តោ​ស្ទុះ​ឱប​អ្នក​ជួយ​សង្គ្រោះ​ជីវិត មើល​ទៅ​គួរ​ឲ្យ​រំភើប​ចិត្ត

  • 2015-01-25 15:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ញី​មួយ​ក្បាល​ហាក់​សម្ដែង​ការ​ដឹង​គុណ​ខ្លាំង​ពេក​ក្រៃ​ចំពោះ​អ្នក​ជួយ​​សង្គ្រោះ​ជីវិត​ខ្លួន ព្រោះ​រាល់​ពេល​ដែល​គេ​មក​លេង តោ​នេះ​តែង​ស្ទុះ​ឱប​ដោយ​កាយវិការ​រីករាយ និង​នឹក​រលឹក។ តោ​ដ៏​គួរ​អាណិត​នេះ​ឈ្មោះ Sirga ត្រូវ​ហ្វូង​បោះ​បង់​ចោល​កំព្រា​ម្នាក់​ឯង តែ​​បុរស​ចិត្ត​ធម៌​ឈ្មោះ Valentin Gruener ជួយ​សង្គ្រោះ រើស​មក​ចិញ្ចឹម​ក្នុង​អង្គការ​មួយ។

 

 

​វីដេអូ​នេះ មើល​ទៅ​គួរ​ឲ្យ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ទិដ្ឋភាព​តោ​ហក់​មក​ឱប​អ្នក​ជួយ​យ៉ាង​ពេញ​ទំហឹង ដោយទឹក​មុខ​ដូច​ជា​ញញឹម និង​សប្បាយ​រីករាយ។ វីដេអូ​មិត្តភាព​ចាក់​ទឹក​មិន​លិច​​រវាង​តោ Sirga និង​លោក Valentin Gruener បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​អ្នក​ទស្សនា​លើ​យូធូប ជិត ១០​លាន​ដង។

 

http://youtu.be/m7ZiTr1EUgY

 

មិត្តភាព​មិន​អាច​កាត់​ផ្ដាច់​បាន​រវាង​តោ និង​មនុស្ស​នេះ កើត​ឡើង​នៅ​ពេល​តោ Sirga ធ្លាក់​ខ្លួន​ត្រូវ​ហ្វូង​បោះ​បង់​ចោល​កណ្ដោចកណ្ដែង​តែ​ម្នាក់​ឯង និង​ប្រឈម​មុខ​ជាមួយ​សេចក្ដី​ស្លាប់​នៅ​ទី​វាល​ដ៏​ធំធេង។ សំណាង​ល្អ លោក Valentin Gruener បាន​ជួយ​សង្គ្រោះ និង​យក​មក​ចិញ្ចឹម​នៅ​ក្នុង​អង្គការ​ការពារ​សត្វព្រៃ Modisa នៅ​ប្រទេស​បុតស្វាន់ណា។

 

 

ពេលវេលា​ចេះ​តែ​កន្លង​ទៅ ភាព​ស្និទ្ធស្នាល​ក៏​កាន់​តែ​ខ្លាំង​ឡើង ហើយ​រាល់​ពេល​លោក Valentin បើក​ទ្វារ​ទ្រុង តោ​ញី​តែង​លោត​មក​ឱប​ដោយ​ការ​នឹក​រលឹក។ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល ៣​ឆ្នាំ​ហើយ តោ​កំព្រា​បាន​ឡើង​ទម្ងន់​រហូត​ដល់ ១៤០​គីឡូក្រាម។ ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ទៅ​ថ្ងៃ​ក្រោយ តោ​គួរ​ឲ្យ​អាណិត​នេះ ត្រូវ​បុរស​ចិត្ត​ធម៌​បង្រៀន​ឲ្យ​ចេះ​ប្រមាញ់​ចំណី​ដោយ​ខ្លួន​ឯង​។ សាច់​រឿង​ដ៏​រំជួល​ចិត្ត​រវាង​តោ Sirga និង​លោក Valentin ត្រូវ​គេ​ចង​ក្រង​ជា​ឯកសារ និង​គ្រោង​ផលិត​ចេញ​ជា​ខ្សែ​ភាព​យន្ត​ផង​ដែរ៕

 

ចុចអាន៖ តាម​ពិត កំពូល​អ្នក​ថត​ត្រូវ​ខ្លាឃ្មុំ​ដេញ គឺ​ជា​រូប​កាត់ត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ mirror

អត្ថបទថ្មី