគ្មានពីរលើលោកនឹងចេញនៅខែមីនានេះ តម្លៃ…
ប្រែសម្រួល៖ សីហា ប្រភព៖ Businessinsider