តួអង្គរឿង "កូនមាសម្ដាយ" ខ្លាំងកាព្យអង់គ្លេសពេលជាប់ពន្ធនាគារនៅអាមេរិក
- 2015-01-16 12:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គរឿង "កូនមាសម្ដាយ" ខ្លាំងកាព្យអង់គ្លេសពេលជាប់ពន្ធនាគារនៅអាមេរិក
ចន្លោះមិនឃើញ
តួអង្គសំខាន់នៅក្នុងរឿង "កូនមាសម្ដាយ" លោក ខៀវ កុសល វ័យ ៣៥ ឆ្នាំ បានរំដោះខ្លួនចាកឆ្ងាយពីក្រុមជនអន្ធពាល ក្រោយពីការបញ្ចប់ទោសជាប់ពន្ធនាគារនៅរដ្ឋ កាលីហ្វ័រនីញ៉ា ពីបទឧក្រិដ្ឋ ដែលបានប្រព្រឹត្តតាំងពីនៅវ័យជំទង់ និង ត្រូវនិរទេសមកកាន់ស្រុកខ្មែរវិញ ហើយបានក្លាយទៅជាកវីខាងកំណាព្យលំដាប់ពិភពលោកនៅកម្ពុជា តាមរយៈវីដេអូបង្ហោះនៅលើ YouTube ដោយទទួលបានរង្វាន់ពីប្រទេសអាល្លឺម៉ង់ និង ឱកាសចេញទៅសម្ដែងក្នុងព្រឹត្តិការណ៍វប្បធម៌អូឡាំព្យា ទីក្រុងឡុង នាឆ្នាំ ២០១២។
លោក ខៀវ កុសល គឺជា កវីកំណាព្យ ដែលមាននិស្ស័យស្រឡាញ់សិល្បៈ និង អក្សរសាស្ត្រអង់គ្លេសតាំងពីតូច បានប្រើប្រាស់ទេពកោសល្យរបស់ខ្លួនរៀនតែងកំណាព្យជាច្រើននៅក្នុងពន្ធនាគារ ហើយបានពុះពារព្យាយាមបង្ហាញស្នាដៃរបស់ខ្លួនរំលេចចេញនូវក្នុងរឿង "កូនមាសម្ដាយ" ដែលជាខ្សែជីវិតពិតរបស់លោកហើយរឿងនេះក៏ទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ ២០១៣ កន្លងទៅផងដែរ។
តើលោក ខៀវ កុសល ជានរណា? ហេតុអ្វីលោកត្រូវជាប់ពន្ធនាគារនៅរដ្ឋ កាលីហ្វ័រនីញ៉ា? ចង់ដឹងច្បាស់សូមអានប្រវត្តិសង្ខេបរបស់លោកនៅខាងក្រោមនេះ៖
លោក ខៀវ កុសល
លោក ខៀវ កុសល កើតនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៨០ នៅតំបន់ជំរំភៀសខ្លួន នៃព្រំដែនកម្ពុជា-ថៃ។ ឪពុក និង ម្ដាយ កុសល បានចាប់ដៃគ្នានៅឆ្នាំ ១៩៧៩ ហើយបានបន្សល់តំណក់ឈាមកុសល ខណៈម្ដាយកុសល មានកូនស្រី ចំនួន ៦ នាក់ មុនរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្ដែ ប្ដីមុនរបស់ម្ដាយកុសលត្រូវបានសម្លាប់នៅសម័យពុលពត។
នៅក្នុងអំឡុងឆ្នាំ ១៩៨១ ម្ដាយ, បងស្រី ៦ នាក់ និង កុសល ដែលទើបមានអាយុ ១ ខួប បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ឯឪពុកបានទៅរស់នៅប្រទេសបារាំង និង មានប្រពន្ធថ្មី ហើយមានកូនប្រុស ៣ នាក់។ ដូច្នេះ បច្ចុប្បន្ន លោក ខៀវ កុសល មានបងប្អូនសរុបចំនួន ១០ នាក់ គឺបងស្រី ចំនួន ៦ និង ប្អូនប្រុសចំនួន ៣ នាក់។
ការចាកចេញពីប្រទេសកម្ពុជា ដោយផ្ញើវាសនានៅលើទឹកដីមហាអំណាចក៏ពិតមែន ប៉ុន្ដែក្រុមគ្រួសាររបស់លោកមិនខុសពីគ្រួសារជនជាតិអាស៊ីដទៃទៀតនោះឡើយ ដោយត្រូវបានគេចាត់បញ្ជូនឲ្យទៅរស់នៅក្នុងមួយដែលជាតំបន់ក្រីក្រ អនាធិបតេយ្យ និង សម្បូរជើងកាងដែលមកជំរិតទារប្រាក់ជាថ្នូរថ្លៃការពារជាដើម។
“ដើម្បីការពារខ្លួនការពារខ្លួន ការពារមិត្តភ័ក្ដិ ខ្ញុំបានធ្លាក់ខ្លួននៅក្នុងក្រុមបងតូច បងធំ"។ នេះជាការលើកឡើងរបស់ លោក ខៀវ កុសល។
វ័យ ១៦ ឆ្នាំ លោក ខៀវ កុសល បានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយក៏ជាពេលលោកជាប់ទោសឧក្រិដ្ឋនៅក្នុងរឿងបងតូច បងធំ នៅគ្រាដែលលោកបានវាយ និង បាញ់គ្នា ជាមួយក្រុមជនអន្ធពាល។ "ខ្ញុំត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ ព្រោះខ្ញុំបានវាយតប់គ្នា និង ប្រើប្រាស់កាំភ្លើងបាញ់តគ្នា ប៉ុន្តែ គ្មានក្រុមណាស្លាប់នោះទេ ហើយច្បាប់គេបានដាក់ទោសខ្ញុំ។ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនមែនវាយតប់គ្នាព្រោះតែការជំរិតទារប្រាក់អ្វីនោះទេ គឺគ្រាន់តែការពារខ្លួន និង មិត្តភ័ក្ដិ ពីក្រុមបងតូច បងធំ ប៉ុណ្ណោះ"។
នៅក្នុងអំឡុងអនុវត្តន៍ទោសឧក្រិដ្ឋ លោក កុសល បានស្នើសុំគេរៀនបន្ត ហើយខាងរដ្ឋាភិបាលបានអនុញ្ញាត ដោយបានបន្តការសិក្សានៅក្នុងពន្ធនាគាររយៈពេល ២ ឆ្នាំ ទើបខាងពន្ធនាគារលែងឲ្យរៀន។ "ពេលនៅក្នុងគុក ខ្ញុំសុំគេរៀន ខ្ញុំគិតថា បើខ្ញុំអត់រៀនខ្ញុំចេញទៅវិញខ្ញុំនឹងគ្មានអ្វីទាំងអស់ តែសម័យនោះពន្ធនាគារខ្លះបានរៀន ខ្លះអត់ទេ តែខ្ញុំសំណាងខ្ញុំបានរៀន"។
ដោយការស្រឡាញ់ចូលចិត្តសិល្បៈ និង ជំនាញអក្សរសាស្ត្រអង់គ្លេសខ្លះៗ កុសល រមែងតែងនិពន្ធជាពាក្យកាព្យហើយច្រៀង ដោយនៅក្នុងពន្ធនាគារ មានអ្នកជាប់ទោសមួយចំនួនបានកោតសរសើរ កុសល ថា តែង និង ច្រៀងបានល្អ ដូច្នេះហើយកុសលតែងមួយហើយមួយទៀត។ "ខ្ញុំមិនដឹងម៉េចបង ប៉ុន្តែ ខ្ញុំឮគេសរសើរកាន់តែមានកម្លាំងចិត្តខ្ញុំបានប្រឹងប្រែងសរសេរកាន់តែច្រើនឡើង"។
នៅក្នុងអំឡុងឆ្នាំ ២០១១ ក្រោយពីអនុវត្តន៍ទោសអស់រយៈពេល ជាង ១០ ឆ្នាំ លោក ខៀវ កុសល ត្រូវរដ្ឋាភិបាលអាមេរិកនិរទេសមកកាន់ប្រទេសកម្ពុជាដែលលោកមិនធ្លាប់មកពីមុនសោះ។ ចាប់តាំងពីការនិរទេសរបស់ កុសល គឺលោកបានប្រើប្រាស់កំណាព្យដើម្បីលើកស្ទួយស្ថានភាពខ្លួនដើម្បីទាញការចាប់អារម្មណ៍ពីមហាជននៅកម្ពុជា និង អន្តរជាតិ។
នៅមុនមានភាពល្បីល្បាញ លោក ខៀវ កុសល បានទឹកដីនៃប្រទេសកម្ពុជា ដោយពុំមានស្គាល់នរណាម្នាក់សោះ ប៉ុន្តែ បានអង្គការមួយជួយសម្រួល ប៉ុន្តែ លោកបានបណ្ដាំពីឪពុក ម្ដាយ ឲ្យស្វែងរកក្រុមគ្រួសារនៅបាត់ដំបង។ ក្រោយពីបានរស់នៅបាត់ដំបងធ្វើស្រែ ចម្ការ បានមួយរយៈ លោកបានស្នើមករស់នៅរាជធានីភ្នំពេញ ដោយមកបម្រើការងារនៅរោងភាពយន្ត Legend Cinema។ បន្ទាប់មកទៀតធ្វើជាគ្រូបង្រៀនអង់គ្លេសបាន ៦ ខែ ដល់ក្មេងៗ នៅអង្គការ Hope International។
នៅមិនយូរប៉ុន្មានលោក កុសល បានស្គាល់ លោក ម៉ាសាស៊ីរ៉ូ ស៊ុកាណុ ជនជាតិជប៉ុន ដែលជាសមិទ្ធិករធ្លាប់ឈ្នះពានរង្វាន់ជាច្រើនតាំងពីពានរង្វាន់នៅជាសិស្សក្នុងឆ្នាំ ១៩៩៧ មកដល់ពានរង្វាន់ថ្មីបំផុតរបស់លោកនៅឆ្នាំ ២០១៣ ក្នុងនាមជាអ្នកទទួលជំនួយនៃមជ្ឈមណ្ឌលមូលនិធិច្នៃប្រឌិតរបស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ប្រជាជនអាស៊ីអាមេរិក។
នៅទីបំផុតលោក កុសល បានធ្វើឲ្យកក្រើកឆាកអន្តរជាតិរួមនឹងការសម្ដែងផ្ទាល់ ព្រមទាំងវីដេអូនៅលើបណ្ដាញដែលបានចេញផ្សាយដោយមានការជួយជ្រោមជ្រែងពីស្ទូឌីយោ រីវ៉ូល។ កុសលបានទទួលរង្វាន់ការសម្ដែងកំណាព្យល្អបំផុតនៅក្នុងភាពយន្ដសម្រាប់ការសម្ដែងរបស់លោកក្នុងខ្សែភាពយន្ត ដែលដឹកនាំដោយលោក ម៉ាសាស៊ីរ៉ូ ស៊ូកាណុ។
លោក កុសល ច្រៀងជាកាព្យភាសាអង់គ្លេសរៀបរាប់ពីជីវិតពិត ហើយស្រក់ទឹកភ្នែកដាក់មហាជន
ដោយមានការជ្រោមជ្រែងពីក្រុម ស្ទូឌីយោ រីវ៉ូល លោក កុសល ត្រូវបានគេជ្រើសរើសពីក្នុងចំណោមបេក្ខជន ៦០០០ នាក់ ក្នុងការអញ្ជើញឲ្យចូលរួមក្នុងនាមជាកវីកំណាព្យម្នាក់តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌អូឡាំព្យា នាទីក្រុងប៉ារីស ២០១២។
“ខ្ញុំបានទៅចូលរួមនៅទីនោះ ខ្ញុំពិតជាសប្បាយចិត្តណាស់ គេជ្រើសរើសខ្ញុំនៅពេលខ្ញុំផលិតវីដេអូតែងជាកំណាព្យ ហើយគេពេញចិត្តគេបានទាក់ទងខ្ញុំឲ្យទៅចូលរួមនៅទីនោះ។ មុនពេលទៅសម្ដែងនៅអង់គ្លេស ខ្ញុំក៏ធ្លាប់ទទួលពានរង្វាន់ពីអាល្លឺម៉ង់ដែរ"។ កុសល និយាយ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល លោក ខៀវ កុសល ធ្វើដំណើរចាកចេញពីភ្នំពេញទៅចូលរួមកម្មវិធីខាងលើកាលពីឆ្នាំ ២០១២ នោះ លោក កុសល ត្រូវបានឃាត់ខ្លួនអស់ប៉ុន្មានម៉ោង បន្ទាប់ពីទៅដល់ប្រលានយន្តហោះ ប៉ុន្តែតាមសេចក្ដីរាយការណ៍ចុងក្រោយលោក កុសល ក៏ត្រូវបានដោះលែងវិញ ព្រោះតែ លោក កុសល មានឯកសារត្រឹមត្រូវ និង មានអ្នកអញ្ជើញចូលរួមកម្មវិធីខាងលើច្បាស់លាស់។
លោក កុសល ពេលចេញទៅសម្ដែងនៅប្រទេសអង់គ្លេស កាលពីអំឡុងឆ្នាំ ២០១២
ពពកខ្មៅងងឹតដែលបាំងបិទកែវភ្នែកទាំងគូរបស់ កុសល បានរសាត់ទៅឆ្ងាយហើយ ក្រោយពីបានចេញទៅសម្ដែងនៅអង់គ្លេស និង រឿង "កូនមាសម្ដាយ"បានទទួលពានរង្វាន់ជាខ្សែភាពយន្តឯកសារល្អបំផុតប្រចាំឆ្នាំ ២០១៤ ពីសហរដ្ឋ អាមេរិក ក្រោយពីបានយកទៅចាក់បញ្ចាំងលើកដំបូងនៅក្នុងមហោស្រពភាពយន្ត អន្តរជាតិនៃមជ្ឈមណ្ឌលសម្រាប់ការផ្សព្វផ្សាយរបស់ប្រជាជន អាស៊ី-អាមេរិកលើកទី ៣២។ “ខ្ញុំពិតជាសប្បាយចិត្តនៅពេលពួកគេបានគាំទ្ររឿងនេះ ព្រោះវាជារឿងពិតរបស់ខ្ញុំ"។ លោក កុសល និយាយបន្ថែម។
លោក កុសល ក៏បាននិយាយនៅក្នុងក្ដីសង្ឃឹមថា ថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងលុបចោលនូវច្បាប់និរទេសដ៏អយុត្តិធម៌ ដើម្បីឲ្យគ្រួសារអាចជួបជុំគ្នាវិញបាន ខណៈលោកកំពុងរស់នៅក្នុងនាមអ្នកនិរទេសខ្លួនពីអាមេរិកមកកម្ពុជា ហើយលោកត្រូវរស់នៅបែកពីម្ដាយ និង បងស្រីចំនួន ៦នាក់ នៅឯ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
តោះ! ប្រសិនបើប្រិយមិត្តចង់ជ្រាបច្បាស់ ពីជីវប្រវត្តិពិតរបស់ លោក ខៀវ កុសល កុំភ្លេចទៅទស្សនារឿង "កូនមាសម្ដាយ" នៅរោងភាពយន្ដ Major Cineplex by Cellcard ចាប់ពីថ្ងៃទី ២៩ ខែ មករា ខាងមុខនេះ។ ដោយឡែក ខ្សែភាពយន្តនេះ ដែលនឹងត្រូវចាក់បញ្ចាំងជូនជាសាធារណៈចាប់ពីថ្ងៃ សុក្រ ទី ៣០ ខែ មករា នៅរោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និង រោងភាពយន្ត Legend Cinema។ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងយ៉ាងហោចណាស់រយៈពេលពេញមួយសប្ដាហ៍នៅក្នុង រោងភាពយន្តចំនួន ៥ ក្នុង រាជធានីភ្នំពេញ៕
http://youtu.be/rzwzyAZ2LlY
អត្ថបទ៖ ប៊ិន ប៊ុណ្ណា