ប្រេងចាប់ឡើងថ្លៃវិញ ក្រោយស្ដេចអារ៉ាប៊ីសាអ៊ូឌីតសោយទិវង្គត
- 2015-01-23 18:35:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេងចាប់ឡើងថ្លៃវិញ ក្រោយស្ដេចអារ៉ាប៊ីសាអ៊ូឌីតសោយទិវង្គត
ចន្លោះមិនឃើញ
តម្លៃប្រេងបានស្ទុះឡើងវិញបន្តិច ក្រោយព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត សោយទិវង្គតនៅព្រលឹមថ្ងៃសុក្រនេះ។ នៅតាមបណ្ដាប្រទេសមហាអំណាចនានាដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសជាដើម តម្លៃប្រេងសុទ្ធតែមានការប្រែប្រួល បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីត ប្រកាសពីដំណឹងដ៏ក្រៀមក្រំនៃការបាត់បង់ព្រះអង្គព្រះជន្ម ៩០ព្រះវស្សា Abdullah bin Abdul Aziz Al Saud។
ព្រះអង្គ Abdullah bin Abdul Aziz Al Saud ដែលទើបសោយទិវង្គតនៅព្រឹកនេះ
តម្លៃប្រេងនៅទីក្រុង New York សហរដ្ឋអាមេរិក បានកំណត់ឡើងថ្លៃ ៣,១ភាគរយ ចំណែកនៅក្រុងឡុងដុងចក្រភពអង់គ្លេស កំណត់ឡើងថ្លៃ ២,៦ភាគរយ។ ភាពរង្គោះរង្គើនៃតម្លៃប្រេងនេះអាចនៅមានបន្តទៅទៀត ដោយសារអតីតព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាបុគ្គលមួយរូបដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា។ អារ៉ាប៊ីសាអ៊ូឌីត គឺជារដ្ឋផលិតប្រេងធំជាងគេ នៅក្នុងអង្គការបណ្ដាប្រទេសអ្នកនាំចេញប្រេង(OPEC) ឯព្រះអង្គ Abdullah ក៏ជាតួអង្គសំខាន់មួយអង្គក្នុងការកំណត់ជោគវាសនាតម្លៃប្រេងផងដែរ។
លោក Neil Beveridge ជាអ្នកវិភាគមកពីក្រុមហ៊ុនស្រាវជ្រាវវិនិយោគ Sanford C. Bernstein & Co ដែលមានមូលដ្ឋាននៅហុងកុង បានបញ្ជាក់ថា ”ការបាត់បង់ព្រះអង្គ Abdullah នឹងធ្វើឲ្យតម្លៃប្រេងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ហើយអាចនឹងប្រែប្រួលនៅពេលឆាប់ៗខាងមុខ"។ លោកបានបន្តទៀតថា "ខ្ញុំមិនរំពឹងមានការផ្លាស់ប្ដូរគោលនយោបាយឆាប់ៗនេះទេ ប៉ុន្តែការបាត់បង់ព្រះមហាក្សត្រ គឺចំពេលប្រកួតប្រជែងសម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត"។
តម្លៃប្រេងឆៅបានដាំក្បាលចុះលឿនបំផុតស្ទើរមិនគួរឲ្យជឿ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ មូលហេតុនៃការធ្លាក់ចុះនេះ ដោយសារសហរដ្ឋអាមេរិកដែលជាអ្នកនាំចូលប្រេងធំបំផុតលើលោក បានបង្កើនការផលិតដោយខ្លួនឯង ធ្វើឲ្យប្រទេសមួយចំនួនបាត់បង់ទីផ្សារ។ ចំណែកសេដ្ឋកិច្ចប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសមួយចំនួនទៀត កំពុងជួបភាពទន់ខ្សោយ ជាហេតុធ្វើឲ្យការប្រើប្រាស់ប្រេងក្នុងចង្វាក់ផលិតកម្មធ្លាក់ចុះ។ ចំពោះប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអ៊ូឌីត នៅតែសម្រុកចម្រាញ់ប្រេង បើទោះ OPEC ស្នើឲ្យកាត់បន្ថយ ដើម្បីបង្កើនតម្លៃយ៉ាងណាក៏ដោយ។
ការផ្គត់ផ្គង់កាន់តែកើនឡើង ឯតម្រូវការពីប្រទេសនានាកាន់តែធ្លាក់ចុះ ជាហេតុនាំឲ្យមានការប្រកួតប្រជែងដណ្ដើមទីផ្សារកាន់តែខ្លាំង ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះអត់ឈប់ឈរ។ យ៉ាងណាមិញ មានការសន្និដ្ឋានមួយចំនួនថា មហាអំណាចសេរីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត អាចព្រួតដៃគ្នា ទម្លាក់តម្លៃប្រេង ដើម្បីធ្វើបាបរុស្ស៊ី និងអ៊ីរ៉ង់។ ទោះបែបនេះក្ដី ភាគរយអាចមានតិចណាស់ ដោយសារប្រទេសមហាអំណាចទាំងពីរហាក់មិនសូវសហប្រតិបត្តិការគ្នាបានល្អនោះទេ ហើយរុស្ស៊ីក៏មិនអាចថមថយកម្លាំងដោយសារតែខាតបង់ទៅលើការធ្លាក់ចុះតម្លៃប្រេងដែរ៕
ប្រធានាធិបតីអាមេរិក និងព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត
ចាំមើល តើស្ថានភាពនឹងទៅជាយ៉ាងណា? ចំណែកឯព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតថ្មី ព្រះនាមSalman នឹងយឺតយោងស្ថានការណ៍បានដែរ ឬទេ?
ចុចអាន៖ មូលហេតុនៅពីក្រោយការធ្លាក់ចុះតម្លៃប្រេងលើទីផ្សារ
ដោយ៖ គង់ វិសាល ប្រភព៖ bloomberg