និស្សិត​កសិកម្ម​មែន ប៉ុន្តែ​ស្នាដៃ​សិល្បៈ​​មិន​ណយ​ទេ អ្នក​ប៉ៃលិន​រូប​នេះ

  • សៅរ៍, 24 មករា 2015 13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ជំនាញ​កសិកម្ម​លោក សួន វណ្ណនី (ឈ្មោះ​ហៅ​ក្រៅ Nam Bank) អត់​ទៅ​ធ្វើ​ការងារ​តាម​ជំនាញ​ទេ ប៉ុន្តែ​មក​និពន្ធ​បទ​ចម្រៀង​បង្ហោះ​តាម Youtube ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ដែល​បទ​ស្នាដៃ​ដំបូង​របស់​លោក​មាន​ចំណង​ជើង​ថា "បំភ្លេច​បង​ចុះ"។

 

 

វណ្ណនី វ័យ ២៦​ឆ្នាំ ថ្លែង​ថា បទ​ខាង​លើ​នេះ លោក​និពន្ធ​ថ្មី​ដោយ​ខ្លួន​ឯង​សុទ្ធ​សាធ មិន​មាន​ចម្លង​ពី​ខាង​ណា​ឡើយ និង​ច្រៀង​ខ្លួន​ឯង​ទៀត ហើយ​ថា ការងារ​នេះ គឺ​ជា​ចំណូល​ចិត្ត និង​ជា​និស្ស័យ​របស់​លោក​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ។ "និយាយ​ទៅ​តាំង​ពី​តូច​ៗ​ម្ល៉េះ​បង​ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​ណាស់ ដោយ​សារ​នៅ​ស្រុក​ភូមិ​ខ្ញុំ​ហៅ​ថា​ភូមិ​សិល្បៈ មាន​ពូ​មីង​បង​ៗ​អី គាត់​ចេះ​ជំនាញ​សិល្បៈ​ច្រើន ក៏​ចេះ​តែ​សួរ​ពួក​គាត់​ថា​អាហ្នឹង​គេ​ធ្វើ​ម៉េច​អី​ម៉េច ផ្សំ​នឹង​យើង​មាន​ទេពកោសល្យ​ផង យូរ​ៗ​ក៏​ចេះ​ទៅ!”។

 

ដោយ​សារ​និស្ស័យ និង​ជំនាញ​ផង វណ្ណនី ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ក្រុម​សិល្បៈ​ប្រចាំ​មហាវិទ្យាល័យ​ទៀត។ ក្រៅ​ពី​នេះ​លោក ក៏​បាន​​ជួយ​បង្រៀន​សិស្ស​ប្អូន​របស់​លោក​មួយ​ចំនួន​អំពី​ការ​លេង​ហ្គីតា​ដែរ​។ បើ​ទោះ​មាន​និស្ស័យ និង​ទេពកោសល្យ​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង ប៉ុន្តែ​យុវជន​វ័យ ២៦​ឆ្នាំ​រូប​នេះ ប្រាប់​ថា លោក​ទើប​តែ​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង​ក្រោយ​ការ​សិក្សា​ឈាន​ដល់​ឆ្នាំ​ទី​៤​ប៉ុណ្ណោះ។

 

វណ្ណនី ថ្លែង​ថា លោក​នៅ​សល់​បទ​ចម្រៀង​ជាង​១០​បទ​ទៀត ត្រៀម​បញ្ចេញ​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។ វិល​មក​គោល​បំណង​នៃ​ការ​បញ្ចេញ​ស្នាដៃ​សិល្បៈ​នេះ គឺ​លោក​គ្រាន់​តែ​ធ្វើ​តាម​និស្ស័យ និង​ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​បង​ប្អូន​បាន​ស្ដាប់​កម្សាន្ត។ ម្យ៉ាង​ក៏​ចង់ រួម​ចំណែក​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ដោយ​ខ្លួន​ឯង មិន​ចម្លង​ពី​គេ​ដែរ។  

  វិល​មក​សំណួរ​ថា​តើ ទៅ​ថ្ងៃ​មុខ​លោក​ប្រាថ្នា​ការងារ​សិល្បៈ​អាជីព​ឬ​អត់? វណ្ណនី ព្រលយ​ថា បច្ចុប្បន្ន​លោក​កំពុង​គ្រប់​គ្រង​ជំនួញ​គ្រួសារ​នៅ​ប៉ៃលិន ប៉ុន្តែ​ក៏​មិន​ទាត់​ចោល​ដែរ បើ​ឱកាស​មក​ដល់។ "ខ្ញុំ​អត់​ចង់​និយាយ​ថា​ម៉េច​ទេ​នា​ពេល​នេះ ប៉ុន្តែ​បើ​អ្វី​ៗដើរ​ទៅ​ផ្លូវ​ហ្នឹង(សិល្បករ​អាជីព) ចរចា​គ្នា​បាន​បង(សើច)!។

 

លោក សួន វណ្ណនី នៅ​ប្រាប់​ថា លោក​ក៏​ទើប​ជាប់​ក្នុង​ការ​ធ្វើ​តេស្ដ​សមត្ថភាព​ជាមួយ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ដែរ ក្នុង​ចំណោម​បេក្ខជន ២២​នាក់។ ប៉ុន្តែ​មិន​បាន​ចូល​រួម​ទៅ​វិញ ដោយ​សារ​រាំង​ស្ទះ​ដោយ​កិច្ចការ​មួយ​ចំនួន។ វណ្ណនី មាន​ស្រុក​កំណើត​នៅ​ខេត្ត​ប៉ៃលិន ហើយ​ឪពុក​ម្ដាយ​របស់​លោក​សុទ្ធ​ជា​មន្ត្រី​រាជការ។ លោក មាន​បង​ប្អូន​ចំនួន ៥នាក់(ស្រី​២ប្រុស​៣) លោក​ជា​កូន​ពៅ។ អ្នក​ស្រុក​ប៉ៃលិន​រូប​នេះ ប្រាប់​ថា ក្នុង​ចំណោម​បង​ប្អូន​របស់​លោក​ទាំង​អស់​សុទ្ធ​តែ​មាន​ទេពកោសល្យ​សិល្បៈ ប៉ុន្តែ​មិន​មាន​នរណា​ប្រឡូក​ចូល​សិល្បៈ​ទេ គឺ​សុទ្ធ​ជា​ធ្វើ​ការ និង​ធ្វើ​ជំនួញ៕

 

 តោះ...ស្ដាប់​ស្នាដៃ​ទី​១​របស់ វណ្ណនី យ៉ាង​ណា​​ដែរ​ប៉ុណ្ណឹង!

 

http://youtu.be/9WcAuR0Ww-U

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី