ដឹងថា ករុណា ពេជ្រ បានលុយមកពីណាខ្លះ ដើម្បីទិញផ្ទះវិឡាដ៏ស្កឹមស្កៃដូច្នេះ?
- 2015-01-20 17:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា ករុណា ពេជ្រ បានលុយមកពីណាខ្លះ ដើម្បីទិញផ្ទះវិឡាដ៏ស្កឹមស្កៃដូច្នេះ?
ចន្លោះមិនឃើញ
តារាចម្រៀង ករុណា ទើបតែបានរៀបចំពិធីឡើងគេហដ្ឋានថ្មីតម្លៃរាប់សិបម៉ឺនដុល្លាររបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅនេះ មជ្ឈដ្ឋានមួយចំនួន បានដាក់ជាចម្ងល់លើកឡើងថា តើតារាខាងលើមានប្រាក់ពីណា ទិញផ្ទះវិឡាដ៏ស្កឹមស្កៃបែបនេះ?
“បើត្រឹមតែច្រៀងនោះ ខ្ញុំមិនអាចរត់រួចទេ ប៉ុន្តែខ្ញុំមានមុខរបរផ្សេងទៀតដែរ ហើយអាចបានចំណូលខ្លះទៀតផ្សំគ្នា"។ នេះបើតាមការបញ្ជាក់របស់ ករុណា ពេជ្រ មកកាន់Sabay កាលពីពេលថ្មីនេះ។
តារាចម្រៀងខាងលើ បន្ថែមថា ក្រៅពីអាជីពចម្រៀងនៅក្នុងផលិតកម្ម Town រូបគេនៅមានការងារផ្សេងៗទៀតដែរដូចជា កន្លែងស្តុកចែកចាយទំនិញ, ជាអ្នកទទួលរៀបចំឆាកតន្ត្រីកម្មវិធីនានា និង មានភាគហ៊ុនតិចតួចនៅក្នុងផលិតកម្មផងដែរ។ ទាំងនេះជាប្រភពចំណូល ដែលអាចរ៉ាប់រងការបង់រំលោះថ្លៃផ្ទះប្រចាំខែបាន ស្របពេលដែលផ្ទះល្វែងចាស់ក៏បានដាក់ជួលបានចំណូលខ្លះទៀតផង។
ទោះបីជាយ៉ាងណា តារាចម្រៀងល្បីឈ្មោះ ករុណា ពេជ្រ បានបញ្ជាក់ថា មិនអាចប្រាប់តម្លៃពិតប្រាកដនៃផ្ទះវិឡាមួយនេះបានទេ ដោយទុកឲ្យមហាជនជាអ្នកវិនិច្ឆ័យទៅវិញ។ ប៉ុន្តែកន្លងមកធ្លាប់មានការចុះផ្សាយជាហូរហែថា វីឡារបស់ ករុណា ពេជ្រ ស្ថិតក្នុងបុរីពិភពថ្មីនេះ មានតម្លៃប្រហែលកន្លះលានដុល្លារអាមេរិក។
ម្យ៉ាងទៀត ករុណា ពេជ្រ អះអាងថា ខ្លួនមិនមានលុយទាំងដុលទៅទិញវិឡានោះទេ ដោយត្រូវបង់រំលោះប្រមាណ ២០០០ ដុល្លាររៀងរាល់ខែ និង មានរយៈពេល ១៧ ឆ្នាំឯណោះ។ ហើយមកដល់ពេលនេះ រំលោះបានប្រហែលជាង ៣៥% ហើយនៃតម្លៃសរុប។
តារាចម្រៀងរូបនេះបញ្ជាក់ថា៖ "ខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ពេលណា ចាំបង់ផ្ដាច់ពេលនោះក៏បាន មិនចាំបាច់ដល់ពេលកំណត់ទេ ព្រោះស្ថិតលើការជជែកគ្នារួចហើយ"។
ករុណា ពេជ្រ ឲ្យដឹងទៀតថា ប្រសិនបើការងារទាំងអស់ដំណើរការល្អហើយនោះ ក៏ដល់ពេលដែលត្រូវគិតពីរឿងអនាគត។ រូបគេមានគម្រោងរៀបការប្រពន្ធនៅ ៣ ឆ្នាំក្រោយ ជាមួយនារីម្នាក់មិនស្ថិតនៅក្នុងចង្កោមសិល្បៈនោះទេ។ ដោយឡែកសម្រាប់វិស័យចម្រៀង ករុណា ពេជ្រ ទើបបានចេញលក់អាល់ប៊ុមមួយ ជាលក្ខណៈសាច់រឿងជាមួយ សុគន្ធ និសា និង លោក BIG ក្នុងផលិតកម្មTown។ បទចម្រៀងទាំងអស់ នឹងចេញជា MV ឆាប់ៗនេះផងដែរ៕
អានអត្ថបទ៖ ជាងកន្លះខែដើមឆ្នាំ ២០១៥ មាន ១២ រឿងស្នើសុំទិដ្ឋាការពីនាយកដ្ឋានភាពយន្ត!
អានអត្ថបទ៖ ក្លាយជាតារាចម្រៀងអាជីព ប្រុក ចាន់ថន បារម្ភរឿងសិក្សា
អត្ថបទ៖ សំ ជំនាញ