អតីតគូស្នេហ៍ Britney Spears ត្រូវបាញ់សម្លាប់នៅអាហ្វហ្គានីស្ថាន
- 2015-01-18 22:26:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគូស្នេហ៍ Britney Spears ត្រូវបាញ់សម្លាប់នៅអាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
អាកាសយានិក John Sundahl ដែលជាអតីតគូស្នេហ៍ស្អិតល្មួតរបស់កំពូលតារាចម្រៀងអាមេរិក Britney Spears ត្រូវពួកតាលីបង់ បាញ់មីស៊ីលចំឧទ្ធម្ភាគចក្រធ្លាក់ស្លាប់នៅអាហ្វហ្គានីស្ថាន ពេលកំពុងបញ្ជាការហោះហើរជិតទីក្រុងកាប៊ុល។
លោក John Sundahl និង Britney Spear
លោក John Sundahl បានទាក់ទងគ្នាជាមួយ Britney Spears កាលពីឆ្នាំ ២០០៧ ហើយជាមនុស្សម្នាក់ដែលជួយតារាស្រីអាមេរិករូបនេះជៀសចាកឆ្ងាយពីគ្រឿងញៀន និង គ្រឿងស្រវឹង។ អាកាសយានិកវ័យ ៤៤ ឆ្នាំ បានស្លាប់តាំងពីសប្ដាហ៍មុនម្ល៉េះ ប៉ុន្តែដំណឹងដ៏ក្រៀមក្រំនេះទើបធ្លាក់មកដល់ Britney Spear ដែលធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយព្រោងព្រាត ពីសារព័ត៌មាននានាលើលោក កាលពីប៉ុន្មានម៉ោងមុននេះ។
ប្រភពពីគេហទំព័រ dailymail បានបង្ហាញថា លោក Sundahl និង តារាចម្រៀង Spears បានជួបគ្នានៅកន្លែងទទួលទានគ្រឿងស្រវឹងមិនស្គាល់ឈ្មោះមួយ ក្នុងក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកពួកគេក៏ផ្ដើមមានចំណងស្នេហាជាមួយគ្នា។
Britney Spear
ពេលនោះ លោក Sundahl បានណែនាំ Spears ដែលកំពុងវក់នឹងគ្រឿងស្រវឹងឲ្យបញ្ឈប់ជាបន្ទាន់ បើពុំដូច្នោះទេ នាងនឹងអាចបាត់បង់ជីវិត។ ចាប់តាំងពីមានពាក្យលួងលោម និងណែនាំពីមិត្តប្រុសទើបស្គាល់នោះមក Spears ក៏បញ្ឈប់ជីវិតជាអ្នកប្រមឹករាល់ថ្ងៃទៀត។ យ៉ាងណាក្ដី ចំណងស្នេហ៍ពួកគេទាំងពីរបានប្រេះស្រាំ ក្រោយផ្អែមល្ហែមបានប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែប្រភពមិនបានបង្ហាញមូលហេតុទេ។ ក្រោយពីបែកគ្នា ពួកគេនៅរក្សាចំណងមិត្តភាពដដែល ហើយ Spears ក៏មិនភ្លេច Sundahl ដែលជាអ្នកណែនាំខ្លួនឲ្យផុតពីជីវិតដ៏ខ្មៅងងឹតដែរ។
ប្រភពពី Daily Mirror បានបញ្ជាក់ថា បើទោះជា Sundahl ផ្លាស់ទៅបម្រើការងារនៅអាហ្វហ្គានីស្ថានមែន ប៉ុន្តែលោកនៅតែឆ្លៀតមកជួប Spears កាលពីរដូវក្ដៅ ឆ្នាំ២០១៤។ តារាចម្រៀង Britney Spears ធ្លាប់រៀបការពីរដងរួចមកហើយ និង បន្សល់ទុកកូន ២ នាក់ ហើយចំណងអាពាហ៍ពិពាហ៍ចុងក្រោយគេត្រូវបញ្ចប់ក្នុងឆ្នាំ ២០០៧ មុនពេលជួបលោក Sundahl ដែលទើបបាត់បង់ជីវិតនេះ៕
ចុចអាន៖ ពី ៩៨ ដល់ ២០១៤ Britney Spears ផ្លាស់ប្ដូរយ៉ាងម៉េចខ្លះ?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail