ច្បាស់​ការ​​ហើយ...ពេជ្រ សោភា ចូល​រោងការ​ខែ​កុម្ភៈ!

  • 2015-01-27 21:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ច្បាស់​ការ​មួយ បាន​ប្រាប់​មក Sabay ថា​កញ្ញា ពេជ្រ សោភា តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស នឹង​ចូល​រោងការ​នៅ​ដើម​ខែ​ក្រោយ​នេះ​ហើយ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ កុម្ភៈ ២០១៥។

 

ប្រាប់​ច្បាស់​ដូច្នេះ ប្រភព​ថ្លែង​ថា ខ្លួន​គេ​ទទួល​បាន​លិខិត​អញ្ជើញ​ពី​តារា​ស្រី​របស់​ហង្សមាស​រួច​ហើយ ប៉ុន្តែ​មិន​ច្បាស់​ថា​ភ្ញៀវ​កិត្តិយស​ប៉ុន្មាន​តុ​នឹង​ត្រូវ​អញ្ជើញ​នោះ​ទេ។ តាម​ព័ត៌មាន​ពី​លិខិត​អញ្ជើញ​ដែល​ប្រភព​ផ្ដល់​ឲ្យ កូន​កំលោះ​របស់​នាង​មាន​ឈ្មោះ​ថា ឡៅ ឆលី ឯ​កូន​ស្រី​ឈ្មោះ ស៊ូ សោភា ដែល​គេ​ដឹង​ថា​ជា​ឈ្មោះ​ដើម​របស់ ពេជ្រ សោភា។

 

 

ពិធី​ពិសា​ភោជនីយ​អាហារ​ជប់​លៀង​មង្គល​ការ​របស់ ពេជ្រ សោភា នឹង​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​អគារ C។ បើ​ទោះ​មាន​ព័ត៌មាន​ច្បាស់​ពី​ប្រភព​ខាង​លើ​ផ្ដល់​ឲ្យ Sabay ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ​រូប​នេះ មិនព្រម​ឆ្លើយ​លម្អិត​ទេ។ ពេជ្រ សោភា គ្រាន់​តែ​ទទួល​ស្គាល់​ថា នាង​ជិត​រៀប​ការ​មែន ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថ្ងៃ​ទេ។

 

"ចា៎...មែន ប៉ុន្តែ​អត់​ទាន់​ច្បាស់​ថា​ថ្ងៃ​ណា​ទេ តិច​ច្រឡំ​ណា...(សើច)"។ និយាយ​បាន​តែ​ប៉ុណ្ណេះ សោភា ប្រាប់​ថា​ជាប់​រវល់ រួច​ក៏​បិទ​ទូរសព្ទ​បន្ទាប់​ពី​ជួប​នឹង​សំណួរ​សួរ​ពី​អត្តសញ្ញាណ​អនាគត​ស្វាមី​កញ្ញា។

 

នៅ​មុន​ដល់​ថ្ងៃ​ដើរ​ចែក​ធៀប​ការ​នា​ពេល​នេះ ពេជ្រ សោភា បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ២០១៤។ កាល​ណោះ ភ្លាម​ៗ​មិន​សូវ​មាន​នរណា​ដឹង​ទេ​ថា នាង​ភ្ជាប់​ពាក្យ​ឡើយ រហូត​ទាល់​តែ​ព័ត៌មាន​ធ្លាយ​ចេញ​លើ​បណ្ដាញ​សង្គម។

 

 

ពេជ្រ សោភា និង​គូដណ្ដឹង​ ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៤(រូប​ថត៖ FB)

 

បន្ទាប់​ពី​បែក​ធ្លាយ កញ្ញា ពេជ្រ សោភា ក៏​បាន​ចេញ​មុខ​មក​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បាន​ភ្ជាប់​ពាក្យ​មែន​ក្រោយ​បាន​សេពគប់​មើល​ចិត្ត​ថ្លើម​គ្នា​៣-៤​ឆ្នាំ​រួច​មក។ ប៉ុន្តែ​មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​គូ​ដណ្ដឹង​ឡើយ។ យ៉ាង​ក៏​ដោយ ព័ត៌មាន​បាន​បែក​ធ្លាយ​ចេញ​មក​ទៀត​ថា គូ​ដណ្ដឹង​របស់​នាង មាន​ឈ្មោះ លី ដូច​នឹង​ឈ្មោះ​កូន​កំលោះ​របស់​នាង​នៅ​ពេល​នេះ ហើយ​លោក​មាន​វ័យ​ជាង ៣០​ឆ្នាំ។

 

តាម​ព័ត៌មាន​បន្ត​ទៀត លោក លី គឺ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​ជា​បុគ្គល​មាន​មុខមាត់​ម្នាក់​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​ត្បិត​លោក​រស់​នៅ​សហរដ្ឋអាមេរិក​មែន ព្រោះ​នៅ​ទី​នោះ លោក​គឺជា​មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ប្រលាន​យន្តហោះ​មួយ​ក្នុង​ក្រុង​ហ្វីឡាដែលហ្វៀ​ផង។

 

កញ្ញា ពេជ្រ សោភា ធ្លាប់​បាន​ភ្ជាប់​ពាក្យ​រួច​ម្ដង​ហើយ​ជាមួយ​បុរស​ជា​អាណិកជន​ខ្មែរ​ដែរ​ឈ្មោះ ប៊ុន ចន ប៉ុន្តែ​ហៀប​នឹង​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ពួក​គេ​បាន​បែក​គ្នា​វិញ៕

 

ធៀបការកញ្ញា ពេជ្រ សោភា ដែល​ប្រភព​ផ្ដល់​ឲ្យ​

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី