ក្លាយជាតារាចម្រៀងអាជីព ប្រុក ចាន់ថន បារម្ភរឿងសិក្សា
- 2015-01-20 12:30:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាតារាចម្រៀងអាជីព ប្រុក ចាន់ថន បារម្ភរឿងសិក្សា
ចន្លោះមិនឃើញ
លោក ប្រុក ចាន់ថន អតីតបេក្ខភាពធ្លាក់ពីកម្មវិធី The Voice Cambodia ហើយត្រូវបានផលិតកម្ម BKS ជ្រើសរើសឲ្យច្រៀងក្នុងផលិតកម្ម បច្ចុប្បន្នចាប់ផ្ដើមមានទីផ្សារបណ្ដើរៗហើយ ប៉ុន្តែ តារាចម្រៀងម្នាក់នេះ បែរជាបារម្ភពីការសិក្សារបស់ខ្លួនទៅវិញ។ ទោះបីជាពិការភ្នែកមើលឃើញតិចៗបែបណាក្ដី លោក ប្រុក ចាន់ថន មិនបានចុះចាញ់វាសនានោះទេ បច្ចុប្បន្នលោកកំពុងតែសិក្សាថ្នាក់ទី ១២ នៅវិទ្យាល័យមួយក្នុងទីរួមខេត្តកំពង់ចាម។ ចាន់ថន បានលើកឡើងថា ដោយសារតែឆ្នាំនេះ ជាឆ្នាំត្រូវប្រលងបាក់ឌុប លោកត្រូវការពេលច្រើនដើម្បីសិក្សា ប៉ុន្តែ រាល់ថ្ងៃមិនសូវមានពេលគ្រប់គ្រាន់ឡើយ ព្រោះជារឿយៗលោកត្រូវឡើងមកភ្នំពេញ ដើម្បីច្រៀងឲ្យផលិតកម្មក៏ដូចច្រៀងនៅតាមការប្រគំតន្ត្រីផ្សេងៗ។ http://youtu.be/SRAur2AZfBI
តារារូបនេះបានបន្តថា តាំងពីបោះជំហានចូល BKS មក លោកមានឱកាស បានចេញច្រៀងនៅ តាមស្ថានីយទូរទស្សន៍ ក៏ដូចជា តាមការប្រគំតន្ត្រីផ្សេងៗជាបន្តបន្ទាប់។
រហូតមកទល់នឹងពេលនេះ លោកមានបទចម្រៀងផ្ទាល់ខ្លួន ចំនួន៣ បទ ក្នុងនោះ ២ បទ គ្រោងចេញលក់នៅថ្ងៃសម្ពោធផលិតកម្ម នាថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥ ខាងមុខនេះ។ ចំណែក ១ បទទៀត ត្រៀមចេញលក់នៅវ៉ុលបន្ទាប់។ ២ បទដែលត្រៀមលក់នោះមានបទ "ពិការកាយតែមិនពិការចិត្ត" ដែលជាបទនិយាយពីជីវិតពិតរបស់លោកផ្ទាល់ និង បទ "សង្សារខ្ញុំប្រពន្ធមិត្តភ័ក្ដិ " ចំណែក ១បទទៀត " និស្សិតជនបទ" ។
ចាន់ថន បានលើកឡើងថា ដោយសារតែលោកជាតារាចម្រៀងបែបនេះ លោកគ្រូ អ្នកគ្រូ បានអនុគ្រោះច្រើន តែបែបនេះក្ដី លោកនៅតែបារម្ភ ព្រោះពេលដែលប្រលងថ្នាក់ជាតិ គឺទាមទារសមត្ថភាពពិតៗ ទើបអាចប្រឡងជាប់៕
អត្ថបទ៖ ខុត សីហា