លទ្ធផល​ជំរុញ​ការ​ផលិត​ភាពយន្ត​ចេញ​ហើយ ក្រោយ​សម្ដេច ហ៊ុន សែន ដាក់​បញ្ជា!

  • 2015-01-21 12:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៦​ បាន​អនុម័ត​​​គោលការណ៍ ​៥​ ចំណុច​​ជួយ​ជំរុញ​​ការ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​ ដើម្បី​ឈាន​ទៅ​កាន់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​បរទេស។ ការ​ធ្វើ​នេះ​​ក្រោយ​ពី​ សម្ដេច ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​រៀប​​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​​ដំណើរការ​​ទៅ​មុខ​​​កាន់​តែ​ប្រសើរ។

 

​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ​ លោក ស៊ិន ចន្ទ​សាយ៉ា បាន​ចូល​រួម​​អនុម័ត​គោលការណ៍​ទាំង​ ៥ ​ខាង​លើ​ប្រាប់​ថា កិច្ច​ប្រជុំ​មាន​​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​  ជា​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​​ក្រសួង​ ដោយ​មាន​​ការ​ចូល​រួម​ពី​ ក្រសួង​​ព័ត៌មាន ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ ក្រសួង​អប់រំ​​​យុវជន និង​ កីឡា​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងធម្មការ​ និង ​កិច្ច​ការ​សាសនា​ ក្រសួង​ទេសចរណ៍  និង​ ស្ថាប័ន​ពាក់ព័ន្ធ​​មួយ​ចំនួន​ទៀត ព្រមព្រៀង​លើ​គោលការណ៍​ ៥​ ចំណុច​ដើម្បី​ជួយ​ដល់​ផលិតករ​កំពុង​ជួប​ប្រទះបញ្ញា​ផលិតកុន រួម​នឹង​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ជាតិ។

 

សកម្មភាពថត​ភាពយន្ត​របស់​ផលិតករ​ខ្មែរ កាល​ពី​ពេល​ថ្មីៗ

 

គោលការណ៍​ទាំង ​៥ មាន​ដូច​ជា៖

 

ទី ១ រដ្ឋ​នឹង​បង្កើត​មូលនិធិ​បដិភាគ​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​​សិល្បៈ​ខ្មែរ ដោយ​រដ្ឋ​ជួយ​​ដល់​ផលិតករ និង ​ការ​ផលិត​កម្មវិធី​ក្នុង​ស្រុក។

 

ទី ២ រដ្ឋ​លើក​ទឹក​ចិត្ត និង​ គាំទ្រ​រាល់​ការ​ផលិត​ស្នាដៃ​ក្នុង​ស្រុក ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​បរទេស។

 

ទី ៣ រដ្ឋ​នឹង​មិន​យក​ពន្ធ​ទេ រាល់​ការ​ទិញ​សម្ភារៈ​បច្ចេកទេស​​មក​ពី​បរទេស។

 

ទី ៤ ពន្ធអាករ ១០ % រដ្ឋ​ព្យួរ​ទុក​ដដែល

 

ទី ៥ រដ្ឋ​នឹង​សម្របសម្រួល​ទីតាំង​ និង ​រមណីយដ្ឋាន​នានា ដល់​ផលិតករ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ថត​ខ្សែ​ភាពយន្ត។

 

លោក ស៊ិន ចន្ទ​សាយ៉ា បន្ត​គោលការណ៍​ទាំង ​៥ ​ចំណុច​ដែល​ក្រសួង​ពាក់ព័ន្ធ​​បាន​អនុម័ត បាន​ដាក់​ឆ្លង​ទៅ​សម្ដេច ហ៊ុន សែន រួច​ហើយ។ ក្នុង​​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​យល់​ព្រម​ចំណុច​ទាំង​នោះ​ផង​ដែរ។

 

ប្រធាន​នាយកដ្ឋាន​​រូប​នេះ​​​បង្ហាញ​ជំនឿ​​​ថា គោលការណ៍​ទាំង​ ៥ ចំណុច​ខាង​លើ​នឹង​​​ជួយ​សម្រួល​ការងារ​ផលិតករ​បាន​ច្រើន រួម​នឹង​ការ​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ថែម​ទៀត។

 

​ពាក់ព័ន្ធ​នឹង​គោលការណ៍ ៥​ ចំណុច ​​​លោក ឆាយ បូរ៉ា ផលិតករ និង ​ជា​ចាងហ្វាង​ផលិតកម្ម ដើម​ត្នោត ហើយ​ជា​ប្រធាន​សមាគម​ផលិត​ភាពយន្ត​ខ្មែរ បាន​សាទរ​ចំណុច​សំខាន់​ទាំង ៥​ ខាង​លើ។ ក៏ប៉ុន្តែ​លោក​ចង់​ឱ្យ​​ផលិតករ​ចូល​រួម​ជជែក​បន្ថែម​ទៀត​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ ដើម្បី​ធ្វើ​យ៉ាង​​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ទាំង​មូល​កាន់​តែ​ប្រសើរ​ឡើង។

 

លោក ឆាយ បូរ៉ា បញ្ជាក់​ដូច្នេះ​ថា៖ "យើង​គ្រាន់​តែ​ដឹង​គោលការណ៍​ចម្បងៗ តែ​យើង​អត់​ដឹង​ចំណុច​លម្អិត​មួយៗ​ឱ្យ​ច្បាស់​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ឱ្យ​មាន​​វេទិកា​មួយ​ទៀត​ជជែក​ជា​មួយ​ផលិតករ​នានា ដើម្បី​ឱ្យ​ស៊ី​ជម្រៅ​ជាង​នេះ"។

 

 

ក្រុម​ផលិតករ​លើក​ឡើង​ពី​បញ្ហា​ពន្ធ​កាន់​ទុក ថ្ងៃ​សម្ពោធ​រឿង បង្គោលគ្រាក់​សង្កត់​វិញ្ញាណ នា​ពេល​ថ្មីៗ

 

ដោយ​ឡែក​ លោក ប៉ុល វិបូ ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម  Angkor Picture បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ពេល​ដឹង​រដ្ឋាភិបាល​ញាប់ដៃញាប់ជើង​ ដោយ​បាន​​អនុមតិ​ចេញ​​ជា​គោលការណ៍​ទាំង ​៥​ ឡើង។

 

លោក​បាន​លើក​ឡើង​ថា៖"ក្នុង​ចំណោម​គោលការណ៍​ទាំង៥ មាន​ពីរ​ចំណុច​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​គឺ រឿង​សម្រួល​ទីតាំង​ថត និង​ការ​ទិញ​សម្ភារៈ​បច្ចេកទេស​ពី​បរទេស​ដោយ​មិន​បង់​ពន្ធ ល្អ​មែន​ទេន។ ពីរ​ចំណុច​ទៀត​​ខ្ញុំ​មិន​ទាន់​​ហ៊ាន​ថា​ទេ ព្រោះ​មិន​ទាន់​ដឹង​លម្អិត ហើយ​ចំណុច​មួយ​ទៀត​រឿង​ ពន្ធ​​ ១០ ​ភាគ​រយ​ខ្ញុំ​​លែង​និយាយ​ហើយ​ ព្រោះ​រដ្ឋ​គាត់​តម្រូវ​​អ៊ីចឹង"។

 

ផលិតករ​រូប​នេះ​ បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ភាពយន្ត ក៏​ដូច​ជា​ទុក្ខ​លំបាក​ផលិតករ។ ទន្ទឹម​នឹង​នេះ ​លោក​​ក៏​ស្នើ​ដល់​​រាជរដ្ឋាភិបាល​​ពង្រីក​ដែន​អាជីវកម្ម​ភាពយន្ត​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​ឱ្យ​បាន​ច្រើន​ថែម​​ទៀត។

 

កាល​ពី​ចុង​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​ ក្នុង​សម័យ​ប្រជុំ​​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង និង ​ផ្នែក​​ពាក់​ព័ន្ធ​​ ធ្វើ​​យ៉ាង​ណា​​រិះ​រក​វិធី​​ជំរុញ​លើក​ទឹក​ចិត្ត​​ដល់​ការ​​ផលិត​ខ្សែ​ភាព​​យន្ត​ និង ​សិល្បៈ​ខ្មែរ​ ទាំង​បរិមាណ​ និង​គុណ​ភាព​ ក្នុង​គោល​ដៅ​​កាត់​បន្ថយ ការ​នាំ​ចូល​​សិល្បៈ​ភាព​យន្ត​ពី​បរទេស៕

 

អានអត្ថបទបន្ត៖កូន​ប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ទទួល​មរណភាព​មុន​​នេះ!

អានអត្ថបទបន្ត៖ វណ្ណា ពិសិដ្ឋ​ មាន​អនុស្សាវរីយ៍​ ជូរចត់​បំផុត​​​ពេល​រួម​ការងារ​

អានអត្ថបទបន្ត៖ ដឹង​ថា ករុណា ពេជ្រ បាន​លុយ​មក​ពី​ណា​ខ្លះ ដើម្បី​ទិញ​ផ្ទះ​​វិឡា​

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី