Van Persie មិនច្បាស់អនាគតនៅ Man Utd ព្រោះធ្លាក់ទម្រង់លេង
- 2015-01-27 17:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Persie មិនច្បាស់អនាគតនៅ Man Utd ព្រោះធ្លាក់ទម្រង់លេង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Robin van Persie បានបញ្ជាក់ថារូបលោកមិនច្បាស់ថាក្លិប Manchester United នឹងបន្តកុងត្រាជាមួយខ្លួនទៀតឬអត់នោះទេនៅពេលខាងមុខ ព្រោះរដូវកាលនេះរូបគេធ្លាក់ទម្រង់លេងខ្លាំងណាស់។
Van Persie ដែលជាអ្នកជិតស្និទ្ធនឹងលោក Van Gaal បាននិយាយថា៖ “ឆ្នាំនេះខ្ញុំចូលលេងបាន២០ប្រកួត និងរកគ្រាប់បាល់បាន៨គ្រាប់ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តនឹងរឿងនេះទេ ព្រោះខ្ញុំចង់ធ្វើឱ្យល្អជាងនេះ។ ក្រុមយើងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ក៏ដូចជាយកជ័យជម្នះទៅលើក្រុមដទៃ ប៉ុន្តែយើងបែរជាធ្វើមិនបានសម្រេច។ ខ្ញុំដឹងថារឿងនេះ ខ្ញុំក៏មានកំហុសដែរ ព្រោះខ្ញុំមានតួនាទីជាខ្សែប្រយុទ្ធ ឬអាចនិយាយបានថាជាអ្នករកគ្រាប់បាល់។ ២ប្រកួតចុងក្រោយដែលខ្ញុំមិនអាចជួយក្រុមនិងរកគ្រាប់បាល់បាន ខ្ញុំតែងតែដាក់សំនួរសួរខ្លួនឯងរហូតថាតើនេះជាកំហុសរបស់ខ្ញុំម្នាក់ឯងឬអត់”។
បន្ថែមពីលើនេះ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះក៏បានលើកជាឧទាហរណ៍ដែរថា៖ “ដូចកាលប្រកួតជាមួយ Cambridge អៃចឹង ខ្ញុំមិនគិតថាខ្ញុំគួរតែបន្ទោស Di Maria ឬនរណាម្នាក់នោះទេ ព្រោះប្រកួតនោះយើងពិតជាធ្វើមិនបានល្អមែន។ យើងមានឱកាសច្រើនតែបែរជាធ្វើមិនបានសម្រេច។ មួយវិញទៀតដូចការប្រកួតជាមួយ Spurs ខ្សែបម្រើ Carrick បានបោះបាល់ឱ្យខ្ញុំយ៉ាងស្អាតតែបែរជារូបខ្ញុំមិនអាចរកគ្រាប់បាល់បានទៅវិញ។ ទាំងនេះគឺមានន័យថាបច្ចុប្បន្ននេះ ខ្ញុំពិតជាធ្លាក់ទម្រង់លេងមែន ប៉ុន្តែខ្ញុំមិនអស់សង្ឃឹមនោះទេ ខ្ញុំត្រូវតែប្រឹងប្រែងហ្វឹកហាត់ឡើងវិញបន្តទៀត ដើម្បីឈានដល់ចំណុចកំពូលដូចលើកមុន”។
ខ្សែប្រយុទ្ធជម្រើសជាតិហុល្លង់រូបនេះ ត្រូវបានក្រុមបិសាចក្រហមទិញពី Arsenal មកនៅឆ្នាំ២០១២ក្នុងតម្លៃខ្លួន២៤លានផោន (៣៦,២លានដុល្លារអាមេរិក) ដែលមានកុងត្រារយៈពេល៤ឆ្នាំ។ នេះមានន័យថាកីឡាកររូបនេះនឹងអស់កុងត្រារបស់គេនៅឆ្នាំ២០១៦ខាងមុខនេះហើយ ប៉ុន្តែខាងក្លិប Man Utd មិនទាន់បានដាក់សំណើបន្តកុងត្រាទៀតនោះទេ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ manutd